ប៉ូលិស​កោះ​ហៅ​មនុស្ស​៦​នាក់​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​ប៉ូលិស​និង​មន្ត្រី​ព្រៃ​ឈើ

ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ បាន​កោះ​ហៅ​មនុស្ស ៦​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ម្ចាស់​រណារ​អារ​ឈើ​នៅ​តំបន់​កើត​ហេតុ នៃ​ការ​បាញ់​ប្រហារ​លើ​ប៉ូលិស និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ទៅ​សាកសួរ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។

ការ​សាកសួរ​នេះ ក្នុង​ចំណោម​មនុស្ស ៦​នាក់ គឺ ៥​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ដើម្បី​សាកសួរ និង​ម្នាក់​ទៀត សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត។ រីឯ​ការ​សាកសួរ​នេះ ប៉ូលិស​មិន​ទាន់​កំណត់​មុខ​សញ្ញា​ណា​មួយ​ថា នរណា​ខ្លះ​ជា​ជន​សង្ស័យ​នៅ​ឡើយ​ទេ។

កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៦ ឈាន​ចូល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា កន្លង​ទៅ មាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ដែល​គេ​មិន​ស្គាល់​មុខ បាន​លប​លួច​បាញ់​រះ​សម្លាប់​មន្ត្រី​ប៉ូលិស​ម្នាក់​ឈ្មោះ សាប់ យស និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ម្នាក់​មក​ពី​ទីក្រុង​ភ្នំពេញ​ឈ្មោះ សៀង ដារង្គ ព្រម​ទាំង​ប៉ូលិស​ការពារ​ព្រំដែន​ម្នាក់​ទៀត​ឈ្មោះ ភេទ សុភ័ណ្ឌ ឲ្យ​រង​របួស​ផង​ដែរ។ ការ​បាញ់​រះ បាន​កើត​ឡើង​នៅ​ពេល​ដែល​មន្ត្រី​ទាំង​នោះ បាន​ចុះ​បំពេញ​បេសកកម្ម​ល្បាត​ការពារ​ព្រៃ​អភិរក្ស​របស់​អង្គការ​ដាប់បែលយូ.ស៊ី.អេស (WCS) ក្នុង​ភូមិសាស្ត្រ​ភូមិ​របុញ ជាប់​ព្រំប្រទល់​គ្នា​នឹង​ភូមិ​រុងរឿង​៣ នៃ​ឃុំ​មរកត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។