វិភាគ​ទិដ្ឋភាព​ទូទៅ​ជុំវិញ​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​

​មកទល់​ថ្ងៃ​ចន្ទ​នេះ មី​យ៉ាន់​ម៉ា កំពុងតែបន្ត​នីតិវិធី​នៃ​ការរាប់​សន្លឹកឆ្នោត​។​តាម​ការប៉ាន់ស្មាន​នានា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី កំពុងតែ​នាំមុខ​នៅ​គ្រប់​មណ្ឌលបោះឆ្នោត ។ សហគមន៍​អន្តរជាតិ បាន​សាទរ​ក្រោយ​ឃើញ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ រលូន សុវត្ថិភាព និង សន្តិសុខ ខណៈ​អ្នកគាំទ្រ​បក្សប្រឆាំង បង្ហាញ​គោលជំហ​យ៉ាង​មុត​ម៉ាំ​ថា​បក្ស ខ្លួន​នឹង​ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​ថ្វី​ដ្បិត​ការបោះឆ្នោត បានបញ្ចប់​ទៅដោយ​រលូន និង ការរាប់​សន្លឹកឆ្នោត កំពុងតែបន្ត​តាម​លំដាប់លំដោយ លទ្ធផល​នៃ​ការបោះឆ្នោត​ជា​ផ្លូវការ មិនទាន់​ត្រូវបាន​ធានា​ជាក់លាក់​នៅឡើយ​នោះទេ​។ ក៏ប៉ុន្តែ គេ​ឃើញ ទាំង​មន្ត្រី​បក្សប្រឆាំង​របស់លោក​ស្រី​ស៊ូ​ជី ទាំង​មន្ត្រី​បក្ស​កាន់អំណាច បានប្រកាស និង ចេញមុខ​ទទួល​ថា បក្សប្រឆាំង​លោកស្រី​ស៊ូ​ជី​ទទួលបាន​ជ័យជម្នះ​នៃ​ការបោះឆ្នោត​នេះហើយ​។​

១. ទិដ្ឋភាព​រួម​ក្រោយ​ការបោះឆ្នោត​របស់​បក្សប្រឆាំង​និង​បក្ស​កាន់អំណាច​?
​គិត​ចាប់ពី​យប់​ថ្ងៃអាទិត្យ​មក គេ​សង្កេតឃើញថា​ក្រុម​អ្នកគាំទ្រ​បក្សប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី​សូ​ជី  រាប់ម៉ឺន​នាក់ បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​យ៉ាងខ្លាំង​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​។ ពួកគេ សង្ឃឹម​យ៉ាង​មុត​ម៉ាំ​ថា​បក្ស​ប្រឆាំងនឹង​ទទួលបាន​ជ័យជម្នះ ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​មី​យ៉ាន់​ម៉ា​។ តែ​ក្រុម​អ្នកគាំទ្រ​បក្ស​កាន់អំណាច​វិញ ហាក់​រក្សា​ភាព​ស្ងៀមស្ងាត់​។

​ជុំវិញ​លទ្ធផល​បោះឆ្នោត គេ​សង្កេតឃើញថា​មាន​ទាំង​តំណាង​បក្សប្រឆាំង និង តំណាង​បក្ស​កាន់ អំណាច បានចេញ​ទទួលស្គាល់ថា​បក្ស​លោកស្រី​ស៊ូ​ជី បានទទួល​ជ័យជម្នះ​ហើយ​។ អ្នកនាំពាក្យ​បក្សប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោក Win Htein បាន​អះអាងថា​បក្សប្រឆាំង​កំពុងតែ​ឈ្នះ​សំឡេង​៧០​ភាគរយ​ទូទាំងប្រទេស​ហើយ​។ គួរកត់សម្គាល់​នោះ លោក​ស្វេ ម៉ាន់ អតីត​ប្រធាន​បក្ស​អំ ណា​ច និង ជា​ប្រធានសភា​បច្ចុប្បន្ន ក៏បាន​សាទរ​បក្ស​លោកស្រី​ស៊ូ​ជី តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឯកជន របស់លោក​ផងដែរ​។ ជាពិសេស លោក  Htay Oo ប្រធានស្ដីទី​គណបក្សកាន់អំណាច គណបក្ស សហភាព​រួបរួម និង​អភិវឌ្ឍ (USDP) បានប្រកាស​ពី​បរាជ័យ​របស់​គណបក្ស​លោក ទល់នឹង​គណបក្សប្រឆាំង​របស់លោក​ស្រី អង់​សាន ស៊ួ​ជី​ដែរ​។ ប្រធាន​ស្ដី​បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា​៖ «​យើង​ចាញ់ហើយ​!»

​តែ​សម្រាប់​លោក​ប្រធានាធិបតី ថេ​ន សេន និង មេដឹកនាំ​បក្សប្រឆាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី វិញ ហាក់ដូចជា​រក្សា​ភាព​ស្ងៀមស្ងាត់​នៅឡើយ​នោះទេ​។ យ៉ាងណាក៏ដោយ អ្វីដែល​គេ​កំពុងតែ​តាន​ដាន ក្រៅពី​លទ្ធផល​នៃ​ការបោះឆ្នោត នោះ​គឺ ថា​តើ​រដ្ឋាភិបាល​ពាក់កណ្តាល​យោធា នឹង​គោរព​តាម​ពាក្យ ថា​នឹង​គោរព​លទ្ធផល​នៃ​ការបោះឆ្នោត​ឬ​យ៉ាងណា​?

២. ចំណាប់អារម្មណ៍​និង​ប្រតិកម្ម​សហគមន៍​អន្តរជាតិ​ក្រោយ​ការបោះឆ្នោត​?
​ក្រោយ​ការបោះឆ្នោត​បានបញ្ចប់ ក្រុម​អង្កេត​ការណ៍​អន្តរជាតិ​ដែល​បាន​ចូលរួម​អង្កេត​ការបោះឆ្នោត​ជា ប្រវត្តិសាស្ត្រ​នេះ បាន​សារ​ទរ​ចំពោះ​ដំណើរ​ឆ្ពោះទៅមុខ​របស់​មី​យ៉ាន់​ម៉ា​។ ប្រធាន​អ្នក​អង្កេត​ការណ៍​សហភាព​អី​រ៉ុ​ប  លោក  Alexander Lambsdorff បាន​អះអាងថា​ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅតាម​លំដាប់លំដោយ តែមាន​បញ្ហា​មិន​ប្រក្រតី​មួយចំនួន​ដែល​លោក​មិនទាន់​អាច​បញ្ជាក់បាន​នោះទេ​។ យ៉ាងណាមិញ​លោក បាន​សង្កត់​ថា គ្មាន​ការ​បើ​បោះឆ្នោត​ប្រទេស​ណា​ដែល​ល្អឥតខ្ចោះ​នោះទេ​។

​ជុំវិញ​ការបោះឆ្នោត​នេះដែរ ក៏​ទទួលបាន​ការស្វាគមន៍​ពី​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ពិភពលោក​ពោលគឺ​សហរដ្ឋអាមេរិក​ផងដែរ​។ ក្នុងនោះ​ប្រមុខ​ការទូត លោក ច​ន ខេ​រី បាន​ថ្លែងថា ដ្បិត ការបោះ ឆ្នោត​មិនទាន់មាន​ភាពល្អប្រសើរ​នៅឡើយ តែ​នេះ គឺ​ជំហាន​ដំបូង​នៃ​ការកសាង​សន្តិភាព និង ស្ថិរភាព នៅក្នុង​ប្រទេស​។ ជាមួយនឹង​ការ​សាទរ លោក ខេ​រី ក៏បាន​ព្រមាន​ចំពោះ​អំណាច​យោធា​ដែល​បាន បញ្ញត្តិ​នៅក្នុង​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ាប​ច្ចប្ប​ន្ន ថា​ជា​ឧបសគ្គ​នៃ​ការអនុវត្ត​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​។​

​តែ​សម្រាប់​ថៃ​ដែលជា​ប្រទេសជិតខាង​មី​យ៉ាន់​ម៉ា កំពុងតែ​ប្រុង​ជើងការ​នៅតាម​ព្រំដែន ដើម្បី​ត្រៀម ជួយសង្គ្រោះ​ប្រជាជន​នៅតាម​ព្រំដែន​។ នោះ​ក៏​ព្រោះតែ អាជ្ញាធរ​ថៃ ខ្លាចក្រែង​ថា​មានការ​បះបោរ ពី​សំណាក់​យោធា​មី​យ៉ាន់​ម៉ា ក្រោយពី​បក្ស​លោកស្រី​ស៊ូ​ជី​ឈ្នះ​ការបោះឆ្នោត​នេះ ។

៣. តើ​អ្វី​ជា​ក្តីបារម្ភ​ពិតប្រាកដ​របស់​បក្ស​លោកស្រី​ស៊ូ​ជី ខណៈ​សំឡេងគាំទ្រ​កំពុងតែ​កើនឡើង​?
​ខណៈ​ការរាប់​សំឡេងឆ្នោត​តាម​មណ្ឌល បង្ហាញថា​បក្ស​លោកស្រី​ស៊ូ​ជី កំពុងតែ​នាំមុខ​ក៏ដោយ តែ វា​នៅតែមាន​ភាពស្រពិចស្រពិល​នៅឡើយ​នោះទេ ចំពោះ​ការឡើង​កាន់អំណាច​រប​ស់លោក​ស្រី ស៊ូ​ជី​។ នោះ​ក៏​ព្រោះតែ រដ្ឋធម្មនុញ្ញ​រដ្ឋធម្មនុញ្ញ​ដែល​ធ្វើឡើង​ដោយ​របប​យោធា​បាន​ហាមឃាត់​លោកស្រី​មិន អាច​ឈរ​ជា​បេក្ខភាព​ប្រធានាធិបតី​បាន​។ មួយវិញទៀត រដ្ឋធម្មនុញ្ញ​នោះ ក៏បាន​បានផ្តល់​អាសនៈ​២៥ ភាគរ​ទៅហើយ​សម្រាប់​សភា​យោធា​។ ហើយ​ដើម្បី​អាចមាន​លទ្ធភាព​ឈរ​ជា​បេក្ខភាព​ប្រធានាធិបតី បាន​លុះត្រាតែ កែប្រែ​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន ដែល​ទាមទារ​ឲ្យ​មាន​សំឡេង​សភា​៧៥​ភាគ និង ការធ្វើប្រជាមតិ​ផងដែរ​។ យ៉ាងណាក្តី លោកស្រី​ស៊ូ​ជី ថ្លែង​នៅក្នុង​សន្និសីទកាសែត​ហើយ​ថា បើ​គណបក្ស​សម្ព័ន្ធ ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ឈ្នះឆ្នោត នោះ​បក្ស​លោកស្រី​នឹង​បង្កើត​រដ្ឋាភិបាល ហើយ​លោកស្រី នឹងមាន​តំណែង​ខ្ពស់ជាង​ប្រធានាធិបតី​។ តែ​គេ​មិនទាន់​ដឹង​ច្បាស់​ថា តំណែង​ខ្ពស់ជាង​ប្រធានាធិបតី របស់លោក​ស្រី​ស៊ូ​ជី មានន័យ​យ៉ាងដូចម្តេច​នោះទេ​?