លោក ថោង ខុន ៖ ត្រូវ​រួម​គ្នា​ថែ​រក្សា​វប្ប​ធម៌​សន្ទនា និង​រក្សា​សន្តិភាព

កំពង់ធំ៖ ថ្លែងទៅកាន់សិស្សប្រមាណ១០០នាក់ នៅមជ្ឍមណ្ឌលអភិវឌ្ឍហ៊ុន សែន ទី៥ស្ថិតនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងទៅ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយ ខេត្តកំពង់ធំ បានអំពាវនាវឲ្យប្រជាពលរដ្ឋ រួមទាំងសមាជិក គណបក្សនយោបាយទាំងអស់រួមគ្នា គាំទ្រនូវវប្បធម៌សន្ទនា ដើម្បីរក្សាសុខសន្តិភាព សម្រាប់ប្រទេសជាតិ ។

លោក ថោង ខុន បានលើកឡើងថា សុខសន្តិភាពមិនមែនកើតឡើងដោយឯកឯង និងងាយស្រួលនោះទេ ហើយបើតាមប្រវត្តិសាស្រ្ត ប្រទេសកម្ពុជា ការបែកបាក់ផ្ទៃក្នុងជម្លោះរវាងអ្នកនយោបាយធ្វើឲ្យកើតជាសង្គ្រាមបង្ហូរឈាមឥតឈប់ឈរ ធ្វើឲ្យប្រជាពលរដ្ឋស្លាប់ ប្រទេសជាតិរងមហន្តរាយ។ ដូច្នេះហើយ ទើបសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដើមគំនិតបង្កើតនូវវប្បធម៌សន្ទនា រវាងអ្នកនយោបាយរួមចំណែក អនុវត្តនយោបាយ ឈ្នះឈ្នះ ព្រោះថាមានតែវប្បធម៌សន្ទនា និងនយោបាយឈ្នះឈ្នះនោះ ហើយទើបប្រទេសជាតិទទួលបានសន្តិសុខ និងសន្តិភាពពេញលេញដូចសព្វថ្ងៃ ។

លោក ថោង ខុន បានបញ្ជាក់ថា វប្បធម៌សន្ទនាគឺជាគន្លឹះសំខាន់ដើម្បីជាស្ពានឲ្យអ្នកនយោ បាយមានការពិភាក្សាគ្នាជៀសវាងការដើរវាយប្រហារគ្នា តាមទីសាធារណៈ ឬញុះញង់បង្កជាបាតុភាព ឬបាតុកម្មដែលនាំឲ្យមានការខូចខាតទ្រព្យសម្បត្តិ បាត់បង់អាយុជីវិតប្រជាពលរដ្ឋថែមទៀត ។ លោកបន្តថា អ្នកតំណាងរាស្រ្ តជាតំណាងប្រជាពលរដ្ឋ ដូច្នេះពេលប្រជុំសភាម្ដងៗប្រសិនបើមានរឿងអ្វីកើតឡើងត្រូវជជែកគ្នាក្នុងសភា មិនត្រូវវាយប្រហារគ្នា តាមទីសាធារណៈឡើយ ។

យ៉ាងណាក៏ដោយលោករដ្ឋមន្រ្តីបានអះអាងថា នយោបាយឈ្នះឈ្នះ និងវប្បធម៌សន្ទនាដែលបង្កើតឡើងដោយការខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីរក្សាសុខសន្តិភាពនៅកម្ពុជា ព្រោះថាបើគ្មានសុខសន្តិភាពក៏គ្មានលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសនោះទេ ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវបន្តគាំទ្រ និងពូនជ្រុំនូវវប្បធម៌សន្ទនា ក៏ដូចជានយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីរក្សាធ្លុងសាមគ្គីជាតិ និងបញ្ចៀសនូវ សង្រ្គាមបង្ហូរឈាមគ្នា ។

លោក ថោង ខុន បានអះអាងថា ការស្វែងរកសន្តិភាព ការរក្សាសន្តិភាពមិនមែនជាភាពងាយស្រួល ហើយអ្នកណាក៏ធ្វើបានទេ ព្រោះប្រវត្តិសាស្រ្ត បានបង្ហាញថា មានតែសម្ដេច ហ៊ុន សែន មួយគត់ដែលជាអ្នកដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ រក្សាបានសុខសន្តិភាពយូរឆ្នាំដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ។ ដូច្នេះយើងទាំងអស់គ្នាត្រូវដឹងអំពីប្រវត្តិសាស្រ្ត និងសច្ចៈភាពនៃនយោបាយ និងការដឹកនាំរបស់សម្ដេច ហ៊ុន សែន ដែលមិនអាចខ្វះបានក្នុងនយោបាយ និងការដឹកនាំនៅកម្ពុជា៕