មហិច្ឆតា​នាំ​អង្ករ​ចេញ ១ លាន​តោន នៅតែ​ស្ថិតនៅក្នុង​ក្តី​ស្រមៃ

Sanofi

​ស្រប​ពេលដែល​កេរ្តិ៍ឈ្មោះ​អង្ករ កម្ពុជា​កាន់តែ​មានឈ្មោះ​ល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ​បន្ទាប់ពី​បាន​ជាប់​លេខ ១ បី​ឆ្នាំ​ជាប់ៗ​គ្នា​មក​នោះ ទាក់ទង​នឹង​គម្រោង​នាំ​អង្ករ​ចេញ ១ លាន​តោន នៅ​ឆ្នាំ ២០១៥ នេះ គឺ​ស្ថិតនៅ ក្នុង​ភាពមិនច្បាស់លាស់​នៅឡើយ ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​នាំ​អង្ករ​ចេញពី​កម្ពុជា​នៅតែមាន​សុទិដ្ឋិនិយម​ថា នៅ​ឆ្នាំ ២០១៥ នេះ កម្ពុជា​នឹង​អាច​នាំចេញ​អង្ករ​បាន​តាម​ផែនការ ដែល​គ្រោងទុក​ជាង ១ លាន​តោន ទៅកាន់​ទីផ្សារ​អន្តរជាតិ ។​

ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កំពុងតែ​ក្លាយជា​វិស័យ​អាទិភាព​មួយ​ក្នុ​យុទ្ធសាស្ត្រ​នាំចេញ​របស់ខ្លួន ដែល​មកទល់ពេលនេះ​អ្នករកស៊ី​លើ​វិស័យ​ស្រូវ​អង្ករ​មួយចំនួន និង អ្នកបញ្ជា​ទិញ​ហាក់បីដូចជា​មានសង្ឃឹម​តិចតួច​អំពី​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យបាន ១ លាន​តោន នៅ ឆ្នាំ ២០១៥ នេះ ។ ទោះជា​យ៉ាងណា​សហព័ន្ធ​អ្នក​នាំ​អង្ករ​ចេញ និង អ្នកជំនាញ ផ្នែក​កសិកម្ម​បាន​សម្តែង​នូវ​ក្តី​រំពឹងថា កម្ពុ​ជាមាន​សក្តានុពល​វិស័យ​កសិកម្ម​លើ​វិស័យ​ស្រូវ អង្ករ ដូច្នេះ​ប្រសិនបើ​កម្ពុជា​អាច​នាំ​អង្ករ​ចេញ​បាន​ដល់​គោលដៅ ១ លាន​តោន នៅក្នុង​ឆ្នាំនេះ​ពិតមែន​នោះ វា​គឺជា​មោទកភាព​មួយ​របស់​ប្រទេស​កម្ពុជា ដែល​ជួយ​ធ្វើឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​មាន​កំណើន​ថែម​មួយកម្រិត​ទៀត ។​

អនុប្រធាន​សហព័ន្ធ​នាំ​អង្ករ​ចេញ និង ជា​នាយក​ក្រុមហ៊ុន ឡូ​រ៉ង់ លោក ឧក​ញ្ញ៉ា លឹម ប៊ុនហេង បាន​សម្តែង​សុទិដ្ឋិនិយម​ចំពោះ​ការនាំចេញ​អង្ករ​នេះ​ថា ទោះជា​យ៉ាងណា​កម្ពុជា​នៅតែ​មានជំនឿថា នៅ​ឆ្នាំ ២០១៥ នេះ បើ​មិន​គ្រប់​ក៏ អាច​ជិត​គ្រប់​ដែរ ដោយសារតែ​ការនាំចេញ​របស់​យើង​មានការ​កើនឡើង​យ៉ាង​លឿន ហើយ​រោងចក្រ​ទាំងឡាយ​កំពុងតែ​អភិវឌ្ឍ និង ពង្រីក​រោងចក្រ​កែច្នៃ​កាន់តែ​ច្រើនជាង​មុន ។ សព្វថ្ងៃនេះ​ស្រូវ​របស់ យើង​ធ្វើបាន​ច្រើន ហើយ​ហៀរ​ទៅ​ប្រទេសជិតខាង​ទៀត​មានដូចជា​ប្រទេស​ថៃ និង វៀតណាម គឺ​ដោយសារតែ​យើង​មិនមាន​ដើមទុន​គ្រប់គ្រាន់​ដើម្បី​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ ។

ដោយសារតែ​យើង​ខ្វះ​ទុន​នេះហើយ​ទើប​ធ្វើឱ្យ​យើង​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ ហើយ​ឆ្លៀត​ក្នុងឱកាស​នេះ​ឈ្មួញ​មកពី​ប្រទេសជិតខាង​បានមក​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​របស់​យើង ។ បើសិនជា​រដ្ឋ​យើង​មាន​ទុន​ឥណទាន​ជួយ​ដល់​ម៉ាស៊ីនកិនស្រូវ​ទាំងអស់​ដើម្បី​ទិញស្រូវ​ស្តុក​ទុក នោះ ប្រហែលជា​ស្រូវ​យើង​មិន​ហៀរ​ដល់​ប្រទេសជិតខាង​នោះទេ ។ សព្វថ្ងៃនេះ​ការវិនិយោគ​ផ្នែក​រោងចក្រ​រោង​ម៉ាស៊ីនកិនស្រូវ ឬ ការ​វេច​ខ្ចប់ កែច្នៃ មាន​ច្រើន ហើយ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ផលិត​ស្រូវ ឬ អង្ករ នៅ​កម្ពុជា ។ រាល់ថ្ងៃនេះ​អ្វីដែល​សំខាន់​នោះ​គឺ​យើង​ខ្វះ​ថវិកា​សម្រាប់​ប្រមូល​ទិញស្រូវ ។ ចំពោះ​ការនាំចេញ​អង្ករ និង រោងចក្រ​កែច្នៃ​អង្ករ​នោះ​យើង​មានលទ្ធភាព​ធ្វើបាន​មិនជា​បញ្ហា​ចោទ​នោះទេ ។

បច្ចុប្បន្ននេះ​ការនាំចេញ​អង្ករ​របស់​យើង​ស្ទើរតែ​ទាំងស្រុង​គឺ​ទៅកាន់​បណ្តា​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប​មាន​ជាង ២០ ប្រទេស ហើយ​យើង​គិតថា ប្រជាពលរដ្ឋ​នៅលើ​ពិភពលោក​នឹង​ងាក​មក​ទទួលទាន​បាយ ឬ អង្ករ​វិញ ដូចជា នៅ​អាមេរិក និង បារាំង ដែល​កាលពីមុន​ធ្លាប់​ហូប​នំប៉័ង តែ​ឥឡូវ​ងាក​មក​ហូបបាយ​ច្រើនជាង​នំប៉័ង ។​ លោក​ឧក​ញ្ញ៉ា លឹម ប៊ុនហេង ក៏បាន​បញ្ជាក់ដែរថា តាមពិត​នៅ​ឆ្នាំ ២០១៥ នេះ បើ​មិនបាន​ដល់​គោលដៅ​តាម​ផែនការ​គ្រោងទុក​នោះ​ក៏​កៀក​ដែរ ព្រោះ​រោងចក្រ​កិនស្រូវ និង រោងចក្រ​កែច្នៃ​អង្ករ​របស់​យើង​មានលទ្ធភាព​គ្រប់គ្រាន់​សំខាន់​ឱ្យតែ​យើង​មាន​ថវិកា​ទិញស្រូវ​ពី​ប្រជាកសិករ ។

ប៉ុន្តែ​កាលពី ពេល​ថ្មីៗ​នេះ​ខាង​ចិន​បាន​ជួយ​ថវិកា ៤០០ លាន​ដុល្លារ ដើម្បី​យកមក​សង់​ឃ្លាំង​ដាក់​ស្រូវ សង់​ឡស​ម្ងួ​ត​នៅ​ទូទាំងប្រទេស ជាពិសេស​នៅ​តំបន់​ណា ដែលមាន​ស្រូវ​ច្រើន ហើយ​យើង​សង្ឃឹមថានឹង​អាច​គ្រប់ ។ ឆ្នាំនេះ​ប្រជាកសិករ​របស់​យើង​កំពុងតែ​ជួប​បញ្ហា​ប្រឈម ដោយសារ​តម្លៃ​ស្រូវ​ចុះថោក​គឺ​មួយ​គីឡូក្រាម​មិន​ដល់​មួយ​ពាន់​រៀល​ផង ។ តាមពិត​មិនមែន​មានតែ​កម្ពុជា​ទេ​ដែល​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​នេះ សូម្បីតែ​នៅ​ប្រទេស​ថៃ និង វៀតណាម​ក៏​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​ដែរ ហើយ​ការផលិត​វិញ​កើនឡើង ។

ទីផ្សារ​អង្ករ​របស់​យើង​រីក​កាន់តែ​ធំ​ដោយសារតែ​អង្ករ​យើង​ល្អ និង ឆ្ងាញ់ ហើយ​កន្លងមក​គេ​និយម​អង្ករ​ប្រទេស​ថៃ ដោយសារតែ​ប្រទេស​យើង​ជួប​សង្គ្រាម​អត់​បាន​នាំចេញ តែ​ឥឡូវ​យើង​ចាប់ផ្តើម​នាំចេញ​រយៈពេល​បី ឬ បួន​ឆ្នាំនេះ ធ្វើឱ្យ​ពិភពលោក​ស្គាល់​អង្ករ​កម្ពុជា​យើង​ច្រើន ។​​ទោះជា​យ៉ាងណា អ្នកជំនាញ​ផ្នែក​កសិកម្ម​បានលើកឡើង​ថា ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅតែ​ជួប​បញ្ហា​ប្រឈម ដោយសារតែ​ការផ្សព្វផ្សាយ​របស់​យើង​នៅ​ពុំទាន់​ទូលំទូលាយ​ស្រប​ពេលដែល​ប្រទេស​ថៃ​ជំរុញ​ការផ្សព្វផ្សាយ​ទាំង​ក្នុងស្រុក និង ក្រៅ​ស្រុក ដូចជា​គេ ផ្សព្វផ្សាយ​តាមរយៈ​ទូរទស្សន៍ ជ​ណណ ។

ដោយឡែក​កម្ពុជា​យើង​មានលទ្ធភាព​ត្រឹ​មែ​ធ្វើ​សិក្ខាសាលា និង តាមរយៈ​ការធ្វើ​ពិព័រណ៍​ប៉ុណ្ណោះ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​គួរតែ​បំពេញ​តួនាទី​ដ៏​សំខាន់​មួយ​នេះ​ក្នុងការ​ស្វែងរក​ទីផ្សារ​ស្រូវ​អង្ករ ហើយក៏​មិនគួរ​ទុកឱ្យ​កសិករ​រងគ្រោះ​អំពី​តម្លៃ​ស្រូវ​ចុះថ្លៃ​នេះដែរ ។ កាតព្វកិច្ច​របស់​រដ្ឋ​មាន​តួនាទី​ជា​អ្នករក្សា​តម្លៃ​ស្រូវ អង្ករ តាម រយៈ​ការប្រមូល​ទិញស្រូវ​អង្ករ​ពី​កសិករ​ក្នុងតម្លៃ​សមរម្យ និង ឧបត្ថម្ភ​ទុន​ដល់​ក្រុមហ៊ុន​ទិញស្រូវ​ពី​កសិករ​នៅ​រដូវ​ច្រូតកាត់ ហើយ​មិនត្រូវ​ទុកឱ្យ​ពួកគាត់​រស់នៅ​ដូច​ចក​កណ្តាលទន្លេ​នោះទេ ។​

គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់ថា នៅ​ឆ្នាំ ២០១៥ នេះ កម្ពុជា​នឹង​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​ជាង ១ លាន​តោន ប៉ុន្តែ​ក្តី​រំពឹង និង មហិច្ឆតា​នេះ​ត្រូវបាន​អ្នកវិភាគ​ផ្នែក​កសិកម្ម លោក​បណ្ឌិត យ៉ង់ សាំង​កុមា មានប្រសាសន៍ថា ដើម្បីឱ្យ​សម្រេច​ដល់ គោលដៅ​នោះ រដ្ឋ ឬ អ្នក​កែច្នៃ​អង្ករ​នាំចេញ​ទាំងអស់​ត្រូវ​ត្រៀមខ្លួន​ឱ្យមាន​ស្រូវ​គ្រប់គ្រាន់​ស្តុក​ទុក​សម្រាប់​កិន​ឱ្យបាន​អង្ករ​ជាង ១ លាន​តោន​នោះ គឺ​យើង​ត្រូវការ​ស្រូវ​យ៉ាងតិច​ក៏​ជាង ២ លាន​តោន សម្រាប់​ស្តុក​ទុក ដើម្បី កុំឱ្យ​ស្រូវ​ចេញទៅ​ប្រទេសជិតខាង​ច្រើនពេក ហើយ​ការផលិត និង ការកែច្នៃ នាំចេញ​ចំណាយ​តិច ទើប​អាច​ប្រកួតប្រជែង​ជាមួយ​គេ​បាន ហើយ​ត្រូវ​គិត​រឿង​ទុន​ឱ្យមាន​អត្រា​ការប្រាក់​ទាប និង មួយទៀត​តម្លៃ​អគ្គិសនី​ចុះថោក​ប្រហាក់ប្រហែល​គេ និង ចំណុច​មួយទៀត​នោះ​ត្រូវ​ដោះស្រាយ​ចំណាយ​លើ​ការនាំចេញ ដូចជា តម្លៃ​ដឹកជញ្ជូន​ការរត់​ការឱ្យ​មានតម្លៃ​ទាប បើ​ធ្វើបាន​នោះ​យើង​មានជំនឿថា​អាចទៅរួច​ជារួម​ឱ្យមាន​ស្រូវ​គ្រប់គ្រាន់​សិន​ទើប​អាច​នាំចេញ​បាន ហើយ​ត្រូវធ្វើ​យ៉ាងម៉េច​ឱ្យ​តម្លៃ​អង្ករ​របស់​យើង អាច​ប្រកួតប្រជែង​ជាមួយ​គេ​បាន ។

ទីផ្សារ​អឺរ៉ុប​ត្រូវការ​អង្ករ​ជាង ១ លាន តោន ក្នុង​មួយឆ្នាំ មកពី​បណ្តា​ប្រទេស​ផ្សេងៗ ហើយ​កម្ពុជា​រំពឹង​លើ​ទីផ្សារ អឺរ៉ុប​ទាំងអស់​ក៏​មិនអាច​សម្រេចបាន​ជាង ១ លាន​តោន​ដែរ ប៉ុន្តែ​មើល ទៅ​អាច​នាំ​ទៅបាន​ប្រហែល​ពី ២០ ទៅ ៣០ ភាគរយ នៃ​ទីផ្សារ​អឺរ៉ុប ។ យើង​អាចធ្វើ​ទៅបាន​ដោយសារតែ​គេ​លើកលែង​ពន្ធ ធ្វើឱ្យ​អង្ករ​របស់ យើង​ធូរ​ថ្លៃ​ជាង​អង្ករ​ថៃ ប៉ុន្តែ​បើសិនជា​ភូមា​នាំ​ចេញទៅ​អឺរ៉ុប​ដែរ ហើយ លើកលែង​ពន្ធ​ដូច​យើង​ដែរនោះ​វា​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​សំខាន់​មួ​​យ​ដែរ សម្រាប់​កម្ពុជា ។​ ​អ្នកជំនាញ​ផ្នែក​កសិកម្ម​ដដែល​នេះ​បាន​បញ្ជាក់ថា បើ​រាជរដ្ឋាភិបាល​ពិតជា​ចង់​នាំចេញ​អង្ករ​ឱ្យបាន​ជាង ១ លាន​តោន ទៅ​ក្រៅប្រទេស​ពិតមែន​នោះ គឺ​រដ្ឋ​ត្រូវតែ​ឧបត្ថម្ភ​ទុន​ដល់​រោង​ម៉ាស៊ីនកិនស្រូវ ដើម្បីឱ្យ​ពួកគេ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ទិញស្រូវ​ស្តុក​ទុក​ក្នុង​ឃ្លាំង​មាន​កន្លែង​ស​ម្ងួ​ត ជាពិសេស​គឺមាន​ទុន​គ្រប់គ្រាន់​ដើម្បី​ទិញស្រូវ​ស្តុក​ទុក ។

យ៉ាងហោចណាស់​រាជរដ្ឋាភិបាល​គួរតែ​បញ្ចេញ​ប្រាក់ ១០០ លាន​ដុល្លារ ទៅ​ធនាគារ​អភិវឌ្ឍ​ជនបទ ឬ ធនាគារ​ផ្សេងៗ​ទៀត ដើម្បី​យកទៅ​ទិញស្រូវ​ស្តុក​ទុក បើ​អត់​ទេ​យើង​មិន​អាចមាន​ស្រូវ​គ្រប់គ្រាន់ ដើម្បី​កែច្នៃ​អង្ករ​នាំចេញ​បាន​ជាង ១ លាន​តោន នោះទេ ។​ ​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​នៅ​កម្ពុជា និង អ្នកជំនាញ​លើកឡើងថា មូលហេតុ​ដែលនាំឱ្យ​ស្រូវ​កម្ពុជា​ចុះថ្លៃ​នេះ គឺ​បណ្តាលមកពី​ប្រទេស​ថៃ​ដែលជា​ប្រទេស​ផលិត​អង្ករ​ធំជាងគេ​នៅលើ​ពិភពលោក​កំពុងតែ​សម្រុក​លក់​អង្ករ ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ​ទាប និង ចំណុច​សំខាន់​មួយទៀត ដោយសារតែ​កម្ពុជា​ខ្វះ​អ្នកជំនាញ​ផ្នែក​កសិកម្ម​ជាដើម ។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ លោក ភូ ពុ​យ បាន​អះអាងថា នៅក្នុង​កាលៈទេសៈ​នេះ យើង​កុំ​គិតថា បាន ១ លាន ឬ ជាង ១ លាន​តោន​នោះ​អ្វីដែល​សំខាន់​នោះ​គឺ​យើង​ត្រូវ​គិតថា ថ្ងៃនេះ​បាន ៤០ ថ្ងៃស្អែក​បាន ៥០ និង ថ្ងៃ​បន្តបន្ទាប់​ទៀត​បាន ៦០ ត្រូវ ធ្វើឱ្យ​តួលេខ​នៃ​ការនាំចេញ​របស់​យើង​កើនឡើង​រហូត​នោះ​ទើប​ជា​រឿង​សំខាន់ ។ លទ្ធភាព​នៃ​ការនាំចេញ​ស្រូវ អង្ករ កម្ពុជា​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ដោយសារតែ​ការប្រមូល​ទិញស្រូវ​ស្តុក​ពុំទាន់​គ្រប់គ្រាន់ ។

ដូច្នេះ ទាំង​រដ្ឋ និង វិស័យ​ឯកជន​ត្រូវតែ​រួមគ្នា​ធ្វើការ​ជាមួយ​អ្នក​ផលិត​ឱ្យបាន​សកម្ម និង ផ្តល់​ឥណទាន​ទៅដល់​រោង​ម៉ាស៊ីនកិនស្រូវ​ដើម្បី​ប្រមូល​ទិញស្រូវ​ស្តុក​ទុក​ក្នុង​ឃ្លាំង ដើម្បី​ធានា​ទីផ្សារ​ឱ្យបាន​ច្បាស់ កុំឱ្យ​ថា​អត់​ឃ្លាំង​អត់​ប្រាក់​ចាំតែ​គេ​ទិញ​ទើបបាន​យើង​ទៅរក​ទិញ​ដែរនោះ​វា​មិនអាច​ប្រកួតប្រជែង​ជាមួយ​គេ​បានឡើយ ។​ យោងតាម​តួលេខ​ដែល​បានទទួល​ពី​ក្រសួងកសិកម្ម​បង្ហាញថា កាល ពី​ឆ្នាំ ២០១៣ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ប្រមាណ ជាង ៣៧ ម៉ឺន​តោន តែបើ​គិត​ត្រឹម​រយៈពេល ១០ ខែ នៅ​ឆ្នាំ ២០១៤ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ជាង ៣០ ម៉ឺន​តោន ៕​ហៃ ស៊ីណា​
​ ​ ​ ​ ​
​ ​ ​ ​

Related