កែ ឡេង នាំមេដាយមាសពិភពលោកវិលចូលស្រុក ក្រោយជម្នះការលំបាកនៅថៃ

កីឡាការិនី​ជើង​ចាស់​ដ៏​មាន​បទ​ពិសោធ ​កែ ឡេង ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​វីរ​នារី ផ្នែក​កីឡាប៉េតង់​​ប្រចាំ​នៅ​កម្ពុជា​នោះ បាន​​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី​ម្តង​ទៀត ខណៈ​អ្នក​ស្រី​បាន​ជម្នះ​នូវ​​ការ​លំបាក ​ដើម្បី​នាំ​យក​​​​មេដាយ​មាស​ពី​​ការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភព​លោកផ្នែក​ស្រ្តី លើក​ទី​១៥ ប្រចាំ​ឆ្នាំ​២០១៥(15th Women Petanque World Championships 2015) នៅ​ទី​ក្រុង​បាងកក​​ ប្រទេស​ថៃ ​វិល​មក​កាន់​ប្រទេស​វិញ នោះ។
1
វា​មិនមែនជា​រឿង​ងាយ​ស្រួល​នោះ​ទេ ដែល​អ្នក​ស្រី​ កែ ឡេង បាន​បន្ត​ឈ្នះ​មេដាយ​មាសលើ​​ការ​ប្រកួត​វិញ្ញាសា​វាយ​យក​ពិន្ទុ ដែល​អ្នក​ស្រី​ធ្លាប់​ដណ្តើម​បាន​ម្តង កាល​ពី​ឆ្នាំ​២០១៣ នៅ​ប្រទេស​បារាំង​នោះ ព្រោះ​ការ​ប្រកួត​លើក​នេះ មាន​កីឡាការិនី​ជើង​ខ្លាំង​តំណាង​ឲ្យ​ប្រទេស​ចំនួន​៤៦​​នៅ​លើ​ពិភព​លោក បាន​ចូល​រួម​​ប្រកួត​ប្រជែង នៅ​លើ​វិញ្ញា​វាយ​យក​ពិន្ទុ​មួយ​នេះ។

អ្នក​ស្រី កែ ឡេង បាន​និយាយ​ប្រាប់​​អ្នក​កាសែត ក្នុង​ពេល​នាំ​មេដាយមាស​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​​ថា៖​«មេដាយមាស និងពានរង្វាន់​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ ដែល​ខ្ញុំ​ដណ្តើម​បាន​ជា​លើក​ទី​២​នេះ​ បាន​​កើត​ចេញ​ពី​ការ​ខំប្រឹង​ប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ ​​ព្រម​ទាំង​ការ​គាំទ្រ​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​គ្នា ដែល​តែង​តែ​​គាំ​ទ្រ និង​​​លើក​ទឹក​ចិត្ត​របស់ខ្ញុំ ដោយ​នោះ​ជា​ការ​រួម​ចំណែក​ជួយ​ឲ្យ​ខ្ញុំ​ឈ្នះ​​បាន​មេដាយ​មាស ដើម្បី​មុខ​មាត់​ប្រទេស​ជាតិ​នៅ​​ពេល​នេះ»។
2
​        ក្នុង​នាម​ជា​អ្នក​ការ​ពារ​មេដាយ​មាស អ្នក​ស្រី កែ ឡេង ​​បាន​ឆ្លង​ផុត​​ការ​ប្រកួត​ដំណាក់​កាល​ទី​១ ដោយការ​វាយ​បាន​៣៦​ពិន្ទុ ​ត្រឹម​​ការ​ប្រកួត​​ជុំ​ទី​១ ហើយ​អ្នក​ស្រី បាន​បន្ត​ទម្លាក់​កីឡាការិនី​របស់​កាណាដា Maryse Bergeron ជាមួយ​ពិន្ទុ ៤១-២១ ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ រួច​បាន​បន្ត​យក​ឈ្នះ​លើ​កីឡាការិនី​របស់​បារាំងដែល​ជា​ម្ចាស់​ដើម​ខាង​កីឡា​ប៉េតង់ Audrey Bandiera ២៨-៩ ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ជាមួយ​លទ្ធ​ផល​នេះ​​បាន​ជួយ​ឲ្យ​អ្នក​ស្រី កែ ឡេង ឡើង​ទៅ​ជួប​គូ​ប្រជែង​កាល​ពី​ឆ្នាំ​២០១៣​ គឺ​កីឡាការិនី​​​ជើង​​ខ្លាំង Mouna Beji របស់​ប្រទេស​ទុយ​នេស៊ី នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​ថ្មី​ម្តង​ទៀត ហើយ​​នៅ​ក្នុង​ការ​ប្រកួត​ដ៏​រន្ធត់នោះ អ្នក​ស្រី កែ ឡេង នៅ​តែ​មាន​​សមត្ថ​ភាព​អាច​យក​ឈ្នះ Mouna Beji ជាលើក​ទី​២​ដោយពិន្ទុ ៣៣-២៤ ដើម្បី​​​រក្សា​ការ​ឈ្នះ​មេដាយ​មាស​​លើ​វិញ្ញា​សា​វាយ​យក​ពិន្ទុ​នេះម្តង​ទៀត​។
3
​ ប៉ុន្តែ​កម្ពុជា បាន​បាត់​បង់​​មេដាយ​សំរឹទ្ធ ក្នុង​ការ​ប្រកួតពាន​ធំ​​ជា​ក្រុម​៣នាក់​ទល់​៣​នាក់ ដែល​​ខ្លួន​​ធ្លាប់​ដណ្តើម​បាន​កាល​ពី​ឆ្នាំ​២០១៣។ បើ​ទោះ​បី​ជា ​ការ​ប្រកួត​លើក​នេះ អ្នក​ស្រី​ កែ ឡេង រួម​ជាមួយ​​កីឡាការិនី អ៊ុក ស្រីមុំ អ៊ុំ ចន្ទ្រា និង អ៊ុន ស្រីយ៉ា(បម្រុង​ម្នាក់) បាន​​​​ឈ្នះ​គ្រប់​ការ​ប្រកួត ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​១​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ក៏​ដោយ ប៉ុន្តែ​ការ​ឡើង​មក​​កាន់​​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ ក្រុម​កម្ពុជា បាន​ចាញ់​ក្រុម​ម្ចាស់​មេដាយមាស​​កាល​ពី​ឆ្នាំ​២០១៣​​របស់​ថៃ​​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​បំផុត។

​ការ​វិល​មក​ដល់​ព្រលាន​យន្ត​ហោះ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នោះ ​ម្ចាស់​មេដាយ​មាស​ពិភព​លោក កែ ឡេង និង​ប្រតិភូ​ប៉េតង់​កម្ពុជា ​បាន​ទទួល​ការ​ស្វាគមន៍​​​ពី​សំណាក់​​លោក ពិត ចំណាន រដ្ឋមន្ត្រីស្តីទី នៃក្រសួងអបរំ យុវជន និងកីឡា និង​លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC ព្រម​ទាំអ​​មន្រ្តី​កីឡា​មួយ​ចំនួន​ទៀត។
4
ប៉ុន្តែ​នោះ​គ្រាន់​តែ​ជា​ការ​ទទួល​ធម្មតាៗ​​ប៉ុណ្ណោះ រីឯ​ការ​ទទួល​ជា​ផ្លូវ​ការធំ​ដុំ ដោយ​មាន​ការ​ដង្ហែដោយ​ការ​ជិះ​ឡាន អម​ដោយ​ម៉ូតូ​ធំ​បើក​ផ្លូវ​ចំនួន​១២​គ្រឿង​នោះ ត្រូវ​បាន​លោក វ៉ាត់ ចំរើន បង្ហើប​ថា នឹង​ត្រូវ​ធ្វើ​ឡើង​តាម​អនុសាសន៍​របស់​សម្តេច​ ហ៊ុន សែន នា​ពេល​ខាង​មុខ​នេះ ខណៈ​ការ​ឈ្នះ​មេដាយមាស​នេះ អ្នក​ស្រី កែ ឡេង ក៏​ដូច​ជា​គ្រូ​បង្វឹក​លោក សុខ ម៉ុង នឹង​ទទួល​បាន​ថវិកា​ចំនួន​១២០​​លាន​រៀល តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ដូច​គ្នា៕