ញ៉ាំ​បង្គា​មាន​ប្រយោជន៍​ដល់​ម្ល៉ឹង​ផង​?

ញ៉ាំ​បង្គា​មាន​ប្រយោជន៍​ដល់​ម្ល៉ឹង​ផង​?

​បង្គា​គឺជា​អាហារ​សមុទ្រ​ដ៏​ពេញនិយម ដែល​ប្រជាជន​ទាំង​ស្រុក​គេ ទាំង​ស្រុក​យើង តែងតែ​ចូលចិត្ត​ញ៉ាំ  ។ អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា បង្គា​ផ្តល់ឱ្យ ហេតុផល​ដល់​មនុស្ស​យើង​ច្រើន​ជាង​រសជាតិ​ដ៏​ឆ្ងាញ់​របស់​វា​ទៅ​ទៀត នោះ​គឺ​វា​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ដែល​ល្អ​ចំពោះ​សុខភាព​យ៉ាងច្រើន​។ ចាប់តាំងពី​បង្គា​អាច​ប្រឆាំង​នឹង​ជំងឺមហារីក​រហូតដល់​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​មក ការ​ញ៉ាំ​អាហារ​បែប​នេះ​ប្រហែលជា​មាន​ប្រយោជន៍​ច្រើន​ជា​រសជាតិ​របស់​វា​ទៅ ទៀត​។

បញ្ឈប់​ជំងឺ​ស្លេកស្លាំង​
ជំងឺ​ស្លេកស្លាំង​កើតឡើង​ដោយសារ​តែ​កង្វះ​គ្រាប់​ឈាមក្រហម​។ បង្គា​មាន​ជាតិ​ដែក និង​សារធាតុ Cobalamin (​វីតាមីន B12) ដែល​មាន​សារៈសំខាន់​ក្នុង​ការផលិត​ធាតុ​ផ្សំ​ដ៏​សំខាន់​បំផុត​របស់​គ្រាប់​ឈាម និង​ដឹកជញ្ជូន​អុកស៊ីសែន​ទៅ​សរីរាង្គ​សំខាន់​។

ពង្រឹង​ភាពរឹងមាំ​របស់​ឆ្អឹង​
បង្គា​មាន​សារធាតុ​ផូស្វ័រ ដែល​ជា​ជាតិ​រ៉ែ​ដ៏​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង​។ សារធាតុ​កាល់ស្យូម និង​ផូ  ស្វ័រទាំង​ពីរ​នេះ​សុទ្ធតែជួយ​បង្កើត​កោសិកា​ឆ្អឹង​ព្រមទាំង​ព្រឹង​ដល់​ជាលិកា​ឆ្អឹង​ទាំងអស់​។

ប្រឆាំង​នឹង​ជំងឺ​មហារីក​
មាន​ជាតិ​រ៉ែ​ច្រើនណាស់​ដែល​ត្រូវបាន​គេ​យល់ថា​អាច​លុបបំបាត់​ជំងឺមហារីក​បាន ហើយ​មួយចំនួន​នៃ​ជាតិ​រ៉ែ​ទាំងនេះ​គឺ​ស័ង្គសី និង​សេឡា​ញ៉ូម​ដែល​មាន​ក្នុងបង្គា​។ ជាតិ​រ៉ែ​ទាំងពីរ​នេះ​មាន​ប្រយោជន៍​ជាពិសេស​ចំពោះ​បុរស​តែម្តង​ព្រោះ​វា​ជួយ​កាត់បន្ថយ​ការកើត​មហារីក​ក្រពេញប្រូ​ស្តាត​។ បង្គា​ក៏មាន​សារធាតុ​ស្ពាន់ធ័រ ដែល​ជា​ជា​តុ​រ៉ែ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ដ៏​ពេញនិយម​ផងដែរ​។

ជំនួយ​ដល់​សុខភាព​ស្បែក​
សមាសធាតុ​ជា​អង់​ទី​អុក​ស៊ីដង់ និង​ប្រឆាំង​ការ​រលាក​របស់​បង្គា​ធ្វើឱ្យ​អាហារ​សមុទ្រ​មួយ​នេះ​ល្អ​ចំពោះ​ស្បែក​តែម្តង​។ អង់​ទី​អុកស៊ី​ដង់​ជួយ​ថែរក្សា​ស្បែក​ឱ្យ​នៅ​ក្មេង ខណៈពេល​ដែល​វា​ក៏​ជួយ​លុបបំបាត់​ការ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​ដើម្បី​បង្ការ​បញ្ហា​ផ្សេងៗ​ដល់​ស្បែក​ថែម​ទៀត​ដែរ​ដូចជា ជំងឺ​មុន និង​តា​អកជា  ដើម​។
ញ៉ាំ​បង្គា​មាន​ប្រយោជន៍​ដល់​ម្ល៉ឹង​ផង​?

បំបាត់​ការបាក់​ទឹកចិត្ត​
បង្គា​នឹង​ផ្តល់​ជា​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ដែល​មាន​ដូច​គ្នា​នឹង​ត្រី ផ្លែ​បឺរ និង​គ្រាប់​ធញ្ញជាតិ​ដែរ​។ ខ្លាញ់​ប្រភេទ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជួយ​ពង្រឹង​ដល់​សុខភាព​ផ្លូវចិត្ត និង​បំបាត់​ការបាក់​ទឹកចិត្ត​។

ថែរក្សា​សុខភាព​ក្រ​ពេញទី​រ៉ូ​អ៊ីត​
អ្នកជំនាញ​និយាយថា ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត​ជាច្រើន​កើត​ចេញ​ពី​ការ​កង្វះ​ជាតិ​ទង់ដែង​។ សំណាង​ដែរ បង្គា​មាន​ជាតិ​ទង់ដែង​ច្រើន​ដែល​អាច​ជួយ​បំប៉ន​សុខភាព​ក្រពេញ​ទី​រ៉ូ​អ៊ីត​បាន​យ៉ាង​ល្អ​។ ទង់ដែង​គឺជា​ជាតិ​រ៉ែ​មួយ​ដែល​ល្អ​ចំពោះ​ឆ្អឹង បេះដូង និង​ឈាម​ផងដែរ​។

ផ្តល់​ថាមពល​
បង្គា​មាន​ប្រូតេអ៊ីន​ច្រើន​ដែល​ផ្តល់​ជា​ថាមពល​ទៅតាម​តម្រូវការ​ប្រចាំ​ថ្ងៃ​បាន​។ វា​ក៏​មាន​សារធាតុ Niacin (​វីតាមីន B3) ជា​ជីវជាតិ​ដ៏​សំខាន់​មួយ​សម្រាប់​បំលែង​ខ្លាញ់ទៅ​ជា​ថាមពល​ប្រើប្រាស់​ក្នុងរាង​កាយ​។

បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​
ទោះបីជា​បង្គា​មាន​ជាតិ​ខ្លាញ់​ប្រភេទ Saturated Fat ក៏ដោយ ក៏​តាម​ការស្រាវជ្រាវ​តាម​បែប​វេជ្ជសាស្ត្រ​បានឱ្យដឹងថា អាហារ​សមុទ្រ​ប្រភេទ​នេះ​ពិតជា​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​។ បើសិនជា​ខ្លាញ់​ប្រភេទ Saturated Fat​មាន​ក្នុង​បង្គា​នៅតែ​រំខាន​ដល់​អ្នក​មែន​នោះ អ្នក​ក៏​អាច​ជ្រើសរើស​ការ​ចម្អិន​ដែល  ផ្តល់​សុខភាព​វិញ​ទៅ​ដូចជា ការ​អាំង ឬ​ស្ងោរ​ជាដើម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។