អាវុធហត្ថ​ដេញ​តាម​ឃាត់​រថយន្ត​កុងតឺន័រ​អត់​បង់លុយ​នៅ​បញ្ជរ​បង់ប្រាក់​បង្ក​ភាព​ភ្ញាក់ផ្អើល

រាជ​ធានីភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ប្រចាំ​នៅ​បញ្ជរ​បង់ប្រាក់​បានដេញ​តាម​ឃាត់​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ដែល​អត់​បង់លុយ​នៅ​បញ្ជរ​បង់ប្រាក់​ទី​១​ផ្លូវ​វេ​ង​ស្រេង ស្រាប់តែ​មាន​អ្នក​ឃើញ​ហេតុការណ៍​ថតរូបភាព​ទុក​ត្រូវ​អាវុធហត្ថ​ហាមឃាត់​ទើប​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​ព្រលប់​ ថ្ងៃ​ទី​៩ ​វិច្ឆិកា នៅ​មុខក្លឹ​បស៊ី​ធី តាម​ផ្លូវ​ព្រះ​មុនី​រ៉េ​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្រាប់តែ​រថយន្ត​កុងតឺន័រមួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​ឆ្លងកាត់​បញ្ជរ​បង់ប្រាក់​ទី​១​តាម​ផ្លូវ​វេ​ង​ស្រេង ​ហើយ​មិន​បាន​បង់ប្រាក់ ទើប​កម្លាំង​អាវុធហត្ថ​ចល័ត​ដែល​ប្រចាំការ​នៅ​បញ្ជរ​បង់ប្រាក់​បាន​ដេញ​តាម​កាក់​រថយន្ត​កុងតឺន័រ​បាន​នៅ​មុខ​ស៊ី​ធី​ក្លឹ​ប ហើយ​និយាយ​ចរចា​គ្នា​បង់លុយ​ឲ្យ​អាវុធហត្ថ ខណៈ​ពេលនោះ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ប្រទះ​ឃើញ​ហេតុការណ៍​អាវុធហត្ថ​កាក់​រថយន្ត​កុងតឺន័រ​ ហើយ​យក​លុយ​ក៏​​​បាន​យក​ទូរស័ព្ទ​ថតរូប​ភាព ​​ពេល​នោះ​អាវុធហត្ថ​បាន​ដោះ​លែង​រថយន្ត​កុងតឺន័រ​ឲ្យ​បើក​ទៅ​មុខ​បន្ត​ទៀត​ ហើយ​បាន​ចាប់​យក​ទូរស័ព្ទ​របស់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ថតរូប​ភាព ដោយ​សួរ​មាន​សិទ្ធិ​អី​ថតរូប​របស់​គាត់ ធ្វើ​ឲ្យ​មានការ​ប្រទាញប្រទង់​គ្នា​យក​ទូរស័ព្ទ​វិញបង្ក​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​នាក់ឈប់​ចោមរោម​មើល និង​ផ្អើល​ដល់​អាវុធហត្ថ​ខណ្ឌមានជ័យ​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ ។

ហេតុការណ៍​ខាងលើ​នេះ​គ្រាន់តែ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​រួច​ហើយ​បែក​គ្នា​អស់​ទៅ ៕