អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​៣​នាក់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស​-​ស្រី​៣​នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​កន្លែង​ផ្សេង​ៗ​គ្នា​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៥ ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​៩​ថង់​តូច និង​វត្ថុ​តាង​មួយ​ចំនួន ។

មន្ត្រី​អាវុធហត្ថ​ក្រុង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស​-​ស្រី​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ជា វុ​ទ្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​, ២-​ឈ្មោះ អឿ​ន សា​រុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត និង ៣-​ឈ្មោះ នេត្រ វ​ណ្ណី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយ ប៉ែ​ត ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​​មុន​ឈាន​ដល់​ការ​​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​-​ប្រុស​ទាំង​៣​នាក់ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ស្រាវជ្រាវ​មុខសញ្ញា ហើយ​បាន​​ធ្វើ​ការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ និង​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​៩​ថង់​តូច កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៥ នៅ​កន្លែង​ដោយឡែក​ពី​គ្នា​ស្ថិត​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយប៉ែត ។

លោក​បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​ប​ញ្ជូ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕