សល់​៤​ថ្ងៃចេញពី​ពន្ធនាគារ ទណ្ឌិត​ម្នាក់​ធ្លាយ​ក្រពះ​ស្លាប់ ពេលបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

​ខេត្ត​ប៉ៃលិន ៖ នៅ​សល់​តែ​រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះនឹង​ត្រូវ​ចេញពី​ពន្ធនាគារ​ខេត្ត ជាអកុសលទណ្ឌិត​វ័យក្មេង​ម្នាក់​បាន​ឈឺ​ចុកពោះ​យ៉ាង​ខ្លាំងក្អួត​ធ្លាក់ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​អនុរក្ស​ពន្ធនាគារបាន​បញ្ជូន​ទៅ​សង្គ្រោះ ដោយសារ​តែ​កើត​ជម្ងឺ​ធ្លាយ​ក្រពះ បើ​ទោះបីជា​ក្រុម​គ្រូពេទ្យ​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​យ៉ាងណា​ក៏​មិន​អាច​ទៅ​រួច​បាន​ដែរ ។

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​០៩ ​វិច្ឆិកា ​​២០១៥ ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះមានឈ្មោះ មៀ​វ វិបុល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កូន​ទី​៤​ក្នុង​ចំណោម​បងប្អូន​៧​នាក់ ស្រី​៥​នាក់ ប្រុស​២​នាក់ ជា​ទណ្ឌិត ជាប់ពន្ធ​នាគារ​ដោយសារ​ប្រើ​អំពើ​ហិង្សាបង្ក​របួស​ស្នាម​ទៅ​លើ​អ្នក​ដទៃកាលពី​ប៉ុន្មាន​ខែ​មុន ស្ថិត​នៅ​កន្លែង​រស់នៅ​ក្នុងភូមិ​កូន​ដំរី ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ មានស្រុក​កំណើតនៅ​ភូមិ​អង្គ​ចង្អេរ ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ ។

​បើ​តាម​ឪពុក​ម្តាយ​ជន​រង​គ្រោះ បាន​រៀបរាប់​ទាំង​សោកស្តាយឱ្យ​ដឹង​ថា ពួក​គាត់​មានស្រុក​កំណើត​រស់នៅ​ខេត្តតាកែវ ហើយ​បាន​​មក​រស់នៅ​ភូមិ​កូន​ដំរី ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន អស់​រយៈពេល​២​ឆ្នាំ​កន្លង​មក​ហើយ ។

ក្រោយមក​កាលពី​ប៉ុន្មាន​ខែ​មុន កូន​ប្រុស​របស់​គាត់​បាន​ដើរ​លេង​ជាមួយ​មិត្តភក្តិ​មិនល្អ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​អំពើ​ហិង្សា​បង្ក​របួស​ស្នាម​ទៅ​លើ​អ្នក​ដទៃក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួនដាក់​ពន្ធនាគារ​ខេត្ត​ប៉ៃ​លិន ។ គាត់​បន្ត​ទៀត​ថា នៅ​សល់​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ជន​រង​គ្រោះ​ត្រូវ​បាន​ដល់​ថ្ងៃ​កំណត់​ចេញពី​ពន្ធនាគារហើយ​រូបគេ​បាន​ប្រាប់​ឱ្យ​ឪពុក​ម្តាយ​ទិញ​សម្លៀក​បំពាក់​ថ្មី​ៗសម្រាប់​ទ​ទួល​រូបគេ​ផង​ដែរ ប៉ុន្តែ​ជា​អកុសលនៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​០៩ ​វិច្ឆិកា មាន​គេ​ទូរស័ព្ទ​ប្រាប់​ថា កូនប្រុស​របស់​ពួក​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់​ទៅ​ហើយឱ្យទៅ​ទទួលយក​សាកសព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ពួក​គាត់​ពិតជា​មានការ​តក់ស្លុត និង​សោកស្តាយ​យ៉ាង​ខ្លាំង ដោយ​មិន​បាន​ទាន់ដង្ហើម​កូន​របស់​ខ្លួន​សូ​ម្បី​តែ​បន្តិច​នោះ​ឡើយ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​ពួក​គាត់​រៀបចំ​ធ្វើបុណ្យ​បូជា​សាកសព​នៅ​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

អនុរក្ស​ពន្ធនាគារ​ខេត្ត​ម្នាក់​មិន​បញ្ចេញ​ឈ្មោះបានឱ្យ​ដឹង​ថា នៅ​ល្ងាច​មុន​កើតហេតុ ជន​រង​គ្រោះ​បាន​រត់​លេង​បាល់ទាត់​ជាមួយ​ពួក​គេ​នៅ​ក្នុង​បរិវេណ​ពន្ធនាគារ​ខេត្ត លុះដល់​ពេល​ព្រឹក​ឡើង​ស្រាប់តែ ពោល​ប្រាប់​ថា រូបគេ​ឈឺ​ចុកពោះ​យ៉ាង​ខ្លាំង ហើយ​ក៏​បញ្ជូន​មក​សង្គ្រោះ​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ ស្រាប់តែ​ជន​រង​គ្រោះ​ឈឺ​ចុកចាប់​កាន់តែ​ខ្លាំង​ឡើង​ៗ បណ្តាល​ឱ្យក្អួត​ចេញ​ឈាម​តាម​មាត់ ច្រមុះ​ស្លាប់​មួយ​រំពេច​តែ​ម្តង ។

លោកគ្រូ​ពេទ្យ​បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ជម្ងឺ​ធ្លាយ​ក្រពះ បណ្តាល​ឱ្យ​ហូរ​ឈាម​ចេញ​តាម​មាត់ ច្រមុះ ត្រចៀក ហើយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ បើ​ទោះបីជា​គ្រូពេទ្យ​ជំនាញ​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ញាប់ដៃ​ញាប់​ជើង​យ៉ាងណា​កី​ដោយ ៕ ​