ស​ន្និ​សិ​ទ​កាសែត ​បញ្ជូន​ជនជាតិ​ចិន​១៦៩​នាក់​ពាក់ព័ន្ធ​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​រ​ណេ​តទៅ​ប្រទេស​ចិន​ទាំង​យប់

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​ជាង​១២​រំលង​អធ្រាត្រនា​ឈាន​ចូល​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥  អគ្គនាយកដ្ឋាន​អន្តរ​ប្រវេសន៍ សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ប្រទេស​ចិន បាន​ធ្វើ​សន្និសីទ​បង្ហាញមុខ​ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​១៦៩​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ពាក់​ព័ន្ធ​ករណី​ចាប់​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិនធើរ​ណេត​ ដើម្បី​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​ឲ្យ​សមត្ថកិច្ច​ចិន​ចាត់​ចែង​តាម​ផ្លូវ​ច្បាប់ ។

ប្រភព​ពី​សមត្ថកិច្ច​អន្តរ​ប្រវេសន៍​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ទាំង​១៦៩​នាក់ ក្នុង​នោះ​ស្រី​១៩​នាក់ ប្រុស​១៥០​នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្ត​ព្រះ​សីហ​នុ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​រ​ណេ​ត ហៅ​កាត់​ថា VOIP ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា សន្និសីទ​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍​, លោក​ឧត្តមសេនីយ៍ឯក កែវ វណ្ណ​ថន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍​, លោក​ឧត្តមសេនីយ៍ឯក ម៉​ម ស្រ៊ី​នវ​ណ្ណា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម តុង សែ​វ​កាន់ អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ប្រទេស​ចិន​ផង​ដែរ ។

ប្រភព​បាន​បន្ថែម​ទៀត​ថា បន្ទាប់​ពី​ធ្វើ​សន្និសីទកាសែត​រួច ជនជាតិ​ចិន​ទាំង​១៦៩​នាក់ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​ទាំង​យប់​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចិន​ធ្វើការ​ចាត់ចែង​ទៅ​តាម​ផ្លូវច្បាប់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ទំព័រ​កាសែត​កោះសន្តិភាព