អភិបាល​ខេត្តតាកែវ ៖ បើ​ការពារ​ដី​ជូន​ពលរដ្ឋ​មិន​បាន លោក​នឹង​ចុះ​ចេញពី​តំណែង

ខេត្ត​តាកែវ ៖ លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​ថ្លែង​ថា «បើ​លោក​ការពារ​ដីធ្លី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មិន​បាន លោក​នឹង​ចុះ​ចេញពី​តំណែង​អភិបាលខេត្ត​ភ្លាម» ។ លោក​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​ចុះ​ទៅ​ប្រកាស​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា​ព្រះបាទ ព្រះ​នរោត្តម សីហ​មុនី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ឡាយ​ព្រះ​ហ​ស្ថ​លេខា កាត់​ដី​ភូមិ​ស្រែ​ជើង​រាស្ត្រ​ ពី​ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មក​ឲ្យ​រដ្ឋ​បាល​ឃុំ​ត្រពាំង​ក្រ​ញូ​ង ស្រុក​ត្រាំកក់ ខេត្តតាកែវ ជា​អ្នកគ្រប់គ្រង​ម្តង កាលពី​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៥ នៅ​ភូមិ​ស្រែ​ជើង​រាស្ត្រ ឃុំ​ត្រពាំង​ក្រ​ញូ​ង ស្រុក​ត្រាំកក់ ខេត​ត្ត​តាកែវ  ។

ថ្លែង​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ លោក​អភិបាលខេត្ត​បាន​ឲ្យ​ដឹង​ថា សូម​បងប្អូន​ ពុក​ម៉ែ​ មាមីង​ទាំងអស់​ កុំ​ទុក​រូប​លោក​ជា​អ្នក​ដទៃ ត្រូវ​ចាត់​ទុក​ថា លោក​ជា​កូន​ ជា​ចៅ ជា​ក្មួយ និង​ជា​បង នោះ​ទើប​ភាព​ស្និទ្ធស្នាល​រវាង​លោក និង​ប្រជាពលរដ្ឋ​យើង​កាន់តែ​ជិត​ស្និត​ឡើង ។ នា​ឱ​កាស​ជួប​សំណេះសំណាល​នោះ លោក​ក៏​បាន​ប្តេជ្ញា​ថា នឹង​ការពារ​ដីស្រែ​ចំការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​កាន់កាប់ និង​អាស្រ័យ​ផល មិន​ឲ្យ​មាន​ជន​ណា ឬ​ក្រុមហ៊ុន​ណាមួយ​មក​រំលោភ​បំពាន​បាន​ឡើយ ។

ក្នុង​ឱកាស​នោះ​ដែរ លោក ឈុ​ន សុំ ដែល​ជា​មេ​ភូមិ​ស្រែ​ជើង​រាស្ត្រ ក៏​បាន​ស្នើ​សុំ​ឲ្យ​លោក​អភិបាលខេត្ត​មេត្តា​ធ្វើ​យ៉ាងណា​ចាត់វិធានការ​ការពារ​កុំ​ឲ្យ​មាន​ជនខិលខូច​មក​រំលោភ​បំពាន​ដីស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​ជើង​រាស្ត្រ​នេះ ។ លោក ឡាយ វណ្ណៈ អភិបាលខេត្ត បាន​ឆ្លើយ​តប​ភា្ល​ម​ៗ​ថា មិន​មែន​ត្រឹមតែ​ការពារ​មិន​ឲ្យ​មានការ​រំលោភ​បំពាន​រឿង​ដីធ្លី​នោះ​ទេ លោក​ថា «បើ​លោក​ការពារ​ដីធ្លី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​មិន​បាន លោក​នឹង​ចុះ​ចេញពី​តំណែង​អភិបាលខេត្ត​ភ្លាម» ។ ការងារ​នេះ​លោក​នឹង​ចាត់​ក្រុម​ជំនាញ​សុរិយោដី​ធ្វើ​យ៉ាងណា​រួសរាន់​ចុះ​មក​ស្រង់​ស្ថិតិ និង​បញ្ជី​ក្បាលដី​ឲ្យ​បាន​លឿន​បំផុត ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចេញ​ប័ណ្ណ​កម្ម​សិ​ទ្ឋិ​ដី​ដល់​ពួក​គាត់​ឲ្យ​បាន​ឆាប់​បំផុត ។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះជា​មាន​ក្រុមហ៊ុន​មក​វិនិយោគ​ក្តី ក៏​ត្រូវ​តែ​ឆ្វៀល​ដី​(​តាម​ផែនទី​ស្បែក​ខ្លា​)​ប្រជាពលរដ្ឋ​ចេញ​ដែរ និយាយ​រួម​មិន​ត្រូវ​ប៉ះពាល់​ដី​របស់​ប្រជាពលរដ្ឋ​នោះ​ទេ តែបើ​ពួក​គាត់​ព្រម​លក់ ទិញ​យក​ចុះ បើ​គាត់​មិន​លក់ ហាម​ប៉ះពាល់​ដី​គាត់​ដាច់ខាត ។

ចុងបញ្ចប់​នៃ​កម្មវិធី លោក​ក៏​បាន​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នូវ​សារុង​ម្នាក់​១ និង​សន្យា​ថា បង្កើត​ឲ្យ​មាន​មណ្ឌល​សុខភាព​នៅ​ភូមិ​ស្រែ​ជើង​រាស្ត្រ​នេះ​ទៀត​ផង ដើម្បី​មាន​ភាព​ងាយ​ស្រ​យល​ក្នុង​ការ​ដែល​បងប្អូន​មាន​ជំងឺ​ឈឹ​ស្កាត់​ម្តង​ៗ ។

បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​ជើង​រាស្ត្រ​បាន​សម្តែង​នូវ​ការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សន្យា​របស់​លោក​អភិបាលខេត្ត ធ្វើ​ឲ្យ​ពួក​គាត់​មាន​ទំនុកចិត្ត មិន​ខ្លាច​ជនខិលខូច​មក​រំលោភ​បំពាន​យក​ដីស្រែ​ចំការ​របស់​ពួក​គាត់​ដូច​មុន​ទៀត​ឡើយ ព្រោះ​តាម​រយៈ​ការ​សន្យា​របស់​លោក​អភិបាលខេត្ត​ថា នឹង​ចាត់​ក្រុម​ជំនាញ​ឲ្យ​មក​ធ្វើ​ប្លង់​កម្ម​សិ​ទ្ឋិ​ដល់​ពួក​គាត់​ដែល​ជា​អតីត​អ្នក​ខេត្តកំពង់ស្ពឺ​ទាំង​១៨៣​គ្រួសារ​ឲ្យ​មាន​ប្លង់​កម្ម​សិ​ទ្ឋិ​គ្រប់គ្រាន់ ៕