សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

ខេត្តរតនគិរី ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​កម្លាំង​​នគរបាល​រដ្ឋបាលប៉ុស្តិ៍​​​សង្កាត់​ឡា​បាន​សៀ​ក​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​​​ចាប់​ខ្លួន​ពី​បទ​រក្សារ​ទុក និង​ចែកចាយ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​៩ វិច្ឆិកា​ ២០១៥​ ​នៅ​កន្លែង​២​ផ្សេង​ៗ​គ្នា​គឺ​នៅ​ចំណុច​ផ្ទះសំណាក់ ធី សុខា ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ក្នុងភូមិ​ជ្រី សង្កាត់យក្ស​ឡោម ក្រុង​បាន​លុង និង​នៅ​ចំណុច​មុខ​ក្លិប​ខា​រ៉ាអូ​ខេ ដាន់ វើ​ល ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។

សមត្ថកិច្ច​ដែល​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ផ្ទាល់​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន ១-​ឈ្មោះ មឿង ចាន់​គា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង និង ២-​ឈ្មោះ ផា​ន ខឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

ប្រភព​បន្ត​ទៀត​ថា ក្នុង​ពេល​បង្ក្រាប​ភ្លាម​ៗ​នោះ​ សមត្ថកិច្ច​រឹបអូស​បាន​ថ្នាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​៥​ថង់​ធំ ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​បន្ត​នាំ​ខ្លួន​ជន​សង្ស័យ​ទាំង​២​នាក់​ទៅ​បង្ហាញ​ផ្ទះ ដើម្បី​ធ្វើការ​ឆែកឆេ​រុករក​វត្ថុ​តាង និង​អ្នក​រួមគំនិត​ពាក់​ព័ន្ធ​បន្ថែម​ទៀត ប៉ុន្តែ​មិន​មាន​អ្វី​ដែល​ត្រូវ​រក​ឃើញ​បន្ត​ទៀត​នោះ​ទេ ។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​មក​កាន់​អធិការដ្ឋាន​នគរបាល​ដើម្បី​ធ្វើការ​ឃុំខ្លួន​បណ្ដោះអាសន្ន រង់ចាំ​ធ្វើ​កំណត់ហេតុ​កសាង​សំនុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

ទាក់​ទឹ​ន​ករណី​គ្រឿងញៀន​នេះ នៅ​ខេត្តរតនគិរី​មាន​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​យ៉ាង​សកម្ម​ខ្លាំង​ណាស់​តាម​ស្រទាប់​យុវវ័យ និង​បណ្តា​ក្លិប​កំសាន្ត​ ក្លិប​រាត្រី​នានា​ក្នុង​ក្រុង​បាន​លុង ហើយ​មួយ​ចំនួន​ទៀត​ក៏​មាននៅ​តាម​បណ្តា​កម្មករ​ ជាង​សិប្បកម្ម​កែ​ឆ្នៃ​គ្រឿង​សង្ហា​រឹម និង​សំណង់ រួម​ទាំង​អ្នកបើកបរ​រថយន្ត​ដឹក​បទល្មើស​ពេល​យប់​ជាដើម ។​ល​។ ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​កំពុង​តាម​ប្រ​ម៉ា​ញ់​រក​មេខ្លោង​ទ្រង់ទ្រាយ​ធំ​ដែល​នាំ​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​មក​ពី​ប្រទេស់​ជិតខាង និង​ច្រក​តំបន់​ឆ្លងកាត់​ព្រំប្រទល់​ប្រទេស​ឡាវ​ ដើម្បី​ចាប់​ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕