ខួប​អនុស្សាវរីយ៍​លើក​ទី​៦២ ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ​និង​​កំណើត​កង​ទ័ព

ខេត្តសៀមរាប​ ៖ ​នៅ​​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា ​២០១៥ នេះ ​គឺជា​ថ្ងៃ​ប្រ​វ​តិ្ត​សាស្ត្ររបស់​ប្រជាពលរដ្ឋ​កម្ពុជា ទទួល​បាន​នូវ​ឯករាជ្យ ក្រោម​ព្រះរាជ​បូ​ជ​នីយ​កិច្ច​របស់​ព្រះករុណា​ព្រះបាទសម្តេច ព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ពី​ពួក​អាណានិគម​បារាំង​សេស ហើយ​ត្រូវ​បាន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ​ទូ​ទាំងព្រះរាជាណាចក្រ​កម្ពុជា ​រៀបចំ​​​ប្រារព្ធ​ពិធីរំលឹក​​​ខួប​អនុស្សាវរីយ៍​លើក​ទី​៦២ ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ​(៩ ​វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០១៥) ។

ទោះបី​ព្រះ​អង្គ​បាន​យាង​ចូល​ទិវ​ង្គ​ត​ក៏​ពិតមែន តែ​ស្មា​រតី ៩ ​វិច្ឆិកា បាន​ស្ថិត​នៅ​ជាប់​ក្នុង​ក្រអៅបេះដូង​ប្រជានុរាស្ត្រ​ខ្មែរ​​​គ្រប់​រូប នូវ​ស្នា​ព្រះ​ហស្តរបស់​ព្រះ​អង្គ​ដល់​សង្គម​ខ្មែរ​ទាំង​វិស័យ​ពុទ្ធចក្រ និងអាណាចក្រ ប្រកបដោយ​ព្រះ​បញ្ញាញាណដ៏​ភ្លឺ​ថ្លា​គ្រប់​កាលៈទេសៈ ដឹកនាំ​ប្រទេស​ជាតិ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម  ។                   

ដោយឡែក​ នៅ​ខេត្តសៀមរាប លោក លោក​ជំទាវ ជា​គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ មេបញ្ជាការ​កងពលតូច កងពលធំ តំបន់​ប្រតិបត្តិកា​រសឹក​រង ស្នងការ​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត និងថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ អាជ្ញាធរ​ក្រុង សិស្សានុសិស្ស បាន​អញ្ជើញ​មក​ជួបជុំ​គ្នា​នៅ​បរិវេណ​វិមាន​រំឭក​គុណ​យុទ្ធ​ជនខេត្តសៀមរាប ក្រោម​វត្តមាន​របស់​លោកនាយ​ឧត្តមសេនីយ៍ឯក ជា ម៉​ន មេបញ្ជាការ​រង​កងទ័ពជើងគោក និងជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ និងលោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ប៊ុ​ន ថា​ប្ញ​ទ្ធិ អភិបាលរង​ខេត្ត​​ ព្រមទាំង​មាន​វត្តមាន​ចូលរួម​របស់​អស់លោក​ជា​មេបញ្ជាការ​កងពលធំ កងពលតូច  មេ​បញ្ជា​ការ មេបញ្ជាការ​រងតំបន់​ប្រតិបត្តិកា​រសឹក​រង​ខេត្ត​ ​។

ក្នុង​ការ​រំលឹក​​​ខួប​អនុស្សាវរីយ៍​លើក​ទី​៦២ ថ្ងៃ​ទិវាបុណ្យ​​ឯករាជ្យ​ជាតិ​៩ ​វិច្ឆិកា និងកំ​ណើត​កង​យោធពលខេមរភូមិន្ទ ​ក៏​ជា​ការ​រំលឹក​​ស្នា​ព្រះ​ហស្ត ព្រះរាជ​បូ​ជ​នីយ​កិច្ច​របស់​​ព្រះ​បាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ទ្រង់​បាន​លះបង់ព្រះ​កាយពល ព្រះ​បញ្ញាញាណ​​ តស៊ូក្នុង​ក្របខ័ណ្ឌនៃ​ព្រះរាជ​បូ​ជ​នីយ​កិច្ចក្នុង​ការ​ទាមទារ​ឯករាជ្យ​នៅកម្ពុជាឲ្យ​បាន​រួច​ចាក​ផុត​ពី​នឹម​ត្រួតត្រា​របស់​អាណានិគមនិយម​បារាំង និងបាន​ប្រកាស​ឯករាជ្យ​ជាតិ នា​ថ្ងៃ​ទី​៩ វិច្ឆិកា ១៩៥៣ នៃ​ព្រះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​នេះ គឺជា​ព្រះរាជ​គំរូ​ដ៏​ល្អ​ដល់​កូនចៅ​ជំនាន់​ក្រោយ ក្នុង​ការ​កសាង ការពារ​បូរណភាព​ទឹកដី  ។ 

ផ្តើម​ចេញពី​គំរូ​ព្រះ​វីរភាព​ខាង​លើ​​នេះ រាជរដ្ឋាភិបាល​កម្ពុជាក្រោម​កិច្ច​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​ស​មេ្ត​ច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទាំងមូល មាន​កិច្ច​អភិវឌ្ឍន៍​រីក​ចម្រើនលើ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ  និងបាន​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើងពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ព្រមទាំង​ទទួលយក​នូវ​ក្រុម​និន្នាការ​នយោបាយមក​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ផង​ដែរ ។

ក្នុង​ពិធី​នេះដែរ​ នៅ​តាម​បណ្តា​ផែន​មេបញ្ជាការ​យោធភូមិ​ភាគ គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព បាន​អញ្ជើញ​ដាក់​កម្រងផ្កា បូជា​ទៀន​ធូ​ក គោរព​ព្រះ​ដួងវិញ្ញាណ​ក្ខ​ន្ធ​ថ្វាយ​​ព្រះករុណា​ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ និងវិញ្ញាណ​ក្ខន្ធវីរភាព​របស់​បុព្វបុរស កម្មាភិបាល យុទ្ធ​ជន យុទ្ធ​នារី អ្នក​ស្នេហា​ជាតិ​មាតុភូមិ ក្នុង​ការ​សង្គ្រោះ​ជាតិ​ និង​ប្រជាជនឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត និងអ្នក​សេ្ន​ហា​ជាតិ​គ្រប់​ជំនាន់ ដែល​បាន​ពលី​ជីវិតក្នុង​បុព្វហេតុ​រំដោះជាតិ កសាង​ការពារ​ជាតិ​មាតុភូមិ ដើម្បី​ភាព​សុខសាន្ត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​ផង​ដែរ ៕ ​