លោក កឹ​ម សុខា ៖ «​អ្នកមាន​អំណាច​អាច​រំលោភ​បំពាន​លើ​អ្វី​ៗ ឬ​លើ​អ្នក​ដទៃ​បាន ក៏​ប៉ុន្តែ​អ្នក​មិន​អាច​គេច​ផុត​ពី​ច្បាប់ធម្មជាតិ​ឡើយ​»

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ទម្លាក់​ពី​តំណែង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា កាលពី​ពេល​ថ្មី​នេះ បាន​បង្ហោះ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​អ្នកមាន​អំណាច​អាច​រំលោភ​បំពាន​លើ​អ្វី​ៗ ឬ​លើ​អ្នក​ដទៃ​បាន ក៏​ប៉ុន្តែ​អ្នក​មិន​អាច​គេច​ផុត​ពី​ច្បាប់ធម្មជាតិ​ឡើយ ។ នេះ​គឺជា​ច្បាប់ធម្មជាតិ ដែល​ព្រះសម្មាសម្ពុទ្ធ បាន​ត្រាស់​ដឹង និង​ប្រៀនប្រដៅ ៖"​អនិច្ចំ​, ទុក្ខំ​, អនត្តា គឺ​សេចក្ដី​មិន​ទៀង​, លោភៈ ទោសៈ មោហៈ ជា​ហេតុ​នៃ​ទុក្ខ​"» ។

ដើម្បី​អបអរសាទរ ទិវា​បុណ្យខួប​ឯករាជ្យ​ជាតិខ្មែរ លើក​ទី​៦២ (០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០១៥) លោក កឹ​ម សុខា បាន​សរសេរ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ទៀត​ថា «​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ ទិវា​បុណ្យខួប​ឯករាជ្យ​ជាតិខ្មែរ លើក​ទី​៦២ (០៩ វិច្ឆិកា ១៩៥៣ - ០៩ វិច្ឆិកា ២០១៥) ។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​អ្នកនយោបាយ​ខ្មែរ ជា​ពិសេស​អ្នក​ដែល​កំពុង​មាន​អំណាច​ក្នុង​ដៃ សូម​មេត្តា​ខិតខំ​រើបម្រះ​ផ្លាស់​ប្តូរ​ទាំង​កាយ វាចា និង​ចិត្ត​របស់​ខ្លួន ឲ្យ​ទទួល​បាន​ឯករាជ្យ ចាក​ផុត​ពី លោភៈ ទោសៈ មោហៈ ដែល​បាន​និង​កំពុង​គ្រប់គ្រង បង្គាប់បញ្ជា​ចិត្ត​អ្នក​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​ជា​អកុសល​កម្ម ដែល​នាំ​មក​នូវ​សេចក្ដី​ទុក្ខ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត សម្រាប់​ខ្លួនឯង ក្រុម​គ្រួសារ អ្នក​ដទៃ សង្គម និង​ប្រទេស​ជាតិ​» ៕