ប្រមុខ​បក្ស​ប្រឆាំង​រំលឹក​ពី​ស្នា​ព្រះ​ហស្ថ​អតីត​ព្រះ​មហាក្សត្រ​ទាម​ទារ​ឯក​រាជ្យ​ពី​បារាំង

ភ្នំពេញ៖ ក្នុងឱកាសកម្ពុជាប្រារព្ធខួបលើកទី៦២ ៩វិច្ឆិកា ១៩៥៣-២០១៥ ជាថ្ងៃដែលអតីតព្រះមហាក្សត្រខ្មែរ ទាមទារឲ្យបារាំងដកនឹមអាណានិគមនិយម ចេញពីកម្ពុជានោះ លោក សម រង្ស៊ី និងលោកកឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្រ្គោះជាតិ បានរំលឹកស្នាព្រះហស្ថជាច្រើនពីសម្តេច ព្រះនរោត្តម សីហនុ។

លោក សម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុកពីក្រៅប្រទេសមកថា “ថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ ជា ខួប គម្រប់ ៦២ ឆ្នាំ នៃ ទិវា បុណ្យ ឯករាជ្យ ជាតិ ដែលកម្ពុជាដណ្តើមបាន កាលពីឆ្នាំ ១៩៥៣។ សូមបងប្អូនជនរួមជាតិគ្រប់រូប ចងចាំ ស្នាព្រះហស្ថ សម្តេច ព្រះ នរោត្តម សីហនុ និង ស្នាដៃ ខ្មែរស្នេហាជាតិទាំងអស់ នាសម័យនោះ”។

ព្រមជាមួយគ្នានេះដែរ លោកបានរំលេចនូវរូបថតមួយសន្លឹកពណ៌ស-ខ្មៅ របស់អតីតព្រះមហាក្សត្រកាលពីព្រះអង្គមានព្រះជន្មវ័យក្មេង និងសម្តេចចក្រី ញឹក ជូឡុងត្រូវជាបិតាក្មេករបស់លោក។

លោកបញ្ជាក់បន្ថែមថា “នៅលើរូបថត បុរសដែលឈរពីក្រោយសម្តេច ព្រះ នរោត្តម សីហនុ គឺ សម្តេចចក្រី ញឹក ជូឡុង ត្រូវជាបិតារបស់ភរិយាខ្ញុំ”។

ចំណែកក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ កឹម សុខា វិញបានលើកឡើងថា “អបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦២ (ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៥)។ ខ្ញុំសូមអំពាវនាវ ដល់អ្នកនយោបាយខ្មែរឯករាជ្យពីបរទេស និងធានាឲ្យបាននូវអធិបតេយ្យពេញលេញ”៕

ប្រមុខ​បក្ស​ប្រឆាំង​រំលឹក​ពី​ស្នា​ព្រះ​ហស្ថ​អតីត​ព្រះ​មហាក្សត្រ​ទាម​ទារ​ឯក​រាជ្យ​ពី​បារាំង