ផា ផា​ន់​ណា​ក់ និង​សាន ឡាក់​ហា​យ ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ស៊ី​ធី​អិន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ថ្មី ផា ផា​ន់​ណា​ក់ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​សាន ឡាក់​ហា​យ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ បាន​ធ្វើ​ឱ្យ​ទស្សនិកជន​មានការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​ប្រកួត​របស់​ពួក​គេ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន កាលពី​ថ្ងៃអាទិត្យ ទី​៨ វិច្ឆិកា ដែល​ហាក់បីដូចជា​មាន​គំនុំ​នឹង​គ្នា​តាំងពី​ពេល​ណា​មក​អ​ញ្ចឹ​ង។

អ្នក​ទាំង​២​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទេ តែ​ពួក​គេ​វាយ​គ្នា​ប្រៀប​បាន​នឹង​គូសត្រូវ​ស៊ីសាច់ហុតឈាម ។ ជាក់ស្តែង​គ្រាន់តែ​ចូល​ដល់​ទឹក​ទី​១​ភ្លាម ផា ផា​ន់​ណា​ក់ បាន​ដើរ​ចូល​វាយ​សន្ធាប់​ដូច​ព្យុះ​ធ្វើ​ឱ្យ​គូប្រកួត​ដែល​មិន​ទាន់​មានការ​ប្រុង​ប្រយ័ត្ន​នៅឡើយ​ស្រឡាំងកាំង​ប្រឹង​លោត​គេច​ចេញ​ទាំង​ភ្នែក​នៅ​កញ្ចឹងក ។ ប៉ុន្តែ សាន ឡាក់​ហា​យ មិនធម្មតា​នោះ​ទេ បន្ទាប់​ពី​ដកថយ​គេច​ចេញពី​ការ​វាយលុក​របស់​គូប្រកួត គេ​បាន​ស្ទុះ​ចូល​វាយ​កែង​និង​ជង្គង់​សង​វិញ​ភ្លាម​ៗ​មិន​ទុក​ឱកាស​ឱ្យ​ផា ផា​ន់​ណា​ក់ ធ្វើ​ព្យុះ​ភ្លៀង​មក​លើ​រូបគេ​ស្រេច​តែ​ចិត្តបាន​ឡើយ ។ ចូល​ដល់​ទឹក​ទី​២ ស្ថានភាព​ប្រកួត​រវាង​គូ​នេះ​នៅ​មិន​ទាន់​មាន​ខាង​ណា​មាន​ប្រៀប​ជាង​ខាង​ណា​ឡើយ លុះ​ចូល​ដល់​ទឹក​ទី​៣ ផា ផា​ន់​ណា​ក់ បាន​បុក​មួយ​ជង្គង់​ចូល​ពោះ​ទឹក​សាន ឡាក់​ហា​យ យា​៉​ង​ពេញទំហឹង​បណ្តាល​ឱ្យ​ដួល​ត្រូវ​អាជ្ញាកណ្តាល​រាប់​ដល់​៨ ទើប​គេ​អាច​ក្រោក​ប្រកួត​វិញ​បាន​។ នៅ​ទឹក​ទី​៤ ផា ផា​ន់​ណា​ក់ កាន់តែ​បង្កើន​ការ​វាយលុក​ខ្លាំង​ជាង​មុន​ក្នុង​គោលបំណង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​តាមតែ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​មិន​អាច​ទៅ​រួចឡើយ​ដោយសារ​សាន ឡាក់​ហា​យ គេច​ផុត
រហូត ។ ការ​ប្រកួត​ឈាន​ចូល​ដល់​ទឹក​ទី​៥ ផា ផា​ន់​ណា​ក់ បាន​ធ្វើ​ឱ្យ​មាន​កំហុស​ដោយ​ការ​វាយ​ថែម​គូប្រកួត​ពីក្រោយ​ធ្វើ​ឱ្យ​សាន ឡាក់​ហា​យ ដួល​សន្លប់​ក្រោក​លែង​រួច ទើប​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រកាស​ឱ្យ​សាន ឡាក់​ហា​យ ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ។

ក្រៅពី​គូ​ជក់ចិត្ត​នេះ​ទៅ​នៅ​លើ​សង្វៀន​ដដែល កីឡាករ​ប្រាក់ វិបុល មក​ពី​ក្លិប​តា​ឯក​មាន​រិ​ទ្ធ ក៏​មាន​វាសនា​មិន​ខុស​ពី​កីឡាករ​ផា ផា​ន់​ណា​ក់ ប៉ុន្មាន​ដែរ ដោយសារ​តែ​បាន​វាយ​ថែម​ទៅ​លើ​កីឡាករ​គុ​ជ វាសនា មក​ពី​ក្លិប​គជសារ​កីឡា ត្រូវ​អាជ្ញាកណ្តាល​ប្រកាស​ឱ្យ​ចាញ់​នៅ​ក្នុង​ទឹក​ទី​១ ដោយ​ស្វ័យប្រវត្តិ ។ កីឡាករ​ប៊ិ​ត ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន បាន​យកឈ្នះ​កីឡាករ​ផា​ន ចំណាន មក​ពី​ក្លិប​រាជសីហ៍​ខេត្តរតនៈគិរី ដោយ​ពិន្ទុ ។ កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ផ្តួល​កីឡាករ គឿ​ម សុវណ្ណ​នឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ខេត្តពោធិ៍សាត់ ឱ្យ​សន្លប់​នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥ និង​គូ​ចុង​ក្រោយ​កីឡាករ​ពេជ្រ ប៊ុ​ន​ឆេ​ន មក​ពី​មជ្ឈមណ្ឌល​កីឡា ខ​.​ភ​.​ម បាន​យកឈ្នះ​ពិន្ទុ​កីឡាករ​ម៉​ន ខួច មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ៕