មក​កំដរ​ឪពុក​ឈឺ​ ដើរទៅ​ទិញ​បាយ​ហូ​ប​ត្រូវ​រថយន្ត​បុក​ស្លាប់

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មករ​សំណង់​មក​កំដ​រឪពុក​ឈឺ​ដេកពេទ្យ ដើរ​ឆ្លងផ្លូវ​ទៅ​ទិញ​បាយ​ហូ​ប‌​‌​ត្រូវ​រថយន្ត​សាំ​ងយ៉ុង​បើក​លឿនជ្រុល​ចង្កូត​ទៅ​បុក​​យ៉ាង​ពេញ​ទំ​ហឹ​ង‌​បណ្តាល​ឱ្យ​ស្លាប់ពេល​បញ្ជូន​ទៅ​សង្គ្រោះ​​ ។ ហេតុ​ការណ៍​នេះបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​នៅ​វេលា​ម៉ោង​៦​ និង​៣០​នាទី​ព្រលប់ ​ថ្ងៃ​ទី​៩ ​​វិ​ច្ឆិកា​ ​​នៅ​ផ្លូវ​ជាតិ​លេខ​៦ទល់មុខ​គ្លីនិក​ព្យាបាល​តុសិត ភូមិគៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សព​ឈ្មោះ លី លន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មានមុខ​របរ​ធ្វើស្រែ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​ក្រសាំង ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។ ជន​រង​គ្រោះ​មាន​បងប្អូន​ចំនួន​៨​នាក់ ​និង​ស្រី​៣​នាក់ ​ប្រុស​៥​នាក់​ ជា​កូន​ទី​៥ ។ ចំណែក​អ្នក​បើករថយន្ត​បង្ក​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ព្រំ សយ ភេទ​ប្រុស មាន​អាយុ​៤៩​ឆ្នាំ ស្នាក់​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម បើករថយន្ត​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2O២៤៣៥ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ឪពុក​ឈ្មោះ គី​ម លី អាយុ​៨១​ឆ្នាំ មាន​ជម្ងឺសួត ​និង​របេង​បាន​សម្រាក​ព្យាបាល​នៅ​គ្លីនិក​តុសិត​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិ​កា ដោយ​ជន​រងគ្រោះជា​កូន​បាន​មក​កំដ​ឪពុករហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ​បាន​ដើរ​ឆ្លងផ្លូវ​ពី​កើត​ទៅ​លិចទៅ​ទិញ​​បាយ​ហូប​ស្រាប់តែ​រថយន្ត​បង្ក​បើក​ពី​ត្បូង​ទៅ​ជើងក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ ភ្លាម​ៗ​នោះ​អ្នក​ឃើញ​ហេតុការណ៍​នាំ​គ្នា​លើក​ជន​រង​គ្រោះ​ចូល​គ្លីនិក​តុសិត ប៉ុន្តែ​ចូល​ទៅ​ដល់​ជន​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ ។

តាម​សំដី​ជន​បង្ក​បាន​បន្តឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​តាត់​បាន​បើករថយន្ត​ត្រឡប់​មក​ពី​បុណ្យ​កឋិនទាន​ខេត្តកំពង់ស្ពឺ​ ពេលមក​ចំណុច​កើតហេតុ​ជន​រង​គ្រោះ​ដើរ​ឆ្លងផ្លូវ​បាន​គេច​​​រថយន្ត​មួយ​ផុត​ក៏​ត្រូវ​រថយន្ត​របស់គាត់​​បុក​ចំ​ពីមុខ​តែ​ម្តង ។

ចំណែកឯ​សាក្សី​ដែលឃើញ​ផ្ទាល់​បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​ទៅទិញ​បាយ​ហូប​ឆ្លង​ពី​កើត​ទៅ​លិច​ត្រូវ​រថយន្ត​សាំ​ងយ៉ុង​បុក​ហើយ​អូស​ក្រោម​រថយន្ត​បណ្តាល​ឱ្យស្លាប់​ពេលយក​មក​ដល់គ្លីនិក​តុសិត ​ហើយ​រថយន្ត​បង្ក​បាន​បើក​រត់​រហូត​ដល់​ចាប់​បាន​នៅ​ចំណុច​សណ្ថាគារ​វ៉ាស៊ីន​តោន​ទើប​ប្រជាពលរដ្ឋ​ដេញចាប់​ទាំង​អ្នកបើកបរ​ និង​រថយន្ត​បង្ក ៕