មហិច្ឆតា​សាមញ្ញ ៦ យ៉ាង​​ដែល​អ្នក​ភ្នំពេញ​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​ក្នុង​ជីវិត

មហិច្ឆតា​សាមញ្ញ ៦ យ៉ាង​​ដែល​អ្នក​ភ្នំពេញ​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​ក្នុង​ជីវិត

រស់​នៅ​ក្នុង​ទីក្រុង​សម័យ​បច្ចេកវិទ្យា​ អ្នក​ភ្នំពេញ​ភាគ​ច្រើន​តែង​កំណត់​គោល​ដៅ​ដែល​ខ្លួន​​ឯង​ចង់​បាន​ក្នុង​ជីវិត​នេះ។ បើ​តាម​ការ​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​ប្រិយមិត្ត​ Sabay មហិច្ឆតា 6 យ៉ាង​ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​​​ដែល​អ្នក​នៅ​ភ្នំពេញ​ភាគ​ច្រើន ត្រូវ​តែ​ធ្វើ​អោយ​បាន​មុន​បច្ឆិមវ័យ។

 

 

១. កសាង​គ្រួសារ

 

កញ្ញា​ ស្រេង សុខអេង​ និស្សិត​នៅ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប បាន​ប្រាប់​អោយ​ Sabay ដឹង​ថា​គោល​ដៅ​ដំបូង​គេ​គឺ​ចង់​បាន​គ្រួសារ​តូច​និង​កក់ក្ដៅ​មួយ។ ការ​កសាង​គ្រួសារ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ប៉ុន្តែ​នេះ​ជា​ជំហាន​ទី​មួយ​ ដែល​មនុស្ស​គ្រប់​គ្នា​តែង​តែ​ធ្វើ​នៅ​ចន្លោះ ២២-៣០ ឆ្នាំ​​។ សុខអេង​បាន​បន្ត​ទៀត​ថា នៅ​​​​ចន្លោះ​អាយុ​នេះ​មនុស្ស​ភាគ​ច្រើន​ មិន​ទាន់​មាន​​ជំនួញ​នៅ​ក្នុង​ដៃ​នៅ​ឡើយ​ទេ ពោល​គឺ​នៅ​ធ្វើ​ការ​អោយ​គេ​នៅ​ឡើយ។ «ប៉ុន្តែ​រឿង​បង្កើត​គ្រួសារ​ ម្នាក់ៗ​សុទ្ធ​តែ​បាន​គិត​ទុក​ជា​ជំហាន​ដំបូង!»។ កញ្ញា​បាន​ថ្លែង​យ៉ាង​ដូច្នេះ។

 

 

មហិច្ឆតា​សាមញ្ញ ៦ យ៉ាង​​ដែល​អ្នក​ភ្នំពេញ​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​ក្នុង​ជីវិត

 (រូបតំណាង)

 

 

២. មាន​ផ្ទះ​ផ្ទាល់​ខ្លួន

 

លោក វេន វ័តឌី​ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​កន្លែង​បាន​អោយ​ដឹង​ថា លោក​មក​នៅ​ភ្នំពេញ​រយៈពេល​ ១០ ឆ្នាំ​ហើយ ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​កំពង់​ធំ តែ​លោក​គ្មាន​បំណង​ទៅ​រស់​នៅ​ទីនោះ​វិញ​ទេ។ ពោល​គឺ​លោក​​បាន​ទិញ​ផ្ទះ​​ល្វែង​ផ្ទាល់​ខ្លួន​សម្រាប់​ភរិយា​និង កូន​តូច​ពីរ​នាក់។ លោក​បាន​ថ្លែង​ថា « បើ​សួរ​ថា​មាន​លុយ​​ទិញ​ផ្ទះ​គឺ​គ្មាន​ទេ តែ​រាល់​ថ្ងៃ​បង់​រំលោះ​​តើ! ហើយ​មួយ​ទៀត​នេះ​ជា​វិធី​ដ៏​ពេញ​និយម​​សម្រាប់​អ្នក​ដែល​ទើប​តែ​កសាង​គ្រួសារ»។
ងាក​មក​អ្នក​នាង លីន​ ថា​លីន​បាន​ប្រាប់​ Sabay ថា​អ្នក​នាង​​បាន​រៀប​ការ​ក្នុង​ឆ្នាំ​ ២០១២ ដោយ​ស្នាក់​នៅ​ផ្ទះ​ជាមួយ​ឪពុកម្ដាយ​​ ខណៈ​នោះ​អ្នក​នាង​និង​ស្វាមី​ក៏​បាន​សន្សំ​លុយ ដើម្បី​ទិញ​ផ្ទះ​​ផ្ទាល់​ខ្លួន​មួយ។ បី​ឆ្នាំ​ក្រោយ​មក​ ការ​ខិតខំ​សន្សំ​នេះ​បូក​រួម​នឹង​ការ​ជួយ​ពី​ឪពុក​ម្ដាយ​ទាំង​សង្ខាង​ខ្លះ​ អ្នក​នាង​ក៏​​បាន​រើ​ទៅ​នៅ​ផ្ទះ​ល្វែង​ផ្ទាល់​ខ្លួន​​ជាមួយ​នឹង​ស្វាមី។

 

«ភាគ​ច្រើន​អ្នក​ការ​ហើយ​ថ្មី​ថ្មោង​មិន​សូវ​មាន​លទ្ធភាព​ទិញ​ផ្ទះ​ភ្លាម​នោះ​ទេ បើ​មិន​បង់​រំលស់​ ទាល់​តែ​ឪពុក​ម្ដាយ​ជួយ អញ្ចឹង​បន្ទាប់​ពី​រៀប​ការ​រួច​​ម្នាក់​សង្វាត​សន្សំ​លុយ​ទិញ​ផ្ទះ​ហើយ!»។ អ្នក​នាង​បាន​បន្ថែម​។

 

 

មហិច្ឆតា​សាមញ្ញ ៦ យ៉ាង​​ដែល​អ្នក​ភ្នំពេញ​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​ក្នុង​ជីវិត

 (រូបតំណាង)

 

 

​​៣. មាន​រថយន្ត​គ្រួសារ​មួយ

 

ហេតុ​អ្វី​អ្នក​ភ្នំពេញ​មិន​ទិញ​រថយន្ត​មុន​ទិញ​ផ្ទះ? លោក ហួង សុខេង​ បាន​ឆ្លើយ​ថា «បើ​ទិញ​ឡាន​មុន​ ទិញ​ហើយ​ដាក់​ណា? មាន​ផ្ទះ​ណា​ដាក់? អញ្ចឹង​មាន​តែ​ទិញ​ផ្ទះ​មុន!» ។ ប្រធាន​ផ្នែក​លក់​នៅ​ក្រុម​ហ៊ុន​ គ្រឿង​សំណង់​រូប​នេះ​​បាន​អោយ​ដឹង​ទៀត​ថា មាន​ផ្ទះ​​គ្មាន​ឡាន​ វា​ប្រសើរ​ជាង​ មាន​ឡាន​តែ​ជួល​ផ្ទះ​គេ។ ដូច្នេះ​ទាំង​រូប​លោក​ក្ដី កាល​ណា​ទិញ​ផ្ទះ​បាន​ហើយ​ត្រូវ​តែ​ទិញ​ឡាន​តូច​មួយ តម្លៃ​ត្រឹម​ ៥ ទៅ ៦​ពាន់​​ដុល្លារ​ក៏​បាន​ដែរ សម្រាប់​ដឹក​គ្រួសារ​ថ្មី​ថ្មោង​ទៅ​លេង​ស្រុក​កំណើត​ ឬ ទៅ​ដើរ​លេង​តាម​ខេត្ត​នានា។
ចំណែក​លោក​ស្រី ទៀង អាជីវករ​លក់​សំលៀក​បំពាក់​នៅ​ផ្សារ​ពោធិ៍​ចិន​តុង បាន​ប្រាប់​អោយ​ដឹង​ថា សព្វ​ថ្ងៃ​លោក​ស្រី​និង​គ្រួសារ​កំពុង​ពិចារណា​ទិញ​រថយន្ត​មួយ​គ្រឿង សម្រាប់​ដឹក​​កូន​ៗ ទៅ​សាលា​ ឬ ទៅ​តាម​ខេត្ត​នានា។ លោក​ស្រី​រស់​នៅ​ភ្នំពេញ​តាំង​ពី​ឆ្នាំ ១៩៩៦​ មក​ម្ល៉េះ បាន​លើក​ឡើង​ថា «កំពុង​គិត​គូរ​ទិញ​ឡាន​ជិះ​គ្រាន់​នឹង​ហែ​កឋិន​ ទៅ​ខេត្ត តែ​ទើស​តម្លៃ​តិច!»។​​

 

 

មហិច្ឆតា​សាមញ្ញ ៦ យ៉ាង​​ដែល​អ្នក​ភ្នំពេញ​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​ក្នុង​ជីវិត

 (រូបតំណាង)

 

 

 

៤. មាន​របស់​ទាន់​សម័យ​ក្នុង​ផ្ទះ​យ៉ាង​តិច​មួយ

 

 

លោក ហេង សៅ​ឌី​ បុគ្គលិក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ រស់​នៅ​ភ្នំពេញ​រយៈ​ពេល​១៥ ឆ្នាំ​បាន​ឱ្យ​ដឹង​ថា ការ​រស់​នៅ​ក្នុង​សង្គម​ស៊ីវិល័យ​ទាមទារ​ឱ្យ​ជីវិត​ក៏​ស៊ីវិល័យ​ដែរ ដោយ​សារ​តែ​ផ្ទះ​ល្វែង​ឬ​ផ្ទះ​តូច​ល្មម​ជា​ជម្រើស​ទូទៅ​របស់​គ្រួសារ​និមួយៗ​ហើយ​ ដូច្នេះ​ងាក​ទៅ​ក្នុង​ផ្ទះ​វិញ​គេ​ត្រូវ​តែ​​មាន​របស់​​ដែល​ទាន់​សម័យ​ដូចជា ទូរ​ទឹកកក​ ម៉ាស៊ីន បោក​ខោអាវ​ ម៉ាស៊ីន​ដាំ​បាយ ឬ ក៏​ម៉ាស៊ីន​ដុត​នំ​ជា​ដើម។

 

«ឬ​មិន​អញ្ចឹង ទេ​ក៏​មាន​ smart phone ទាន់​ស៊េរី​អី​មួយ​គ្រឿង​ដែរ!» លោក​សៅឌី​បាន​បន្ថែម។ ​​

 

 

មហិច្ឆតា​សាមញ្ញ ៦ យ៉ាង​​ដែល​អ្នក​ភ្នំពេញ​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​ក្នុង​ជីវិត

 (រូបពី Godrejinterio)

 

 

៥. មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​មួយ

 

ងាក​មក​លោក​ ចិន្តា​​និស្សិត​នៅ​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា សម្រាប់​រូប​លោក​ដែល​​ទើប​នឹង​មក​ពី​ខេត្ត​សៀមរាប​​បាន​បួន​ឆ្នាំ លោក​គ្មាន​គំនិត​ចង់​ធ្វើការ​ឱ្យ​គេ​រហូត​ទេ។ «សម្រាប់​គំនិត​ខ្ញុំ​ហ្មង ខ្ញុំ​​ចង់​បើក​ហាង​លក់​របស់​ញ៉ាំ​មួយ​កន្លែង ទោះ​មិន​មែន​ជា​លក្ខណៈ​​ធំ​អី​​ក៏​ដោយ​តែ​ក៏​សប្បាយ​ចិត្ត​ជាង​ធ្វើ​ការ​ឱ្យ​គេ!»។
លោក​ ឡេង ហ៊ាង​ ម្ចាស់​ក្រុម​ហ៊ុន​រចនា​ប្លង់​ដែល​ទើប​តែ​ដំណើរ​ការ​បាន​ជាង​មួយ​ឆ្នាំ​បាន​ឱ្យ​ដឹង​ថា លោក​មក​រស់​នៅ​ភ្នំពេញ​នៅ​ឆ្នាំ​ ១៩៩៦ មក​ម្ល៉េះ​ បន្ទាប់​ពី​ចប់​ថ្នាក់​មហាវិទ្យាល័យ​លោក​ក៏​បាន​ធ្វើ​ការ​អោយ​គេ​សិន​ដើម្បី​ដក​បទពិសោធន៍​ ទើប​តែ​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៤ លោក​បាន​ចូល​ហ៊ុន​បើក​ដំណើរ​ការ​ក្រុមហ៊ុន​រចនា​ប្លង់ ដោយ​ចូល​ហ៊ុន​ជាមួយ​មិត្តភ័ក្ដិ។ លោក​ហ៊ាង បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​គំនិត​ចង់​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​មួយ​នេះ​ មាន​តាំង​ពី​លោក​នៅ​ជា​សិស្ស​វិទ្យាល័យ​ម្ល៉េះ។​

 

 

មហិច្ឆតា​សាមញ្ញ ៦ យ៉ាង​​ដែល​អ្នក​ភ្នំពេញ​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​ក្នុង​ជីវិត

(រូបថតពី សង្វារ សំកុល)

៦. បាន​ទៅ​លេង​ក្រៅ​ប្រទេស​យ៉ាង​តិច​ម្ដង

 

ងាក​មក​កញ្ញា​ គឹម​ហួយ បុគ្គលិក​ធនាគារ​​វិញ​បាន​ប្រាប់​ថា​ សម្រាប់​គោល​ដៅ​របស់​កញ្ញា​ទៅ​ថ្ងៃ​អនាគត​បន្ទាប់​ពី​កសាង​គ្រួសារ មាន​ផ្ទះ​សម្បែង រថយន្ត​ផ្ទាល់​ខ្លួន និង មាន​មុខ​របរ​​ដោយ​ខ្លួន​​ឯង​ហើយ កញ្ញា​ចង់​ទៅ​ដើរ​លេង​នៅ​ក្រៅ​ប្រទេស​ជាមួយ​គ្រួសារ​។ «មិន​បាច់​ទៅ​ឆ្ងាយ​ៗ​ពេក​ទេ ត្រឹម​ប្រទេស​ជិត​ខាង​ដូច​ ថៃ​ ដូច​សិង្ហបុរី​អី​ក៏​បាន​ដែរ​ នេះ​សម្រាប់​គំនិត​ខ្ញុំ​ផ្ទាល់!»។ គឹមហួយ​បាន​បន្ថែម។ ​​

 

 

មហិច្ឆតា​សាមញ្ញ ៦ យ៉ាង​​ដែល​អ្នក​ភ្នំពេញ​ភាគ​ច្រើន​ប្រាថ្នា​ចង់​បាន​ក្នុង​ជីវិត

 

(រូបតំណាង)

 

 

 

ចុះ​ចំណែក​ប្រិយមិត្ត​វិញ​យល់​យ៉ាង​ណា​ដែរ?

 

 

 

អត្ថបទ៖ ណេង ណេង