បង្ក្រាប​គ្រឿងញៀន​តំបន់​ត្រពាំង​ឈូក​ទាំង​យប់​ទៀត​ហើយ ឃាត់ខ្លួន​ជនសង្ស័យ​១៩​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន

រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​តំបន់​ត្រពាំង​ឈូក ដែល​ល្បី​ខាង​ចែកចាយ និង​ប្រើប្រាស់​គ្រឿង​ញៀន​​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១៩​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន ។ ករណី​បង្ក្រាប​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

លោក​វរសេនីយ៍ត្រី ប៉ាន់ សុភាព ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​​ករណី​បង្ក្រាប​គ្រឿង​ញៀន​នេះ​បាន​ឲ្យ​ដឹង​ថា ​បាន​ជា​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​រាជ​អាវុធហត្ថ​ខណ្ឌចំការមន បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​តំបន់​ត្រពាំង​ឈូក​នា​យប់​​នេះ​គឺ​ដោយ​សារ​កាល​ពី​យប់​ថ្ងៃ​ទី​៨ វិច្ឆិកា​ម្សិល​មិញ​នេះ​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ចំការមន​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ពាក់​ព័ន្ធ​គ្រឿង​ញៀន​​ម្នាក់​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ក្រោយ​ពេល​សាក​សួរ​ទើប​ដឹង​ថា ជន​សង្ស័យ​បាន​គ្រឿង​ញៀន​នេះ​ពីតំបន់​ត្រពាំង​ឈូក​មក ។ លោក​បន្ត​ថា កម្លាំង​អាវុធ​រាជធានីភ្នំពេញ​នឹង​បន្ត​បង្ក្រាប​ករណី​គ្រឿង​ញៀន​ឲ្យ​ដូច​ភ្លៀងរលឹមអ៊ីចឹង ជាក់ស្តែង​យប់​នេះ មក​ទល់​ពេល​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​១៩​នាក់ ដក​ហូត​ម៉ូតូ​៩​គ្រឿង និង​​បាន​វត្ថុ​តាង​មួយ​ចំនួន​ធំ ។

លោក​វរសេនីយ៍ត្រី ប៉ាន់ សុភាព បាន​ឲ្យ​ដឹង​ទៀត​ថា ទាំង​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើតេស្ត​ថា​ជនសង្ស័យ​ណា​មាន​សារធាតុ​ញៀន ហើយ​ជនសង្ស័យ​ណា​គ្មាន​សារធាតុ​ញៀន និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា តំបន់​ត្រពាំង​ឈូក ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ គឺជា​តំបន់​ដែល​ល្បីល្បាញ​ខាង​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​រយៈ​ជិត​២០​ឆ្នាំ​មកហើយ ហើយ​រយៈពេល​ថ្មី​ៗ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ដូច​ភ្លៀងរលឹម ព្រមទាំង​ចាប់​ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ជា​ច្រើន​រយ​នាក់​ផង​ដែរ ៕