លោក អ៊ូ វីរៈ ស្នើ​ឲ្យ CPP និង CNRP អនុម័ត​គោលនយោបាយ​ការបរទេស

​នាឱកាស​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦២ លោក អ៊ូ វីរៈ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានដាក់​ជូន​នូវ​គោលនយោបាយ​ការបរទេស ដែល​លោក​បាន​តាក់តែងឡើង ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង​។ ការដាក់​ជូន​នូវ​លិខិត​នេះ គឺ​ដើម្បី​ឲ្យ​មេដឹកនាំ​ទាំងពីរ​យល់ស្រប​គ្នា និង​ឈានដល់​ការអនុម័ត​គោលនយោបាយ​ការបរទេស​រួមមួយ សម្រាប់​កម្ពុជា មុន​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៨ ឈាន​មកដល់​។

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ថ្ងៃទី​៩ វិច្ឆិកា​នេះ អ៊ូ វីរៈ បានដាក់​ជូន​នូវ​លិខិត​បើកចំហ​ស្តីពី​គោលនយោបាយ​ការបរទេស​សម្រាប់​កម្ពុ​ជា ដែលមាន​ចំនួន​១៦​ទំព័រ ជា​ភាសា​ខ្មែរ និង​១២​ទំព័រ​ជា​ភាសា​អង់គ្លេស ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​មេដឹកនាំ​ទាំងពីរ​នេះ ពិភាក្សាគ្នា​អនុម័ត​។ លោក​មិន​ត្រឹមតែ​ស្នើ​ដល់​មេដឹកនាំ​ទាំងពីរ​នេះ​ប៉ុណ្ណោះ​ទេ តែ​រូបលោក ក៏បាន​អំពាវនាវ​ដល់​មេដឹកនាំ​បក្ស​ផ្សេងៗ​ដែល​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា  ឲ្យ​មាន​ភាពស្របគ្នា​លើ​គោលនយោបាយ​នេះ​ផងដែរ​។​

​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​រូបនេះ បានលើកឡើង​នៅក្នុង​លិខិត​នោះ​ថា​៖ «​ទោះបីជា​គណបក្សនយោបាយ​ណា​ជា​អ្នកកាន់អំណាច​ក៏ដោយ ក៏​គោ​លន​យោ​យ​បាយ​នេះ គួរតែ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ជា​ផលប្រយោជន៍​រយៈពេល​វែង​របស់​ប្រទេសជាតិ​»​។

​គោលនយោបាយ​ជា​អាទិភាព​ដែល​លោក អ៊ូ វីរៈ បាន​តាក់តែងឡើង​រួមមាន​៖ ការមិន​ចូលបក្ស​សម្ព័ន្ធ និង​បញ្ហា​អាស៊ាន ព្រមទាំង​នយោបាយ​ការទូត​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​គឺ វៀតណាម​, ថៃ​, ឡាវ​, ឥណ្ឌា​, ជប៉ុន​, កូរ៉េខាងត្បូង​, អូ​ស្រា​លី និង​សហភាព​អឺរ៉ុប​៕