គណបក្សកាន់អំណាច​ភូមា​ទទួលស្គាល់​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត

ប្រធាន​ស្តីទី​នៃ​គណបក្សកាន់អំណាច​នៅ​ភូមា​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា បាន​ទទួលស្គាល់​បរាជ័យ​នៃ​គណបក្ស​លោក​ក្នុង​ការ​បោះ​ឆ្នោត​សភា​ដែល​ជ័យជម្នះ​បាន​ទៅ​លើ​គណបក្ស​របស់​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ។

លោក HTAY OO ប្រធាន​ស្តីទី​គណបក្ស​សម្ព័ន្ធ​សាមគ្គីភាព និង​ការ​អភិវឌ្ឍន៍ USDP ថ្លែងប្រាប់​រ៉​យ​ទ័​រថា យើង​បាន​ចាញ់ឆ្នោត​ហើយ ។ ការ​រាប់​សន្លឹក​ឆ្នោត​កំពុង​បន្ត ក៏​ប៉ុន្តែ​លទ្ធផល​ដំបូង​ៗ​ទទួល​បាន​មក​ពី​ទូ​ទាំង​ប្រទេស​បង្ហាញ​ថា គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ  LND ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង ។ យើង​ត្រូវ​ស្វែង​យល់​ថា តើ​ហេតុ​អី​បានជា​យើង​ចាញ់ឆ្នោត ។

លោក HTAY OO ជា​មនុស្ស​ជំនិត​របស់​ប្រធានាធិបតី​លោក​ថេ​ន សេន ថ្លែង​ថា ទោះបី​យ៉ាងណា​យើង​ទទួលយក​លទ្ធផល​នេះ ដោយ​ពុំ​មានការ​អាល់​អែក​ណាមួយ​ឡើយ ។ លោក​បន្ត​ថា គេ​នៅ​មិន​ទាន់​ដឹង​ពី​លទ្ធផល​ជា​ស្ថាពរ​នៅឡើយ ។

លោក HTAY OO បន្ត​ថា លោក​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​បរាជ័យ​ក្នុង​មណ្ឌលបោះឆ្នោត​របស់​លោក​ផ្ទាល់ នៅ HINTHADA តំបន់​ដីសណ្ត IRRAWADY ចាត់ទុកជា​បេះដូង​នៃ​គណបក្ស USDP ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ។ ទោះបី​យ៉ាងណា​នេះ​ជា​ការ​សម្រេចចិត្ត​របស់​ប្រជាជន ៕