ភាគី​ពាក់ព័ន្ធ​ឯកភាព​លើ​លទ្ធផល​វាយ​តម្លៃ​ផល​ប៉ះពាល់​ពី​គម្រោង​អាជីវកម្ម​រ៉ែ​មាស​នៅ​រតនគិរី

សហគមន៍​អ្នក​រង​ផល​ប៉ះពាល់​ពី​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្ត​រតនគិរី និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ បាន​ឯកភាព​លើ​លទ្ធផល​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញ​លេញ​នៃ​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold)។ លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម នឹង​ត្រូវ​បញ្ជូន​ទៅ​មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ​វាយ​តម្លៃ​បន្ថែម​ទៀត មុន​នឹង​សម្រេច​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម។

មន្ត្រី​ជំនាញ​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន និង​មន្ត្រី​ផ្នែក​បរិស្ថាន និង​សង្គម នៃ​ក្រសួង​បរិស្ថាន រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​រតនគិរី បាន​ចូលរួម​កែ​សម្រួល​បន្តិចបន្តួច​លើ​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ហេតុ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញ​លេញ ទាក់ទិន​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន មេស្កូ ហ្គោល ប្រទេស​ឥណ្ឌា ដែល​គ្រោង​នឹង​បង្កើត​ឧស្សាហកម្ម​រ៉ែ​មាស​នៅ​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។

កិច្ច​ប្រជុំ​ផ្លាស់ប្ដូរ​យោបល់​ទាក់ទិន​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​វាយ​តម្លៃ​ដូច​គ្នា​នេះ ត្រូវ​បាន​លើក​ឡើង​នៅ​ភូមិ​ពាក់ លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ដោយ​មាន​តំណាង​សហគមន៍ និង​មន្ត្រី​ភូមិ​ចូលរួម ក្រោម​ការ​រៀបចំ​ដោយ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ ស៊ី.អ៊ី.អេស (CES) សហការ​ជាមួយ​ក្រសួង​បរិស្ថាន។

មន្ត្រី​មូលដ្ឋាន​ឃុំ​យ៉ាទុង លោក រចំ ជើង ចាត់​ទុក​ការ​ប្រជុំ​ពិភាក្សា​ទាំង​ពីរ​លើក​នេះ​ថា អ្នក​ភូមិ​មាន​ការ​យល់​ដឹង​ច្រើន​ទាក់ទង​គម្រោង​អភិវឌ្ឍន៍ និង​ដំណោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ។ ហេតុ​នេះ អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់ បាន​ទទួល​យក​សំណង​ស្ដីពី​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ និង​ដោយឡែក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​ឯកភាព​ទៅ​នឹង​លទ្ធផល​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញ​លេញ ដែល​ក្រុមហ៊ុន​បាន​ផ្សព្វផ្សាយ​ចុង​ក្រោយ​នេះ៖ «និយាយ​ថា​អត់​មាន​បញ្ហា​ត្រូវ​ចោទ ព្រោះ​ក្រុមហ៊ុន​គេ​បាន​សិក្សា​សព្វ​បែប​ពី​ការ​ប៉ះពាល់។ អត់​មាន​រឿង​តវ៉ា​អ្វី​ទេ បើ​តាម​យើង​សង្កេត​មើល ព្រោះ​ផល​ប៉ះពាល់​គេ​សង​សំណង​អស់​ហើយ អត់​មាន​អ្នក​តវ៉ា​បាតុកម្ម​ទេ»

ចំណែក​អភិបាល​រង​ខេត្ត​រតនគិរី លោក យឹម ផែន បញ្ជាក់​ដែរ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចូលរួម​ពិគ្រោះ​យោបល់​ស្ដីពី​លទ្ធផល​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញ​លេញ​របស់​ក្រុមហ៊ុន​រួច​ហើយ។ លោក​បន្ត​ថា អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​គាំទ្រ​គម្រោង​នេះ ពីព្រោះ​គម្រោង​នេះ​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន៖ «ចំពោះ​អាជ្ញាធរ បើ​និយាយ​ទៅ​អាជ្ញាធរ​ចូលរួម​តាំង​ពី​ឃុំ-ស្រុក ក៏​គេ​មិន​ជំទាស់​ទេ វា​មាន​ផល​ប្រយោជន៍​ទៅ​ខាង​ប្រជាពលរដ្ឋ»

សហគមន៍​ភូមិ​ពាក់​ខេត្ត​រតនគិរី ៦២០
សហគមន៍​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ប្រជុំ​ពិភាក្សា​ជំហាន​ទី​ពីរ ស្តី​ពី​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ក្រុមហ៊ុន មេសស្កូ ហ្គូល (MESCO Gold) នា​សាលា​ប្រជុំ​ភូមិ​ពាក់ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA/Ratha Visal

ក្រសួង​រ៉ែ និង​ថាមពល គ្រោង​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ មេស ហ្គោល (Meas Gold) របស់​ប្រទេស​ឥណ្ឌា មាន​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ភូមិ​ពាក់ ស្រុក​អូរយ៉ាដាវ លើ​ផ្ទៃ​ដី​ខាង​លើ ៥០​ហិកតារ ជម្រៅ​ចុះ​ទៅ​ក្រោម​ដី ៣០​ម៉ែត្រ និង​ទំហំ​វិនិយោគ​ក្រោម​ដី ១២​គីឡូ​ម៉ែត្រ​ការ៉េ បន្ទាប់​ពី​ក្រុមហ៊ុន អង្គរ ហ្គោល (Angkor Gold) របស់​ប្រទេស​អូស្ត្រាលី បាន​សិក្សា​ស្រាវជ្រាវ​រយៈពេល​ជាង ១០​ឆ្នាំ​រក​ឃើញ​ថា តំបន់​នោះ​មាន​សក្ដានុពល​រ៉ែ​មាស។ ក្រសួង​សាមី​នេះ ក៏​ទុក​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន មេស្កូ ហ្គោល សិក្សា​ហេតុ​ប៉ះពាល់​ផ្នែក​បរិស្ថាន​ពេល​លេញ និង​ការ​ផ្តល់​យោបល់​ពី​ក្រសួង​បរិស្ថាន។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ កាល​ពី​ខែ​កុម្ភៈ បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ថា តំបន់​នោះ​មាន​សក្ដានុពល​ក្នុង​ការ​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស និង​ទង់ដែង ជា​មូលដ្ឋាន​ឧស្សាហកម្ម​ដ៏​ធំ​នៅ​មូលដ្ឋាន​នា​ថ្ងៃ​អនាគត។

តំណាង​ក្រុមហ៊ុន មេស្កូ ហ្គោល លោក ហ៊ាង សេដ្ឋា បង្ហាញ​មោទនភាព បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​ល្អ​ពាក់ព័ន្ធ​កិច្ច​ពិគ្រោះ​យោបល់ ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ។ លើស​ពី​នេះ​ទៀត លោក​រំពឹង​ថា បន្ទាប់​ពី​ការ​កែ​សម្រួល​លទ្ធផល​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ស្ដីពី​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​របស់​ក្រុមហ៊ុន នឹង​ធ្វើ​ឲ្យ​ការ​សិក្សា​ហេតុ​ប៉ះពាល់​បរិស្ថាន​របស់​ក្រុមហ៊ុន​កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ ឈាន​ទៅ​ដល់​ការ​ពិនិត្យ​សម្រេច​របស់​មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ ដើម្បី​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​នៅ​ពេល​ខាង​មុខ​នេះ៖ «មិន​មាន​ជា​ការ​ព្រួយ​បារម្ភ​ទេ ព្រោះ​ក្នុង​គម្រោង​របស់​យើង យើង​ធ្វើ​ទាំងអស់ ដូចជា​ទឹក​ស្អាត គម្រោង​យើង​ផ្តល់​ឲ្យ​អ្នក​ភូមិ​ហើយ។ ចំណែក​ការ​ជួសជុល​ផ្លូវ ក៏​យើង​សន្យា​ថា​ធ្វើ​ដែរ។ សុខភាព ក៏​យើង​មាន​គម្រោង​ពិសេសៗ​សម្រាប់​ជួយ​ដល់​ពលរដ្ឋ។ ប្រសិន​ដំណើរ​ការ​ហ្នឹង​វា​រលូន គ្មាន​បញ្ហា​អ្វី​ចោទ​ទេ វា​នឹង​ធ្វើ​នៅ​ឆ្នាំ​២០១៦»

ទាក់ទិន​ករណី​នេះ​ដែរ ប្រធាន​បច្ចេកទេស​ផ្នែក​បរិស្ថាន​ក្រុមហ៊ុន ស៊ី.អ៊ី.អេស លោក សុខ សុធា ធ្លាប់​បាន​បញ្ជាក់​ថា បន្ទាប់​ពី​កិច្ច​ពិគ្រោះ​យោបល់​ធ្វើ​រួច​រាល់ ក្រុមហ៊ុន​នឹង​រៀបចំ​មតិ​យោបល់​ទាំងអស់​ដាក់​ក្នុង​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ពេញ​លេញ និង​ប្រឹក្សា​យោបល់​សុំ​ការ​សម្រេច​ពី​ក្រសួង​បរិស្ថាន ដើម្បី​ក្រសួង​រ៉ែ និង​ថាមពល សម្រេច​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ដល់​ក្រុមហ៊ុន មេស្កូ ហ្គោល។

គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន មេស្កូ ហ្គោល មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពាក់ ១៨​គ្រួសារ មាន​ផ្ទៃ​ដី ២៦​ហិកតារ និង​ដី​រួម​សហគមន៍ ១២​ហិកតារ។ ចំណែក​រ៉ែ​មាស​ដែល​មាន​ក្នុង​ដី​នៅ​តំបន់​នោះ លាត​សន្ធឹង​រហូត​ដល់​ព្រំប្រទល់​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ។ រ៉ែ​មួយ​តោន គេ​អាច​ចម្រាញ់​បាន​មាស​ពី ៤ ទៅ ៥​ក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។