សំណុំរឿង បើករថយន្ត ប្រដេញបុកចូលផ្ទះលក់សាំង ផ្ទុះឆេះស្លាប់ស្រ្តីម្នាក់ ឥឡូវកំពុងរណេងរណោង ដូចសម្ល កំពិស

ភ្នំពេញ ៖ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្ត ២គ្រឿង ត្រូវបានគេអះអាងថា បើកប្រដេញគ្នា ហើយក៏ ជ្រុលចង្កូតទៅបុកចូលផ្ទះលក់សាំង និងហ្គាស ដែលជិះនៅក្នុងរថយន្ត និងឆេះ ផ្ទះខូចខាតទ្រព្យសម្បត្តិអស់ជាច្រើននោះ រហូតមកដល់ពេលនេះ ព័ត៌មានស្តីពីដំណោះស្រាយយ៉ាងណានោះ គឺ នៅមិនទាន់ច្បាស់លាស់នៅឡើយនោះទេ សូម្បីតែសមត្ថកិច្ចក៏នៅមិនទាន់កំណត់ថា ករណីនេះផ្តើមចេញពីរឿង អ្វីពិតប្រាកដនោះដែរ ។ ប៉ុន្តែ អ្នកដឹងរឿងបានអះអាងថា សំណុំរឿងនេះទំនងជារញ៉េរញ៉ៃ និងរណេងរណោង ដូចសម្លកំពិស ព្រោះតែស្រ្តីដែលបាត់បង់ជីវិត អាចនឹងត្រូវបានគេទម្លាក់កំហុសដាក់ ដើម្បីយករួចខ្លួនរៀងៗខ្លួន។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១២ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លង ទៅនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ត្រង់ចំណុចមុខឃ្លាំងសាំង ក្រុមហ៊ុនសូគីម៉ិច ប៉ែកខាងជើង បានកើតមានឧប្បត្តិហេតុ រថយន្ត ២គ្រឿង គឺ១គ្រឿង ម៉ាកកាមរី ហាយប្រ៊ីត និង ១គ្រឿងទៀត ម៉ាក កាមរី ឆ្លាម បានបើកប្រដេញគ្នា ហើយកៀរគ្នាជ្រុលចង្កូតបុកចូលទៅក្នុងផ្ទះលក់ប្រេងសាំង និងហ្គាស បណ្តាលឲ្យផ្ទុះឆេះរថយន្តទាំង ២គ្រឿង ហើយរាដាលឆេះទៅដល់ផ្ទះលក់សាំង និងហ្គាស រងការខូច ខាតស្ទើរទាំងស្រុង បន្ទាប់ពីសមត្ថកិច្ចអន្តរាគមន៍បាញ់ទឹកពន្លត់ ហើយគេបានរកឃើញសពស្រ្តីម្នាក់ ស្លាប់នៅក្នុង រថយន្តម៉ាក កាមរី ហាយប្រ៊ីត ខ្លោចដូចធ្យូងនៅសល់តែឆ្អឹង និងសាច់ខ្លះៗប៉ុណ្ណោះ ។

ពាក់ព័ន្ធទៅនឹងករណីនេះ យោងតាមសមត្ថកិច្ចខណ្ឌឬស្សីកែវ បានអះអាងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ភាគីរថយន្តកាមរី ហាយប្រ៊ីត គឺបើកបរដោយស្រ្តីដែលស្លាប់ជិះតែម្នាក់ឯង ហើយរថយន្តម៉ាកកាមរីឆ្លាម បើកបរដោយបុរសម្នាក់ ដែលបានគេចខ្លួនបាត់ តែបើយោងតាមការពិនិត្យទៅលើទិដ្ឋភាពជាក់ស្តែងវិញ គេអះ អាងថា រថយន្តកាមរីហាយប្រ៊ីត មិនមែនជិះ និងបើកបរដោយស្រ្តីរងគ្រោះបាត់បង់ជីវិតតែម្នាក់ឯងនោះទេ គឺអាច មានអ្នកបើកបរផ្សេង ព្រោះតែសពរបស់នាងស្លាប់គឺស្ថិតនៅលើកៅអីខាងមុខ ផ្នែកខាងស្តាំដៃ ខណៈរថយន្តនេះ ចង្កូតឆ្វេង ។ ដោយឡែករហូតមកដល់ព្រឹកម្សិលមិញ បើតាមការអះអាងរបស់មន្រ្តីនគរបាលខណ្ឌឬស្សីកែវបាន ឲ្យដឹងថា ភាគីម្ចាស់ផ្ទះរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីទាមទារសំណងរួចហើយ តែគេមិនបាន ដឹងថា តួលេខនៃការខូចខាតមានទំហំប៉ុន្មាននោះទេ ព្រោះសមត្ថកិច្ចកំពុងតែពិនិត្យមើល ។
ដោយឡែកនៅថ្ងៃម្សិលមិញនេះដែរ មានប្រភពព័ត៌មានមួយបានឲ្យដឹងទៀតថា ម្ចាស់រថយន្តកាមរីហាយប្រ៊ីត បានដាក់ពាក្យបណ្តឹងទៅកាន់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីឲ្យស្វែងរកមុខអ្នកបើករថយន្តបង្ក គ្រោះថ្នាក់ បណ្តាលឲ្យស្រ្តីរងគ្រោះស្លាប់ និងឆេះខូចខាតរថយន្តរបស់ខ្លួនហើយ ។ តាមព័ត៌មានបានឲ្យដឹងថា រថយន្តម៉ាកកាមរីហាយប្រ៊ីត ស៊េរីឆ្នាំ ២០១២ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2W-2627 ជាកម្មសិទ្ធិរបស់ឈ្មោះ ចន រតនា អតីតថៅកែភោជនីយដ្ឋាន រតនា ស្រីម៉ៅ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ គីម អ៊ីលស៊ុង ក្នុង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ខាងជើងទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

តាមព័ត៌មានបានឲ្យដឹងថា រថយន្តខាងលើនេះ ត្រូវបានស្រ្តីដែលស្លាប់ឈ្មោះ សាន់ អេណា ខ្ចីយកទៅជិះរហូតបង្ក គ្រោះថ្នាក់ចរាចរណ៍ និងបាត់បង់ជីវិតនេះតែម្តងទៅ ។ ស្រ្តីឈ្មោះ សាន់ អេណា ដែលមានអាយុ ២៣ឆ្នាំ ជា និស្សិត ជាកូនកំព្រាឪពុក មានតែម្តាយ ដែលយកប្តីក្រោយជាជនជាតិថៃ និងជាអ្នកបើកបរយន្តហោះ ហើយ បច្ចុប្បន្នម្តាយរបស់នាង ទៅរស់នៅប្រទេសថៃជាមួយប្តីក្រោយ ចំណែកនាងរស់នៅភ្នំពេញជាមួយម្តាយមីង ។ ស្រ្តី ឈ្មោះ សាន់ អេណា នេះ ក៏ជាគូដណ្តឹង និងរស់នៅផ្ទះជាមួយគ្នាជាមួយនឹងកូនធម៌របស់លោក ចន រតនា ដែល មានឈ្មោះ ចន រស្មី អាយុ ១៩ឆ្នាំ កំពុងរៀននៅថ្នាក់ទី១១ ។

តាមព័ត៌មានបានឲ្យដឹងបន្ថែមថា កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឈ្មោះ សាន់ អេណា បានខ្ចីរថយន្តជិះទៅលេង ផ្ទះម្តាយមីង នៅម្តុំគីឡូម៉ែត្រលេខ ៦ ហើយក៏បាត់រហូតទៅ ។ លុះនៅមុនពេលកើតហេតុ កូនប្រុសរបស់ម្ចាស់ រថយន្ត ដែលត្រូវជាគូដណ្តឹងបានទូរស័ព្ទហៅឲ្យមកផ្ទះ ហើយក៏មានការឈ្លោះគ្នាបន្តិចបន្តួច ស្រាប់តែបន្ទាប់មក ម្ចាស់រថយន្តក៏ទទួលដំណឹងថា រថយន្តត្រូវបាននាង សាន់ អេណា ជិះទៅបុកឆេះស្លាប់ទៅហើយ ។
ពាក់ព័ន្ធទៅនឹងព័ត៌មានដាក់ពាក្យបណ្តឹង របស់ម្ចាស់រថយន្តកាមរី ហាយប្រ៊ីត ទៅស្នងការដ្ឋានរាជធានីដើម្បីស្វែង រកមុខឃាតក និងទាមទារសំណងខាងលើ នៅរសៀលម្សិលមិញខណៈភ្នាក់ងារព័ត៌មានមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទូរស័ព្ទទៅមន្រ្តីនគរបាល ចំណុះឲ្យស្នងការរាជធានី ដើម្បីសាកសួរព័ត៌មានត្រូវបានមន្រ្តីនគរបាល ធ្វើការអះអាងថា មិនទាន់បានទទួលពាក្យបណ្តឹងពីភាគីម្ចាស់រថយន្តកាមរីហាយប្រ៊ីត ដូចព័ត៌មានដែលបានលើក ឡើងនោះទេ ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ តាមការពិនិត្យទៅលើទិដ្ឋភាព សពស្រ្តីរងគ្រោះដែលស្លាប់នៅក្នុងរថយន្តនោះ គឺអាចនាងមិនមែនជាអ្នកបើកបរ ហើយមានអ្នកបើកបរផ្សេងទៀត ដែលក្រោយពេលជួបហេតុការណ៍បុកឆេះ ក៏ រត់គេចខ្លួនអស់ទៅ រួមទាំងម្ចាស់រថយន្តកាមរីឆ្លាម ផងដែរ ។ ដូច្នេះរឿងដែលគេចង់ដឹងនោះថា តើអ្នកបើកបរ រថយន្តកាមរីហាយប្រ៊ីត ដែលស្រ្តីរងគ្រោះជិះនេះ តើជានរណាគេ ? ហើយម្ចាស់រថយន្តកាមរីឆ្លាម ជានរណាគេ ដែរ ? ព្រោះពួកគេទាំងពីរនាក់ អាចប្រឈមមុខទៅនឹងបណ្តឹង ទាមទារសំណងតម្លៃរាប់ម៉ឺនដុល្លារ ពីភាគីម្ចាស់ផ្ទះ រងគ្រោះ និងភាគីម្ចាស់រថយន្ត ៕

សំណុំរឿង បើករថយន្ត ប្រដេញបុកចូលផ្ទះលក់សាំង ផ្ទុះឆេះស្លាប់ស្រ្តីម្នាក់ ឥឡូវកំពុងរណេងរណោង ដូចសម្ល កំពិស
សំណុំរឿង បើករថយន្ត ប្រដេញបុកចូលផ្ទះលក់សាំង ផ្ទុះឆេះស្លាប់ស្រ្តីម្នាក់ ឥឡូវកំពុងរណេងរណោង ដូចសម្ល កំពិស
សំណុំរឿង បើករថយន្ត ប្រដេញបុកចូលផ្ទះលក់សាំង ផ្ទុះឆេះស្លាប់ស្រ្តីម្នាក់ ឥឡូវកំពុងរណេងរណោង ដូចសម្ល កំពិស
សំណុំរឿង បើករថយន្ត ប្រដេញបុកចូលផ្ទះលក់សាំង ផ្ទុះឆេះស្លាប់ស្រ្តីម្នាក់ ឥឡូវកំពុងរណេងរណោង ដូចសម្ល កំពិស
សំណុំរឿង បើករថយន្ត ប្រដេញបុកចូលផ្ទះលក់សាំង ផ្ទុះឆេះស្លាប់ស្រ្តីម្នាក់ ឥឡូវកំពុងរណេងរណោង ដូចសម្ល កំពិស

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត