លោក កែម ឡី ៖ នយោបាយនៅភូមា និងថៃ ជាកត្តាស្លាប់រស់ នៃនយោបាយខ្មែរ

ភ្នំពេញ ៖ អ្នកវិភាគនយោបាយនៅកម្ពុជា មិនសន្សំចៃមាត់ លោក កែម ឡី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួន នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់លោកថា នយោបាយនៅភូមា និងថៃ ជាកត្តាស្លាប់រស់នៃនយោបាយខ្មែរ ។

ការលើកឡើង របស់អ្នកវិភាគរូបនេះ ស្របពេលដែលប្រទេសភូមា កំពុងដំណើរការប្រកាស នូវលទ្ធផលបោះ ឆ្នោត នៅថ្ងៃទី៩ ខែវិច្ឆិកា បន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ម្សិលមិញ ។

លោក កែម ឡី បានលើកឡើង ក្នុងហ្វេសប៊ុកថា “ករណីរបបយោធាភូមា ទទួលលទ្ធផលបោះឆ្នោត ២០១៥នេះ និងប្រទេសថៃ រៀបចំបោះឆ្នោតជាថ្មីនៅឆ្នាំ២០១៦ កម្ពុជាអាចមានការផ្លាស់ប្តូរមុខមាត់ថ្មី ដែលមេដឹកនាំពិបាក បំផុត ក្នុងការប្រើប្រាស់សារនយោបាយ គំរាមពលរដ្ឋខ្មែរពីរឿងសង្គ្រាម និងចៀសមិនផុត ពីការរៀបចំយន្តការ ផ្ទេរអំណាចដោយសន្តិវិធី នៅថ្នាក់មូលដ្ឋាននៅឆ្នាំ២០១៧ និងថ្នាក់ជាតិនៅ២០១៨” ។

អ្នកវិភាគរូបនេះបន្ថែមថា មេដឹកនាំដែលឆ្លាត ជាមេដឹកនាំដែលចុះចេញពីអំណាច ពេលដែលខ្លួនមានអំណាច បំផុត និងមានប្រជាប្រិយភាពបំផុត ។

សូមបញ្ជាក់ថា លោក Win Htein អ្នកនាំពាក្យរបស់ គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំ ដោយលោកស្រី អ៊ុងសាន ស៊ូជី បានឲ្យដឹងថា ពេលនេះគណបក្សរបស់លោក បានឈ្នះជាង ៨០ភាគរយ នៃ ចំនួនសន្លឹកឆ្នោត ដែលបានរាប់ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ។

បច្ចុប្បន្ននេះភូមា មានសភាជាតិ ចំនួន ៤៤០អាសនៈ សភាតាមតំបន់មានចំនួន ៦៥២អាសនៈ និងព្រឹទ្ធសភា ចំនួន ២២៤អាសនៈ។ ក្នុងនោះរដ្ឋធម្មនុញ្ញភូមាសព្វថ្ងៃ បានកំណត់ថា នៅក្នុងអាសនៈទំាង ៤៤០ ដែលមាននៅ ក្នុងរដ្ឋសភាជាតិ មានអាសនៈចំនួន ២៥ភាគរយ ត្រូវកក់ទុកសម្រាប់កងទ័ពជាស្វ័យប្រវត្តិ ដោយមិនបាច់បោះ ឆ្នោត មានន័យថា ក្នុងចំនួនអាសនៈទំាង៤៤០ គឺមានតែ ៣៣០អាសនៈប៉ុណ្ណោះ ដែលដាក់ឲ្យមានការបោះឆ្នោត ប្រកួតប្រជែង រវាងគណបក្សនយោបាយថ្ងៃនេះ ៕

លោក កែម ឡី ៖ នយោបាយនៅភូមា និងថៃ ជាកត្តាស្លាប់រស់ នៃនយោបាយខ្មែរ