ក្រសួងការងារ ថ្លែងការណ៍ ស្តីពីឧបទ្ទវហេតុ គ្រោះថ្នាក់ ក្រឡាប់រថយន្ត នៅចំណុច ជ្រោះតាតៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញ សេចក្តីថ្លែងការណ៍មួយ ដោយសម្តែងក្តី រន្ធត់ និងការសោកស្តាយចំពោះ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចជ្រោះតាតៃ ខេត្តកោះកុង ដែលបណ្តាលឱ្យកម្មករសំណង់៣នាក់ ស្លាប់ និង១៥នាក់ រងរបួសធ្ងន់ស្រាល នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

ក្រសួងការងារ បានសម្តែងនូវទុក្ខក្រៀមក្រំ ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយ ក្រុមគ្រួសារ និងញាតិមិត្តទាំងអស់របស់ជនរងគ្រោះ។ យ៉ាងណាក៏ដោយ ក្រសួងការងារ បានអះអាង ថា ខ្លួននឹងសហការជាមួយសមត្ថកិច្ច ដើម្បីពិនិត្យដោះស្រាយ ទៅលើករណីនេះ។

សូមជំរាបថា នៅវេលាម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ មានរថយន្តដឹកកម្មករ សំណង់មួយ គ្រឿងទម្ងន់៥តោន បានក្រឡាប់នៅលើផ្លូវជាតិលេខ៤៨ នៅចំណុចជ្រោះតាតៃ ស្ថិតនៅក្នុងស្រុក កោះកុង ខេត្តកោះកុង បណ្តាលឱ្យកម្មករ៣នាក់ស្លាប់នៅនឹងកន្លែង និង១៥នាក់រងរបួសធ្ងន់ស្រាល។ សមត្ថកិច្ច បានអះអាងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលមកពីរថយន្តដាច់ហ្វ្រាំង។

ខាងក្រោមនេះសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ៖

ក្រសួងការងារ ថ្លែងការណ៍ ស្តីពីឧបទ្ទវហេតុ គ្រោះថ្នាក់ ក្រឡាប់រថយន្ត នៅចំណុច ជ្រោះតាតៃ