អ្នកនយោបាយ​ខ្មែរ​សាទរ​ជ័យជម្នះ​បក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី

​អ្នកនយោបាយ និង​អ្នកវិភាគ​សង្គម​នៅ​កម្ពុជា ដែល​បាន​តាមដាន​ការបោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​គាំទ្រ​ការផ្លាស់ប្ដូរ​នៅ​មី​យ៉ាន​ម៉ា ខណៈ​គណបក្សប្រឆាំង​លោកស្រី  អ៊ុង​សាន ស៊ូ​ជី កំពុង​ទទួលបាន​សំឡេងគាំទ្រ​ភ្លូកទឹកភ្លូកដី ។  ប្រធានស្ដីទី​គណបក្សកាន់អំណាច​លោក Ht ay oo និង​ប្រធានសភា មី​យ៉ាន់​ម៉ា និង​ជា​អតីត ប្រធាន​គណបក្ស​សហភាព​រួបរួម និង អភិវឌ្ឍ (USDP) លោក Shwe Mann បានប្រកាស​ពី​បរាជ័យ​របស់ខ្លួន ‹‹​យើង​ចាញ់ហើយ​›› ។ ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ធំៗ ក៏បាន​ផ្សព្វផ្សាយ​ថា គណបក្សប្រឆាំង​លោកស្រី  អ៊ុង​សាន ស៊ូ​ជី កំពុង​នាំមុខ​ទទួលបាន​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន គាំទ្រ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​មី​យ៉ាន់​ម៉ា ។ លោក សុខ ឥសាន ក៏​សាទរផងដែរ បើសិនជា​គណបក្សប្រឆាំង​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ទទួលបាន​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​នៅពេលនេះ​។ បើទោះជា​មានការ​គាំទ្រ​យ៉ាងណា​ក៏ដោយចុះ តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូបនេះ មិន​ហ៊ាន​សន្និដ្ឋាន​ស៊ីជម្រៅ​នៅឡើយ​ទេ ចំពោះ​ការផ្ទេរអំណាច​ដោយ​សុច្ច​ភាព បែប​ប្រជាធិបតេយ្យ​នេះ​។​«​យើង​អប់អរសាទរ ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ដោយ​សម្ដែង​ដោយ​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា ឆ្លង​តាមរយៈ​ការបោះឆ្នោត​ដែលមាន​ការត្រឹមត្រូវ​ដោយ​យុត្តិធម៌ និង​សេរី​។ ហើយ​ម្យ៉ាងទៀត​លក្ខណៈសម្បត្តិ​មី​យ៉ាន​ម៉ា គឺ​វា​ខុស​ត្រង់​ថា កងទ័ព​គេ​ទុក​កៅអី​២៥​ភាគរយ​សម្រាប់​កងទ័ព​ដោយ​មិនបាច់​បោះឆ្នោត​គឺ​កងទ័ព​ជាប់​ដោយ​ស្វ័យប្រវត្តិ​… ។ តែ​ខ្ញុំ​យល់ថា យើង​មិនមែនជា​ប្រជាជន​គេ ហើយ​យើង​ក៏​ក្ដាប់​សភាពការណ៍​ប្រទេស​គេ​មិនបាន យើង​សន្និដ្ឋាន​គឺ​វា​មិនល្អ​»​។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី មួ សុខ​ហួរ ដែល​តែងតែ​ត្រូវបាន​គេ​ប្រដូច​ទៅនឹង​លោកស្រី អ៊ុង​សាន ស៊ូ​ជី នោះ​ក៏បាន​សម្ដែង​ការគាំទ្រដែរ។ លោកស្រី សុខ​ហួរ បាន​សរស​សេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា យុត្តិធម៌​បានឈ្នះ​ហើយ​នៅ​ប្រទេស​ភូមា​។ ចំណែក​លោក អេង ឆៃអ៊ាង កន្លងមកក៏ធ្លាប់បានបង្ហាញ​ចំណាប់អារម្មណ៍​ខ្លាំង​ទៅលើ​សន្ទុះ​នៃ​ការគាំទ្រ​គណបក្សប្រឆាំងលោកស្រី  អ៊ុង​សាន ស៊ូ​ជី ​។​លោក​ថា តាមរយៈ​យុទ្ធនាការ​នៃ​ការបោះឆ្នោត ទឹកចិត្ត​ពលរដ្ឋ​មី​យ៉ាន​ម៉ា នៅតែ​ពុះកញ្ជ្រោល​ចង់បាន​ការផ្លាស់ប្តូរ​។ ហើយ​លោក​ជឿជាក់ថា គណបក្សប្រឆាំង​របស់​លោកស្រី  អ៊ុង​សាន ស៊ូ​ជី នឹង​ឈ្នះ​ក្នុងការ​បោះឆ្នោត​នេះ​។

​ទាំង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​នៅ​កម្ពុជា លោក អេង ឆៃអ៊ាង លោកស្រី មួ សុខ​ហួរ ទាំង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និង​ទាំង​លោក មាស នី អ្នកវិភាគ​នយោបាយ​ក​ម្ពុ​ជា សុទ្ធតែ​សាទរ​លទ្ធផល​របស់​គ​ណ​បក្សប្រឆាំង លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ទទួលបាន​ភ្លូកទឹកភ្លូកដី​នៅពេលនេះ​។

​ប៉ុន្ដែ​លោក មាស នី លើកឡើង​បន្ថែមថា ប្រទេស​មី​យ៉ាន់​ម៉ា នឹង​ក្លាយជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា បើសិនជា​គណបក្សកាន់អំណាច​មី​យ៉ាន់​ម៉ា​ចាញ់ឆ្នោត ហើយ​យល់ព្រម​ប្រគល់​អំណាច​ឲ្យ​បក្សប្រឆាំង​។ ចំណែក​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​លោក ថេ​ន សេន ក៏​អាច​កសាង​កេ​រ្ត៍​ឈ្មោះ​ខ្លួន​ឡើងវិញ​ដែរ​៕