លោក កឹម សុខា៖ «អ្នកមានអំណាច អាចរំលោភបំពាន លើអ្នកដទៃ ប៉ុន្តែអ្នកមិនអាច គេចផុតពី ច្បាប់ធម្មជាតិឡើយ»

ភ្នំពេញ៖ ឆ្លៀតនៅឱកាស អបអរសាទរ ទិវាបុណ្យខួបឯករាជ្យជាតិខ្មែរ លើកទី៦២ (០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០១៥) លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ ដែលត្រូវបានគណបក្សកាន់អំណាច បោះឆ្នោតទម្លាក់ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា នាពេលថ្មីៗ បានអំពាវនាវឲ្យអ្នកនយោបាយខ្មែរ សូមមេត្តាខិតខំរើបម្រះផ្លាស់ប្តូរទាំងកាយ វាចា និងចិត្តរបស់ខ្លួនឲ្យទទួលបានឯករាជ្យ ចាកផុតពី លោភៈ ទោសៈ មោហៈ ដែលបាននិងកំពុងគ្រប់គ្រង បង្គាប់បញ្ជា ចិត្តអ្នកឲ្យប្រព្រឹត្តនូវអំពើជាអកុសលកម្ម, នេះបើយោងតាមលោក កឹម សុខា បង្ហាញសារនៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

លោក កឹម សុខា ដែលពេលនេះ កំពុងស្ថិតនៅប្រទេសកូរ៉េខាងត្បូង បានសរសេរនៅលើ Facebook របស់លោក ដែលមានន័យយ៉ាង ដូច្នេះថា «ខ្ញុំសូមចូលរួម អបអរសាទរ ទិវាបុណ្យខួបឯករាជ្យជាតិខ្មែរ លើកទី៦២ (០៩ វិច្ឆិកា១៩៥៣-០៩ វិច្ឆិកា ២០១៥)។ ឆ្លៀតក្នុង ឱកាសនេះដែរ ខ្ញុំសូមអំពាវនាវ ចំពោះអ្នកនយោបាយខ្មែរ ជាពិសេសអ្នកដែលកំពុងមានអំណាចក្នុងដៃ សូមមេត្តាខិតខំ រើបម្រះផ្លាស់ប្តូរ ទាំងកាយ វាចា និងចិត្តរបស់ខ្លួនឲ្យទទួលបានឯករាជ្យចាកផុតពី លោភៈ ទោសៈ មោហៈ ដែលបាននិងកំពុងគ្រប់គ្រង បង្គាប់បញ្ជាចិត្តអ្នកឲ្យ ប្រព្រឹត្តនូវអំពើ ជាអកុសលកម្ម ដែលនាំមកនូវសេចក្ដីទុក្ខទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត សម្រាប់ ខ្លួនឯង ក្រុមគ្រួសារ អ្នកដទៃសង្គម និងប្រទេសជាតិ»។

លោក កឹម សុខា បានបញ្ជាក់ទៀតថា៖ «អ្នកមានអំណាចអាចរំលោភបំពានលើអ្វីៗ ឬលើអ្នកដទៃបាន ក៏ប៉ុន្តែអ្នកមិនអាចគេចផុត ពីច្បាប់ធម្មជាតិឡើយ។ នេះគឺជាច្បាប់ធម្មជាតិ ដែលព្រះសម្មាសម្ពុទ្ធ បានត្រាស់ដឹង និងប្រៀនប្រដៅ៖ «អនិច្ចំ, ទុក្ខំ, អនត្តា គឺសេចក្ដី មិនទៀង. លោភៈ ទោសៈ មោហៈ ជាហេតុនៃទុក្ខ»។

ជាមួយនោះផងដែរ នៅថ្ងៃខួបទី៦២ឆ្នាំ នៃទិវាឯករាជ្យជាតិ ឆ្នាំ២០១៥នេះ លោក កឹម សុខា បានអំពាវនាវ ឱ្យអ្នកនយោបាយខ្មែរទាំងអស់ ឯករាជ្យពីបរទេស និងធានាឱ្យបាននូវអធិបតេយ្យពេញលេញ។

នៅលើទំព័រ Facebook លោក កឹម សុខា បានផ្ញើសារខ្លីៗ អបអរសាទរដល់ទិវាឯករាជ្យជាតិ ៩វិច្ឆិកា ។ ទន្ទឹមនឹងនោះ លោកក៏បាន បង្ហើរខ្លឹមសារ ដោយសរសេរថា «អបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦២ (ថ្ងៃទី៩ វិច្ឆិកា ១៩៥៣-ថ្ងៃទី៩ វិច្ឆិកា ២០១៥)។ ខ្ញុំសូមអំពាវនាវដល់ អ្នកនយោបាយខ្មែរឯករាជ្យពីបរទេស និងធានាឲ្យបាននូវអធិបតេយ្យពេញលេញ»៕

លោក កឹម សុខា៖ «អ្នកមានអំណាច អាចរំលោភបំពាន លើអ្នកដទៃ ប៉ុន្តែអ្នកមិនអាច គេចផុតពី ច្បាប់ធម្មជាតិឡើយ»