ឃាត់ខ្លួន​មនុស្ស​គម្នាក់ ​ជាប់​​ចោទ​ពី​បទ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ជា​មនុស្ស​គ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៥ ដោយ​ចោទប្រកាន់​ពី​បទ​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ ។ ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​មនុស្ស​គ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ហ៊ី ចាន់​ដា​រ៉ា ហៅ​ណ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ត្រូវ​ចោរលួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​នៅ​យប់​ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៥ និង​ជន​រង​គ្រោះ ឈ្មោះ ជឹ​ប សុខា​រី ហៅ​អ៊ិ​ត ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​-​​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ត្រូវ​ចោរលួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​កាលពី​យប់​ថ្ងៃ​ទី​៧ វិច្ឆិកា ២០១៥ ។

លោក​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់​ហើយ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មនុស្ស​គ ហើយ​រឹបអូស​បាន​វត្ថុ​តាង​មក​វិញ​មាន​ដូច​ជា កុំព្យូទ័រ​១​គ្រឿង​, ក្បាល​កាមេរ៉ា​១ និង​វ៉ា​យ​ហ្វា​យ​១ ជា​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ឈ្មោះ ជឹ​ប សុខា​រី ហៅ​អ៊ិ​ត និង ម៉ូ​ទ័​រ​ស្វាន​១​គ្រឿង​, ម៉ូ​ទ័​រ​ស្វាន​ធុន​ធំ​៣​គ្រឿង​, ម៉ូ​ទ័​រ​កាត់​ការ៉ូ​២​គ្រឿង​, ខ្សែរ​ភ្លើង​១​ដុំ ជា​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​ឈ្មោះ ហ៊ី ចាន់​ដា​រ៉ា ហៅ​ណ​ន ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ បាន​បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មនុស្ស​គ​ធ្វើ​សកម្មភាព​លួច​គាស់​យក​ទ្រព្យសម្បត្តិ​យ៉ាង​សកម្ម​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ៕