ហេតុ​អ្វី​នារីៗ​ជប៉ុន​មាន​អាយុ​វែង ហើយ​មាន​រាង​រៀវ​មិន​ធាត់​?

ហេតុ​អ្វី​នារីៗ​ជប៉ុន​មាន​អាយុ​វែង ហើយ​មាន​រាង​រៀវ​មិន​ធាត់​?

​ក្នុង​រយៈពេល​២៥​ឆ្នាំក្រោយ​នេះ នារី​ជប៉ុន​ឈ្នះ​គេ​នៅ​ក្នុង​ការ​ដែល​មាន​អាយុ​វែង​ជាងគេ (​គឺ​ជា​មធ្យម​៨៤.៥​ឆ្នាំ​) ហើយ​មិន​ដែល​មាន​បញ្ហា​ឡើង​ទម្ងន់​សោះឡើយ​។ តើ​វា​មាន​អាថ៌កំបាំង​យ៉ាងដូចម្តេច​ទៅ​?

​អ្នកស្រី Naomi Moriyama អ្នកនិពន្ធ​សៀវភៅ​ដែល​មានឈ្មោះ​ថា​"​នារីៗ​ជប៉ុន​មិន​ចេះ​ចាស់​ទេ ហើយក៏​មិន​ដែល​ធាត់​ដែរ Les femmes japonaises ne vieillissent pas et ne grossissent pas " បាន​ពន្យល់​ថា​គឺ​ដោយសារ​របបហូបចុក​របស់​ពួកគេ​។​

​ពួក​ជប៉ុន​គេ​ញ៉ាំ​ចំណី​អាហារ​ដែល​ធ្វើ​ឱ្យ​ចុះ​ទម្ងន់​រាល់ថ្ងៃ ដែល​មាន​ជាអាទិ​គឺ​ត្រី បាយ សណ្តែកសៀង ផ្លែឈើ ពពួក​ស្លែ បន្លែ ហើយ​និង​តែ​បៃតង ដែល​សុទ្ធតែ​ជួយ​ធ្វើឱ្យ​គេ​ស្គម និង​មាន​អាយុ​វែង​។​

​ប្រជាជន​ជប៉ុន​មាន​តែ​២%​នៃ​ចំនួន​ប្រជាជន​ទាំងអស់​នៅលើ​ពិភពលោក​ទេ ក៏​ប៉ុន្តែ​ពួកគេ​បរិភោគ​ត្រី​អស់​ដល់​ទៅ​ចំនួន​១០%​នៃ​ត្រី​ទាំងអស់​។ ម្យ៉ាងទៀត ចំណីអាហារ​ជប៉ុន​គេ​ចម្អិន​យឺតៗ​ដោយ​ការ​ចំហុយ មិនសូវ​មាន​ចៀន​ឬ​អាំង​ទេ ហើយ​គេ​ញ៉ាំ​បាយ មិន​ញ៉ាំ​នំប៉័ង​ទេ ខុសពី​នៅ​លោកខាងលិច​។​

អាហារ​ពេលព្រឹក​គឺជា​អាហារ​សំខាន់​ជាងគេ​សម្រាប់​ពួក​ជប៉ុន​។ គេ​ញ៉ាំ​ចំណីអាហារ​ប្លែកៗ ដូចជា​ស៊ុប តៅ​ហ៊ូ ខ្ទឹម​ស បាយ​ចំហុយ អូ​មឺ​ឡែត ត្រី រួច​ហើយ​គេ​ផឹក​តែ​បៃតង​។

អ្នកស្រី Naomi Moriyama និយាយ​ថា​ឪពុក​ម្តាយ​ជប៉ុន​បាន​បង្រៀន​កូនៗ​ឱ្យ​ចេះ​គោរព​ចំណី​អា​ហរ ឱ្យ​ទំពារ​អាហារ​មួយ​ម៉ាត់ៗ​យឺតៗ ហើយ​មិន​ឱ្យ​ញ៉ាំ​អាហារ​ពោរ​ពាស​ពេក​ទេ​។ គេ​ក៏​មិនសូវ​ញ៉ាំ​បង្អែម ផងដែរ​។ បើសិន​ជា​ត្រូវ​ញ៉ាំ គេ​ញ៉ាំ​តែ​បន្តិចបន្តួច​តែប៉ុណ្ណោះ​។ តាមពិតទៅ នារី​ជប៉ុន​ក៏​ចូល​ចិត្ត​សូកូឡា កា​រ៉ែ​ម ឬ​នំ​ផ្អែម ដូច​ជា​នារី​ដទៃទៀត​ដែរ ក៏​ប៉ុន្តែ​គេ​មិន​ភ្លេច​អំពី​ផល​អវិជ្ជមាន​របស់​វា​ទេ​។​

ចំណុច​សំខាន់​១​ទៀត គឺ​គេ​និយម​ហាត់ប្រាណ​ណាស់ ដោយ​ការដើរ ជិះ​កង់ ឬ​រត់​។​

ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។