Chelsea ចំណាយ​ប្រាក់​ដល់​ទៅ​152​លាន​ដុល្លារ​ដើម្បី​ពង្រឹង​ក្លិប

ទីភ្នាក់ងារ​ព័ត៌មាន «​តេ​ឡេ​ក្រា​ហ្វ​» របស់​អង់គ្លេស ផ្សាយ​ថា ក្នុង​រដូវ​កាល​នេះ លោក​រ៉ូ​ម៉ា​ន់ អា​ប្រា​ម៉ូ​វិច ប្រធាន​ក្លិប Chelsea អាច​ខាតបង់​ប្រាក់ ១០០​លាន​ផោន ឬ​១៥២​លាន​ដុល្លារ ដែល​ការ​ខាតបង់​ដំបូង​គឺ​ការ​បណ្ដេញ​លោក​ចូ​សេ ម៉ូ​រី​ញ៉ូ ចេញពី​តំណែង​គ្រូបង្វឹក រួម​ទាំង​ត្រូវ​ប្រឈម​មុខ​លើ​ការ​ទិញ​កីឡាករ​ក្នុងអំឡុងពេល​បើក​ទីផ្សារ​ទិញ​លក់​កីឡាករ​ជុំ​ទី​២ នៅ​ខែមករា ខាង​មុខ ។

ក្លិប Chelsea ទើប​ចាញ់​ក្លិប Stoke City ១-០ កាលពី​យប់​ថ្ងៃ​ទី​៧ វិច្ឆិកា ២០១៥ បណ្ដាល​ឱ្យ​ស្ថិតិ​ចាញ់​មាន​ចំនួន​៧​លើក​ពី​ការ​ប្រកួត​១២​លើក មាន​១១​ពិន្ទុ ស្ថិត​នៅ​លំដាប់​លេខ​១៦​នៃ​តារាង​ប្រឺ​មី​ញេ​លី​ក អង់គ្លេស ។ កាលពី​ខែសីហា កន្លង​មក ក្លិប Chelsea ទើប​ផ្ដល់​កុងត្រា​រយៈពេល​៤​ឆ្នាំ​ដល់​លោក​ម៉ូ​រី​ញ៉ូ ក្រោយ​ពី​ដឹកនាំ​ក្លិប​ល្អ​ក្លាយជា​ជើងឯក​២​ក្របខ័ណ្ឌ​ក្នុង​ឆ្នាំ​កន្លង​ទៅ​។
ប្រសិនបើ​មានការ​បណ្ដេញ​លោក​ចេញ​មែន ក្លិប​ត្រូវ​បង់ប្រាក់​សំណង​១០​លាន​ផោន ។

លើស​ពី​នេះ ប្រសិនបើ​លោក​អា​ប្រា​ម៉ូ​វិច មិន​ប្រើ​គ្រូបង្វឹក​បច្ចុប្បន្ន ឬ​ត្រូវ​លុប​ចោល​កិច្ចសន្យា នោះ​គោលដៅ​ដំបូង​គឺ​លោក​ឌី​យេ​ហ្គោ សី​ុ​មេ​អូ​នេ គ្រូបង្វឹក​ក្លិប At-Madrid មាន​តម្លៃ​ប្រហែល​១៥​លាន​ផោន ដោយ​មិន​ទាន់​រាប់​បញ្ចូល​លោក​ហ្គ័​រ​ម៉ា​ន បួ​ហ្គូ​ស ជា​សមាជិក​ដៃស្ដាំ​គ្រូបង្វឹក ព្រោះ​អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ មិន​ចេះ​និយាយ​ភាសា​អង់គ្លេស ។

ប្រសិនបើ «​តោ​ខៀវ​» Chelsea បាន​គ្រូបង្វឹក​ថ្មី​ដូច​ជា​លោក​ស៊ីមេ​អូ​នេ ឬ​លោក​ប៉េ​ប ក្វា​ឌី​យ៉ូ​ឡា​របស់​ក្លិប Bayern Monich ដល់​ពេល​នោះ មហាសេដ្ឋី​រុ​ស្ស៊ី​ជា​ម្ចាស់​ក្លិប​ត្រូវ​ចំណាយ​ប្រាក់​បន្ថែម​ទិញ​កីឡាករ​ស្វាគមន៍​ឆ្នាំ​ថ្មី​២​រូប​របស់​ក្លិប At-Madrid គឺ​អង់​ទួន គ្រី​ស្មាន ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​បារាំង តម្លៃ​៣៥​លាន​ផោន ឬ​ហ្គោ​ហ្គេ ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ាញ មាន​តម្លៃ​៤០​លាន​ផោន ។