ខ្មោចលង៖ «ខ្ញុំ​រាង​ចាល ឈប់​ថត​រូប​តែ​ម្នាក់​ឯង​ទៀត​ហើយ»

បន្ទាប់ពីបានឃើញ «ខ្មោច» បានមកពន្លេចខ្លួន នៅក្នុងរូបថត ដែលនាងថតដោយខ្លួនឯង និងតែម្នាក់ឯងនោះ ស្ត្រី​ជាតិ​អង់គ្លេស​ម្នាក់​នេះ បានរត់បាតជើងសព្រាត ចេញពីលំនៅដ្ឋាន​របស់ខ្លួន ហើយលែង​ត្រឡប់​មក​វិញ​សោះ​តែ​ម្ដង។
ខ្មោចលង៖ «ខ្ញុំ​រាង​ចាល ឈប់​ថត​រូប​តែ​ម្នាក់​ឯង​ទៀត​ហើយ»
រូបថតរបស់នាង ណាតាសា ដែលថតដោយខ្លួនឯង ក្នុងបន្ទប់ម្នាក់ឯង... តែពេលនាងមើលលទ្ធផល...។ (រូបថតទ្វីសធើរ)

នេះហើយ គេហៅថា ការភ័យលោះព្រលឹង ព្រោះជឿងថា មាន«ខ្មោចលង»។ នាង ណាតាសា បូដេន (Natasha Boden) អាយុ២៦ឆ្នាំ បានរត់ចេញពីគេហដ្ឋានរបស់ខ្លួន ក្នុងក្រុង «Blackpool» ទាំងព្រលឹង​នៅ​ចុង​សក់ និងបានបដិសេធ លែងត្រឡប់មកជាន់វិញ បន្ទាប់ពីនាងបានឃើញស្រមោលបុរសម្នាក់ មកឈរពី​ក្រោយ​ខ្នងនាង នៅពេលដែលនាងថតរូបខ្លួនឯងតាមទូរស័ព្ទ។

ហេតុការណ៍នេះ បានកើតឡើងតាំងពីសប្ដាហ៍មុន ក្រោយពីបានឆ្នៃម៉ូដសក់ថ្មី នាង បូដេន ចង់ថត​រូប​ខ្លួន​ឯងនេះ ដើម្បីចង់ដឹងថា តើមុខមាត់របស់នាង បានផ្លាស់ប្ដូរ និងស្អាតយ៉ាងដូចម្ដេច។ ប៉ុន្តែនៅពេលនេះ​សម្លឹង​មើល​រូបថត ដែលនាងថតរូប នៅក្នុងបន្ទប់នោះ នាងភ័យដល់ថ្នាក់លោះព្រលឹង។ នាងបានថ្លែង​ប្រាប់​សារព័ត៌មាន​អង់គ្លេស «The Sun» ថា៖ «ខ្ញុំព្រឺសម្បុរគីង្គក់ខ្ញាក នឹងរូបស្រមោលមុខមនុស្សប្រុសម្នាក់ ឈរ​ពួន​នៅ​ពី​ក្រោយ ខាងស្ដាំដៃខ្ញុំ»។

សម្រាប់ស្ត្រី ដែលមានកូនស្រីមួយនាក់រូបនេះ វាពិតជាមានខ្មោចលង បានបង្ហាញខ្លួន នៅក្នុងរូបថត​របស់​នាង។ នាង បានថ្លែងបន្តទៀតថា៖ «ខ្ញុំភ័យឡើងញ័រខ្លួន។ ពេលនោះ ខ្ញុំនៅក្នុងផ្ទះតែម្នាក់ឯង ហើយរឿង​ម្យ៉ាង​​ដែល​ខ្ញុំគិតចេញមក មានតែរត់គេចភ្លាម ចេញពីទីនោះ។ ខ្ញុំបានចេញ ទៅស្នាក់នៅសណ្ឋាគារ អស់​ប៉ុន្មាន​​យប់។»

តាមពិតទៅ ការភ័យភិតរបស់នាង មិនមែនគ្មានហេតុផលនោះទេ។ នាងបានរៀបរាប់ថា កាលពី៦​សប្ដាហ៍​មុន មានព្លុកប៉ុន្មាននាក់ របស់ក្រុមហ៊ុនចាត់ចែងបុណ្យសពមួយ បានមកជួបនាងដល់ក្នុងផ្ទះ ហើយបាន​ប្រាប់​​នាង ថាពួកគេមកកាន់ទីនេះ ដើម្បីយកសាកសពមួយចេញទៅ។ បើទោះពួកព្លុកទាំងនោះ បាន​កែ​សំដី​វិញ ថា​ពួកគេ​បានច្រឡំជាន់អាគារ (ផ្ទះនៅលើក្រោមគ្នា) នោះក៏ដោយ តែដំណឹងនេះ បានធ្វើឲ្យនាង ណាតាសា បូដេន ផតពោះបាត់ព្រលឹង រួចជាស្រេចហើយ។

ក្រោយមក នាងចេះតែមានអារម្មណ៍ ជាបន្តបន្ទាប់ថា ផ្ទះរបស់នាងនេះ មានខ្មោចលង។ នាងនិយាយ​រៀប​រាប់ទៀតថា៖ «អ្នកជិតខាងរបស់ខ្ញុំម្នាក់​ទើបនឹងស្លាប់។ ខ្ញុំមិនដឹងថា តើអ្នកជិតខាង ដែលស្លាប់នោះ មាន​ជាប់​ទាក់ទង នឹងស្រមោលបុរសម្នាក់ នៅក្នុងរូបថត ឬយ៉ាងទេ។ ប៉ុន្តែខ្ញុំរាងចាល ឈប់ថតរូបតែម្នាក់​ឯង​ទៀត​ហើយ។»

នាង ណាតាសា ជាមួយស្វាមី និងកូនស្រីអាយុ២ឆ្នាំ ទើបនឹងរើមកនៅផ្ទះថ្មីនេះ កាលពីប៉ុន្មានខែមុនប៉ុណ្ណោះ ហើយនាងអះអាងថា នាងមិនដែលជឿ រឿងខ្មោចព្រាយបីសាចនោះឡើយ។ ប៉ុន្តែក្នុងពេលនេះ នាងនិង​គ្រួសារ​​ទាំងមូល ត្រូវរកផ្ទះនៅ សារជាថ្មីទៀត។ អ្នកម្ដាយវ័យក្មេងរូបនេះ បានឲ្យដឹងថា ស្វាមីនាង លោក ម៉ាក (Mark) កំពុង​រៀបចំឥវ៉ាន់ ចេញពីផ្ទះនោះឲ្យអស់ ខណៈខ្លួននាងញាក់សាច់ ស្បថឈប់ឈានជើង ទៅ​ជាន់​នៅ​ទី​នោះ​ជា​រៀងរហូត។ នាងបានបង្ហើបឲ្យដឹងថា៖ «នៅពេលខ្ញុំរើមកដល់ផ្ទះនោះដំបូង ខ្ញុំក៏បាន​សង្កេត​​ឃើញ​ដែរ ថាក្ដាកម្រាលក្នុងផ្ទះ សង្កៀតគ្នាយ៉ាងរណ្ដំ ខណៈនៅក្នុងផ្ទះ មិនមាននរណាម្នាក់សោះ។ នៅ​ពេល​នោះ ខ្ញុំ​គិត​ថា ប្រហែលបណ្ដាលមកពី អាគារផ្ទះនោះចាស់ពេក ទើបក្ដាកម្រាលវារង្គើដូច្នេះ។ តែ​ឥឡូវ​​នេះ ខ្ញុំលែង​គិត​អញ្ចឹង​ទៀត​ហើយ។»៕

» នេះជារូបថតទាំងស្រុង របស់នាង ណាតាសា បូដេន ដោយមានបន្ថែមរង្វង់ ត្រង់ស្រមោលមុខមនុស្ស៖

ខ្មោចលង៖ «ខ្ញុំ​រាង​ចាល ឈប់​ថត​រូប​តែ​ម្នាក់​ឯង​ទៀត​ហើយ»