រៀបការ​បាន​ប្រាំ​ឆ្នាំ​ទើប​ដឹងថា​ស្វាមី​មាន​ប្រវត្តិ​មិនល្អ​

Sanofi

នាង​ខ្ញុំ និង ស្វាមី​រៀបការ​បាន​ប្រាំ​ឆ្នាំ​ហើយ ។ ពួកយើង​មានកូន​ពីរ​នាក់​ជា​ចំណងដៃ​អា​ពា​ពិពាហ៍​ដែល​រៀបចំឡើង​ដោយ​ឪពុកម្តាយ​របស់​នាង​ខ្ញុំ ចំណែក​ស្វាមី​នាង​ខ្ញុំ​ជា​កូនកំព្រា​គ្មាន​សាច់ញាតិ​អ្វី​ឡើយ ។ នាង​ខ្ញុំ និង ក្រុមគ្រួសារ​ស្រឡាញ់​គាត់ ដោយសារតែ​គាត់​ជា​បុរស​ម្នាក់​ដែលមាន​ចរិត​ស្លូតបូត សុភាពរាបសា មានចំណេះដឹង​សមរម្យ ជាពិសេស​គាត់​ធ្លាប់​បួស​រៀន​ថែម​ទៀតផង ដែល​គុណសម្បត្តិ​ចុងក្រោយ​នេះ​ឪពុកម្តាយ​របស់ខ្ញុំ​ពេញចិត្ត​យ៉ាងខ្លាំង ព្រោះ​ពួកគាត់​ជា​ពុទ្ធសាសនិកជន ។

ខ្ញុំ និង ស្វាមី​ស្គាល់គ្នា​ដោយសារតែ​ខ្ញុំ​ជា​អ្នកលក់​ចាប់ហួយ​ខ្នាត​មធ្យម​មួយ​នៅ​ពីមុខ​ផ្សារ​ចំណែកឯ​ស្វាមី​ខ្ញុំ​ជា​អ្នក​ដើររក​ទីផ្សារ​ឱ្យ​ផលិតផល​ភេសជ្ជៈ​ក្រុមហ៊ុន​មួយ ។ ពួកយើង​ក៏​រាប់អាន​គ្នា​កាន់តែ​ជិតស្និទ្ធ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ រហូត​បាត់​មុខ​គ្នា​មិនបាន ។ ក្រោយមក ឪពុកម្តាយ​របស់ខ្ញុំ​ក៏​បានដឹង​រឿងនេះ​ពួកគាត់​មិន​ជំទាស់​ឡើយ ហើយក៏​មិន​ប្រកាន់​ពី​ភាព​មាន​ក្រ​អ្វី​ដែរ សំខាន់​ឱ្យតែ​យើង​ទាំងពីរ​នាក់​ស្រឡាញ់គ្នា​ដោយ ស្មោះ​នោះ​ពួកគាត់​សប្បាយចិត្ត និង មិនត្រូវ​ការ​អ្វី​ទាំងអស់ ។ ទីបំផុត​ពួកយើង​ក៏បាន​រៀបការ និង រស់នៅ​ជាមួយគ្នា​យ៉ាង​មាន​សុភមង្គល ។

​ជាការ​ពិត​ក្នុង​លោក​នេះ​គ្មាន​អ្វីដែល​មិនចេះ​ប្រែប្រួល​នោះទេ សុភមង្គល​ផ្លូវចិត្ត​របស់ខ្ញុំ​ត្រូវ​រុះ​រោយ​អស់ ដោយសារ​តែមាន​ភ្ញៀវ​ទិញ​ទំនិញ​ម្នាក់​លួចខ្សឹប​ប្រាប់ថា ប្តី​របស់​នាង​ខ្ញុំ​កាលពី​នៅ​កំពង់ចាម គឺជា​អ្នកលេង និង ជា​អ្នក​ជក់​គ្រឿងញៀន ថែមទាំង​មាន​ប្រវត្តិ​ជាប់ពន្ធនាគារ​មួយឆ្នាំ​ពីបទ​វាយ​គេ​ឱ្យ​របួសធ្ងន់ ដែល​រឿងនេះ​ជា​មូលហេតុ​ធ្វើ​ឪពុកម្តាយ​របស់គាត់​ពិបាកចិត្ត​មាន​ជំងឺ​រហូត​ស្លាប់ ។​ នាង​ខ្ញុំ​ក៏បាន​សួរនាំ​ស្វាមី​ពី​រឿងនេះ គាត់​ក៏​ទទួលស្គាល់ថា​នេះ​ជា​រឿង​ពិត ។ ខ្ញុំ​ពិតជា​មានការ​ខកចិត្ត​ខ្លាំងណាស់ ជាពិសេស​ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​គេ​បំផុត​ដែល​ខ្ញុំ​មាន​ប្តី​បែបនេះ​តែ​ខ្ញុំ​នៅ​ស្រឡាញ់​គាត់ មិនអាច​រស់នៅ​ដោយ​គ្មាន​គាត់​បានឡើយ ។

រឿងនេះ​មុខជា​មិន​ស្ងាត់​ទេ ព្រោះ​នារី​ដែល​ដឹង​ពី​ប្រវត្តិ​ប្តី​នាង​ខ្ញុំ​បានមក​ជួល​ផ្ទះ​នៅ​ម្តុំ​ផ្ទះ​របស់ខ្ញុំ​ដែរ ។ ពុក​ម៉ែ​របស់ខ្ញុំ​ប្រកាន់​បំផុត​ពី​រឿង​បែបនេះ បើ​ពួកគាត់​ដឹង​មុខជា​មិនអាច​ទទួលយក​បានឡើយ ។ ពួកលោក​ស្រឡាញ់​កិត្តិយស និង សេចក្តីថ្លៃថ្នូរ​ជាង​អ្វី​ទាំងអស់ ហើយ​ពួកលោក​ស្អប់​គ្រឿងញៀន​ណាស់ដែរ ។ ​តើ​នាង​ខ្ញុំ​គួរ​ធ្វើយ៉ាងណា​ចំពោះ​រឿងនេះ ញ្រេះ​នាង​ខ្ញុំ​បារម្ភ​ខ្លាច គ្រួសារ​នាង​ខ្ញុំ​ត្រូវ​បែកបាក់​គ្នា ។ ខ្ញុំ​ស្រឡាញ់​ស្វាមី​ខ្លាំងណាស់ ឯ​គាត់​វិញ​ក៏​ស្រឡាញ់​ខ្ញុំ​ដូចគ្នា​ដែរ ។​

​ជូន​ចំពោះ​អ្នកមាន​វិបត្តិ

​តាម​ការរៀប​រាប់រប​ស់​នាង​បានឱ្យដឹងថា រួមទាំង​ក្រុមគ្រួសារ​ស្រឡាញ់​ប្តី​របស់​នាង​ខ្លាំងណាស់ ដោយ​សម្លឹង​ឃើញ​លក្ខណសម្បត្តិ​របស់គាត់​ចាប់តាំងពី​បាន​ស្គាល់គ្នា ។ ស្វាមី​នាង​ជាម​នុស្ស​ស្លូតបូត​សុភាពរាបសា​មានចំណេះដឹង មានការ​ងារ​ធ្វើ ពិសេស​ធ្លាប់​បួស​រៀន​ទៀតផង ដែល​គុណសម្បត្តិ​ទាំងនេះ​ជា​ចំណង​ចងចិត្ត​អ្នកនាង និង គ្រួសារ​មិនឱ្យ​មើលរំលង ។ ​រឿងនេះ​«​ប្រជាប្រិយ​»​សូម​ជូន​យោបល់​ថា បើ​នាង និង ស្វាមី​ពិតជា​មិនអាច​គេចវេះ​បាន​ពួកនាង​ត្រូវ​ក្លាហាន​ហ៊ាន​ប្រឈម​នឹង​ការពិត ព្រោះ​រឿងនេះ​មុខជា​បែកធ្លាយ​ដឹងឮ​ដល់​ឪពុកម្តាយ​របស់​នាង​ក្នុងពេល​ណាមួយ​ជាមិនខាន ។

នាង​គួរតែ​សំណូមពរ​ឱ្យ​ស្វាមី​ទៅ​សារភាព​ចំ​ញេះ​ឪពុកម្តាយ​របស់​នាង​ដោយ​លុតជង្គង់​សូម​ការ​អភ័យទោស​ពី​គាត់​ដែល​មិនបាន​ប្រាប់​គាត់​ពី​រឿង​អតីតកាល​របស់ខ្លួន​ឱ្យ​ពួកគាត់​ដឹង​មុន ។ «​ប្រជាប្រិយ​»​មានជំនឿថា មនុស្ស​ម្នាក់​ដែល​ដឹង​កំហុស​សារភាព​កំហុស​មុខជា​បានទទួល​ការ​អភ័យទោស និង សន្តោស​ប្រណី​មិន​ខាន ព្រោះ​ឪពុកម្តាយ​នាង​ជាម​នុស្ស​ល្អ មិន ប្រកាន់វណ្ណៈ … ។ ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ក៏​ទ្រង់​តែង​លើកលែង សាទរ និង អភ័យទោស​ដល់​ជន​ភ្ញាក់រឭក​ដែរ ដូចជា​ករណី អង្គុលីមា​ល​ជាដើម ។

«​ប្រជាប្រិយ​»​យល់ថា វា​មុខជា​ពិបាក​ណាស់​កាលដែល​ឱ្យ​ពួកនាង​ទទួលយក​រឿងនេះ​ភ្លាមៗ ក៏ប៉ុន្តែ​ការតស៊ូ​ព្យាយាម អត់ធ្មត់ មុខជា​បានសម្រេច​បំណង​ស្វាមី​ជាមិនខាន ។ ក្នុង​លោក​នេះ​គ្មាន​នរណាម្នាក់​ដែល​មិន​មានរឿង​ពី​អតីតកាល​នោះទេ សំខាន់​ត្រូវ​សម្លឹងមើល​បច្ចុប្បន្នកាល​ពុំគួរ​យក​អតីតកាល​ធ្វើជា​ឧបសគ្គ​ក្នុង​ដំណើរ​ជីវិត​របស់​មនុស្ស​ដែល​ចេះ​កសាង​ខ្លួន​មកជា​មនុស្ស​ល្អ​វិញ​នោះឡើយ ។ វា​គឺជា​បុណ្យ​ព្រេង​របស់​នាង​ទៅវិញ​ទេ​ដែលមាន​ស្វាមី​ជា​បុរស​ចេះ​កែខ្លួន​មកជា​មនុស្ស​ល្អ ប្រសើរ​ជាង​ស្វាមី​ដែលជា​បុរស​ល្អ​មុន​រៀបការ តែ​មក​ខូចខិល​ប្រព្រឹត្តិ​មិនល្អ​ក្រោយ​រៀបការ​នោះ ទើប​ជា​រឿង​អា​មាស់ ។

ដូច្នេះ​ករណី​របស់​ស្វាមី​នាង នាង​មិនត្រូវ​ខូចចិត្ត​នោះទេ ផ្ទុយទៅវិញ​នាង​គួរតែ​សប្បាយចិត្ត​ទើប​ត្រឹមត្រូវ ។​ «​ប្រជាប្រិយ​»​សូម​ជូនពរ​ក្រុមគ្រួសារ​របស់​នាង​ឱ្យ​ដោះស្រាយ​បញ្ហា នេះ​ដោយ​ការយោគយល់​ខ្ពស់ និងរស់​នៅមាន​សុភមង្គល​ដូច​កាលដែល​មិនទាន់មាន​បញ្ហា​នេះ​កើតឡើង៕

Related