លទ្ធផល​ប្រកួត​បាល់ទាត់​អន្តរក្រសួង​-​ស្ថាប័ន​ស​ប្ដា​ហ៍​ទី​3

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​អន្តរក្រសួង​-​ស្ថាប័ន​ឆ្នាំ​២០១៥ បាន​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៣​ហើយ ។ សម្រាប់​ការ​ប្រកួត​កាលពី​ថ្ងៃ​សុក្រ​ទី​៦ វិច្ឆិកា កន្លង​មកនេះ មាន​ទាំងអស់​២​ប្រកួត​ជា​លទ្ធផល​ក្រុម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​យកឈ្នះ​ក្រុម​ក្រសួង​កិច្ចការ​នារី​២-០ ខណៈ​មួយ​ប្រកួត​ទៀត​ក្រុម​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​យកឈ្នះ​ក្រុម​ក្រសួង​អភិវឌ្ឍន៍ជនបទ​៣-១ ។ ក្រុម​ទាំង​៤​នេះ ទើបតែ​ប្រកួត​បាន​១​លើក​ម្នាក់​ប៉ុណ្ណោះ ហើយ​ក្រុម​ដែល​ឈ្នះ​ទទួល​បាន​៣​ពិន្ទុ ។

ចំណែក​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ទី​៧ វិច្ឆិកា ដែល​មាន​២​ប្រកួត​ដែរ​នោះ​ជា​លទ្ធផល​ក្រុម​សាលា​រាជធានី​ភ្នំពេញ​បាន​យកឈ្នះ​ក្រុម​ក្រសួងពាណិជ្ជកម្ម​៤-១ និង​មួយ​ប្រកួត​ទៀត​ក្រុម​ក្រសួងយុត្តិធម៌​បាន​យកឈ្នះ​ក្រុម​សាលាដំបូង​រាជធានី​ភ្នំពេញ​៣-២ ។ ក្រុម​សាលា​រាជធានី​ភ្នំពេញ​ប្រកួត​បាន​២​លើក​ឈ្នះ​ទាំង​២​លើក​មាន​៦​ពិន្ទុ ដែល​លើក​ទី​១​ឈ្នះ​ក្រុម​ក្រសួងយុត្តិធម៌​៤-៣ ។ ចំណែក​ក្រុម​ក្រសួងពាណិជ្ជកម្ម សាលាដំបូង​រាជធានី​ភ្នំពេញ និង​ក្រសួងយុត្តិធម៌ ទើបតែ​ប្រកួត​បាន​មួយ​លើក​ម្នាក់​ដូច​គ្នា ប៉ុន្តែ​មាន​តែ​ក្រុម​ក្រសួងយុត្តិធម៌​ប៉ុណ្ណោះ​ដែល​មានសំណាង​រកបាន​៣​ពិន្ទុ ។

គួរ​រំលឹក​ផង​ដែរ​ថា ការ​ប្រកួត​បាល់ទាត់​អន្តរក្រសួង​-​ស្ថាប័ន​លើក​ទី​៣​នេះ មាន​ក្រុម​ចំនួន​២៥​ចូលរួម​ប្រកួត និង​ធ្វើ​ឡើង​តាម​រូបមន្ត​ជម្រុះ​វិល​ជុំ ដើម្បី​រក​ក្រុម​ឈ្នះ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​រហូត​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​ជើងឯក​ប្រចាំឆ្នាំ​២០១៥​។ ការ​ប្រកួត​ចាប់ផ្ដើម​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៣ តុលា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២០ ធ្នូ ខាង​មុខ​នេះ ៕