ថៃ​​បញ្ជូន​សព​​ពលការី​នី​ម្នាក់ស្លាប់ដោយសារ​​គ្រោះថ្នាក់​​ចរាច​រណ៍​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ សាក​សព​​ពលការិ​​នី​ម្នាក់ ​ត្រូវ​បាន​​ភាគី​ថៃ​​​បញ្ជូន​​​ឱ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាល​ពី​​វេលា​​​​ម៉ោង​០៤​ និង​៣៥នាទី​​រសៀល​ថ្ងៃ​ទី០៩ ​វិច្ឆិកា ​២០១៥ បន្ទាប់​ពី​ជួប​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ច​រាច​ណ៍​​រថយន្ត​បុក​​ពេល​​កំពុង​ដើរ​ឆ្លង​ផ្លូវ​ ។

ប្រភព​បានឱ្យ​ដឹងថា នារី​រង​​គ្រោះ​ឈ្មោះ​ពុធ ​សំអាង​ អាយុ​១៦​ឆ្នាំ​ ​ធ្វើការ​តាម​ផ្ទះ​​ឱ្យ​​ជនជាតិ​ថៃ​​ក្នុងស្រុក​អារញ្ញ ​ខេត្ត​ស្រះ​កែវ ​និង​មាន​ទីលំនៅ​​ក្នុងភូមិ​គោក​ទម្លាប់ ​ឃុំ​បន្ទាយ​នាង ​ស្រុក​មង្គល​បុ​រី ​ខេត្តបន្ទាយមានជ័យ​ ។

បើ​តាម​សាច់ញាតិ​​ឱ្យដឹង​​ថា ​គ្រោះថ្នាក់​ចរាច​រណ៍​ខាងលើ បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​០៧ វិច្ឆិកា ​​ខណៈ​​​កំពុង​ដើរ​​​ឆ្លងផ្លូវ​ ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​​បុក​របួសធ្ងន់​​រហូត​ដល់​ស្លាប់​នៅ​មន្ទីរពេទ្យ​​ក្នុងស្រុក​អារញ្ញ ​ខេត្ត​ស្រះ​កែវ ​។

ប្រភពបន្តថា សព​​ត្រូវ​បាន​សាច់ញាតិ​ជួល​​រថយន្ត​ដឹក​បន្ត​​ពី​បរិវេណ​វត្ត​​បា​លិ​លេ​យ្យ ក្នុង​ភូមិ​ក្បាលស្ពាន​២ ​សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ភូមិកំណើត​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕