​ប្លន់​អ្នក​វេរ​លុយ​វី​ង នៅ​ស្រុក​ត្រពាំង​ប្រាសាទ បាញ់​ជនរងគ្រោះ របួស​មនុស្ស​២​នាក់ និង​យកលុយអស់​ជាច្រើន​

​ឧ​ត្ត​រ​មានជ័យ: ជនប្រដាប់អាវុធ​មួយក្រុមបាន​បាញ់ប្រហារអ្នក​វេរ​លុយ​វី​ង ដើម្បី​ប្លន់​យកលុយ និង​អ្នកជិតខាង​របស់គាត់បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ នៅវេលា​ម៉ោងជាង ៦ ល្ងាច​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

​ជាមួយគ្នា​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ នគរបាលជាតិ ប្រចាំ​ទិស​ភូមិ ភាគ​ទី​៤ និង​ទី​៥ បាន​បញ្ជា​ទៅ​លោក ស្នងការខេត្ត​ឧ​ត្ត​រ​មានជ័យ និង​តាម​វរ​សេនា​តូច សហការគ្នា ស្រាវជ្រាវ​មុខសញ្ញា​ជនសង្ស័យ​ភ្លាមៗ​។​

​សមត្ថកិច្ច បាន​រាយការណ៍​ថា មុនពេល​កើតហេតុ គេ​បានឃើញ​ជនសង្ស័យ ចំនួន​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង និង​ប្រដាប់​ដោយ​អាវុធ ចំនួន​២​ដើម ក្នុងនោះ​មាន​អាកា ៤៧ មួយ​ដើម និង​កាំភ្លើងខ្លី​១​ដើម បាន​ជិះ​ម៉ូតូ​មក​ឈប់​មុខផ្ទះ​ជនរងគ្រោះ ហើយ​ធ្វើ​សកម្មភាព​ប្លន់ ដោយ​បាញ់​ម្ចាស់ផ្ទះ​មួយរូបរងរបួស​ធ្ងន់ ហើយ​ជនប្រដាប់អាវុធ បាន​បន្ត​បាញ់​អ្នកជិតខាងនៅ​កន្លែងកើតហេតុ ឲ្យ​រងរបួស​ជា​ទម្ងន់​ថែមទៀត បន្ទាប់មក ជនដៃដល់បាន​ជិះ​ម៉ូតូឌុប​គ្នាចេញ​បាត់ទៅ​។​
​    ​
​សមត្ថកិច្ច បាន​បញ្ជាក់ថា ជនរងគ្រោះ ដែល​ត្រូវ​ជនប្រដាប់អាវុធ​បាញ់ ឲ្យ​រងរបួស​នោះ ១.​ឈ្មោះ​សឿន ស្រី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​ម្ចាស់ផ្ទះ​វេរ​លុយ​វី​ង​។ ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ ត្រូវបាន​ជនដៃដល់​បាញ់ ត្រូវ​ប្រអប់ជើង​ខាងឆ្វេង​។ ជនរងគ្រោះ​ទី​២. ឈ្មោះ​កែវ រ៉េត ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ជា​អ្នកផ្ទះ​ជិតខាង​របស់ ជនរងគ្រោះ បាន​រងរបួស ដោយ​គ្រាប់កាំភ្លើង ត្រូវចំ​ត្រគាក​ខាងស្តាំ​។ ជនរងគ្រោះ​ទាំង​២ ស្នាក់នៅ​ភូមិ​ឃុំ​កើត​ខាងលើ​។
​    ​
​ប៉ូលិស​ស្រុក​ត្រពាំង​ប្រាសាទ បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ បាន​ពាក់មួក​សុវត្ថិភាព និង​ពាក់​ម៉ាស់ ធ្វើ​សកម្មភាព​ប្លន់ ដែល​ទីនោះ​ជា ទីប្រជុំជន​ផ្សារ​ត្រាំ​ប៉ោង របស់​ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ​។ ក្រោយ​កើតហេតុ​នេះ ជនប្រដាប់អាវុធ បាន​ជិះ​ម៉ូតូ​គេច​ទៅ​ទិស​ខាងត្បូង ដែលមាន​ចំងាយ​ប្រមាណ​ជា ៤ គីឡូម៉ែត្រ សមត្ថកិច្ច បាន​តាម​ពីក្រោយ ហើយក៏​រកឃើញ​ម៉ូតូ ជនប្រដាប់អាវុធ​មួយគ្រឿង ដែល​ផ្តួល​ចោល​នៅ​ទីនោះ ហើយ​ជនសង្ស័យ ក៏​គេចខ្លួន​ចូល​ព្រៃ​បាត់ទៅ​។ នៅ​កន្លែងកើត ហេតុ សមត្ថកិច្ច បាន​រកឃើញ សំបក​គ្រាប់​កា​ទូ​ស​អាកា ចំនួន​១​គ្រាប់​តែប៉ុណ្ណោះ ប៉ុន្តែ​ជនប្រដាប់អាវុធបាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​។
​    ​
​ក្រោយពី​កើតហេតុ ជនប្រដាប់អាវុធបាន​ជិះ​ម៉ូតូ​គេច​ដោយ​សុវត្ថិភាព ហើយ​បាន​ប្រមូល​លុយ មួយចំនួនធំ​របស់ ជនរងគ្រោះ ទៅជា​មួយ​ផង​។ ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់បានបញ្ជាក់​ឲ្យ​ច្បាស់​ថា ការបាត់បង់​លុយកាក់​នោះ មាន​ទំហំ​ប៉ុណ្ណា​ទេ ហើយ​ជនរងគ្រោះ កំពុងស្នាក់នៅ ដើម្បី​ព្យាបាល​របួស នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​។​
​    ​
​    ​
​ទាក់ទិន​នឹង​ករណីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិ ភាគ​ទី​៤ និង​ទី​៥ បាន​បញ្ជា​ទៅ​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​, អធិការ​ស្រុក​ជាំ​ក្សាន្ត និង​តាម​វរ​ការពារ​ព្រំដែន ឲ្យ​សហការគ្នា​ជាបន្ទាន់ ដើម្បី​ស្រាវជ្រាវ​ចាប់ខ្លួន​ជនប្រដាប់អាវុធ​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕V/S

​ប្លន់​អ្នក​វេរ​លុយ​វី​ង នៅ​ស្រុក​ត្រពាំង​ប្រាសាទ បាញ់​ជនរងគ្រោះ របួស​មនុស្ស​២​នាក់ និង​យកលុយអស់​ជាច្រើន​

​ប្លន់​អ្នក​វេរ​លុយ​វី​ង នៅ​ស្រុក​ត្រពាំង​ប្រាសាទ បាញ់​ជនរងគ្រោះ របួស​មនុស្ស​២​នាក់ និង​យកលុយអស់​ជាច្រើន​

​    ​