កម្មករ​សំណង់​២​នាក់​ស្លាប់​និង​១៦​នាក់​រង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កោះកុង

កម្មករ​សំណង់​ចំនួន​២​នាក់​ស្លាប់ និង​១៦​នាក់​រង​របួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយសារ​រថយន្ត​ធ្លាក់​ផ្លូវ​ចំណោទ​នៅ​ខេត្ត​កោះកុង។

ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក សំ ឃិតវៀន ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ថានៅ​វេលា​ម៉ោង​ប្រមាណ​១១ និង​៣០​នាទី​ថ្ងៃ​ទី​៩ វិច្ឆិកា រថយន្ត​ស្ទូច​ប្រភេទ​៦​តោន​ដឹក​កម្មករ​សំណង់​ចំនួន​១៨​នាក់ ចេញ​ដំណើរ​ពី​ខេត្ត​កំពង់ស្ពឺ ទៅ​ទី​រួម​ខេត្ត​កោះកុង ហើយ​បាន​ក្រឡាប់​ធ្លាក់​ចំណោទ​តាតៃ ក្នុង​ស្រុក​កោះកុង ដោយសារ​រថយន្ត​នោះ​ដាច់​ហ្វ្រាំង ដែល​បណ្ដាល​អ្នក​របួស​មួយ​ចំនួន​ទៀត​ធ្លាក់​ទៅ​ក្នុង​ជ្រោះ៖ «មេការ​គាត់​ទទួល​ម៉ៅការ​សំណង់ ហើយ​គាត់​ដឹក​គ្រឿង​សម្ភារៈ​សំណង់​ជាមួយ​កម្មករ​មក​ជាមួយ​គ្នា។ ឡាន​នេះ​វា​ដាច់​ហ្វ្រាំង វា​ចុះ​លឿន​ទៅ​ក្រឡាប់។ ឡាន​ប្រភេទ​កង់​៦​ដូច​ជា សាំយ៉ុង​ដែរ ខ្ញុំ​មិន​ទាន់​បាន​មើល​ច្បាស់​ព្រោះ​ឡាន​វា​នៅ​ឆ្ងាយ»

អ្នក​របួស​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។