ច្រឹង ពលរដ្ឋ ជោគជ័យ​​ស្នេហា និង​កីឡា ខណៈ​​​ភ្ជាប់​ពាក្យ​​នឹង​​សង្សារ​ ខែ​មករា ២០១៦​

ច្រឹង ពលរដ្ឋ ជោគជ័យ​​ស្នេហា និង​កីឡា ខណៈ​​​ភ្ជាប់​ពាក្យ​​នឹង​​សង្សារ​ ខែ​មករា ២០១៦​

ទំនាក់ទំនង​ស្នេហា​រវាង​កីឡាករ​បាល់ទាត់​វ័យក្មេង​របស់​ជម្រើស​ជាតិ​កម្ពុជា ច្រឹង ពលរដ្ឋ ​និង កញ្ញា ប៊ុន រ៉ាណែត ​បាន​ឈាន​ដល់​ថ្ងៃ​ភ្ជាប់​ពាក្យ​ហើយ​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ បន្ទាប់​ពីពួក​គេ​​ប្រើ​ពេល​យល់​ចិត្ត​គ្នា​អស់​រយៈ​ពេល​៥​ឆ្នាំ​ ហើយ​ក្នុងរយៈ​ពេល​ថ្មីៗ​នេះ​អាជីព​បាល់ទាត់​របស់​គេ​ក៏​កាន់​តែ​​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ទាំង​ក្រុម​ជម្រើស​ជាតិ​អាយុ​១៩​ឆ្នាំ​ និង​ក្រុម​ធំ។

 ច្រឹង ពលរដ្ឋ ជោគជ័យ​​ស្នេហា និង​កីឡា ខណៈ​​​ភ្ជាប់​ពាក្យ​​នឹង​​សង្សារ​ ខែ​មករា ២០១៦​ច្រឹង ពលរដ្ឋ ​ជាមួយ​និង កញ្ញា ប៊ុន រ៉ាណែត

 

កញ្ញា ប៊ុន រ៉ាណែត បាន​ប្រាប់ Sabay ថា ច្រឹង ពលរដ្ឋ ​និង​កញ្ញា​ជា​សិស្ស​រៀន​នៅ​សាលា​ជាមួយ​គ្នា​នៅរាជ​ធានី​​ភ្នំពេញ​នេះ ហើយ​ចាប់​ផ្ដើម​ទំនាក់​ទំនង​ស្នេហា​ ដោយសារ​មិត្ត​របស់​កញ្ញា​​​ម្នាក់​ដែល​ត្រូវ​ជា​ប្អូន​ជីដូន​មួយ​របស់​ពលរដ្ឋ​ជា​អ្នក​ណែនាំ​ឱ្យ​ស្គាល់​គ្នា​តាំង​ពី​​ដើម​ឆ្នាំ​២០១១។ ដោយ​ប្រើ​ពេល​ជិត​៥​ឆ្នាំ ស្វែងយល់​ចិត្ត​គ្នា គូស្នេហ៍​ស្មោះស្ម័គ្រ​មួយ​គូ​នេះ​បាន​ឈាន​ដល់​ការ​ភ្ជាប់​ពាក្យ​ហើយ ដោយ​តាម​គម្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​មករា​ដើម​ឆ្នាំ​២០១៦​នេះ ហើយ​អាច​នឹង​រៀបការ​នៅ​២​ឆ្នាំ​បន្ទាប់។

 

ខ្សែ​បម្រើ​វ័យ​ក្មេង ច្រឹង ពលរដ្ឋ ​កំពុង​តែ​ត្រូវ​បាន​អ្នក​គាំទ្រ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ទាំង​នៅ​ក្លិប​អាជីព​ និង​ក្រុម​ជម្រើស​ជាតិ​ប៉ុន្មាន​ប្រកួត​ថ្មី​ៗ​នេះ ព្រោះ​ថា​រូប​គេ​ទើប​តែ​ត្រូវ​គេ​កោះ​ហៅ​ឱ្យ​ចូល​ជម្រើស​ជាតិ​អំឡុង​ពេល​ត្រៀម​ប្រកួត​នៅ​សិង្ហបុរី​នេះ​ទេ និង​ជាប់​ក្នុង​ជម្រើស​២៣​នាក់​ដែល​ចេញ​ដំណើរ​ទៅ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​​ឆ្នាំ​២០១៨​ជា​មួយ​អាហ្វហ្គានីស្ថាន ជើង​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី ជុំ​ទី​ពីរ។ ចំណែក​​អនាគត​ភរិយា​របស់​គេ​វិញ បច្ចុប្បន្ន​កំពុង​រៀន​សំអាង​ការ​ជាមួយ​ម្ដាយ​មីង​នៅ​ម្ដុំ​ផ្សារ​ស៊ីឡឹប។

 

ចំពោះ ពលរដ្ឋ ​បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប​អាជីព​ក្រសួង​ការពារ​ជាតិ​និង​ជា​អតីត​កីឡាករ​លេង​នៅ​ឈុត​U13, U14, U16, U19 ។ សមត្ថភាព​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ល្អ​នោះ​គឺ​កាល​លេង​នៅ​ឈុត U19 រូប​គេ​អាច​រក​បាន​៣​គ្រាប់​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​មីយាន់ម៉ា ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​ទឹកដី​ថៃ។ ចំណែក​ឯ​ក្នុង​ពាន​រង្វាន់ AFF Youth Championship 2015 ​វិញ ​ខ្សែ​បម្រើ​រូប​នេះ​ក៏​ជា​អ្នក​រក​គ្រាប់​បាល់​ជួយ​កម្ពុជា​ឈ្នះ​ហ្វីលីពីន​ផង​ដែរក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល៕

 

ច្រឹង ពលរដ្ឋ ជោគជ័យ​​ស្នេហា និង​កីឡា ខណៈ​​​ភ្ជាប់​ពាក្យ​​នឹង​​សង្សារ​ ខែ​មករា ២០១៦​ច្រឹង ពលរដ្ឋ

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ ផ្ដល់ឱ្យ