ភាព​​ធ្វេស​ប្រហែស​ស្រាល​ៗ​​នាំ​ឲ្យ​អ្នក​មិន​អាច​ជាប់​អាហារូបករណ៍


ភាព​​ធ្វេស​ប្រហែស​ស្រាល​ៗ​​នាំ​ឲ្យ​អ្នក​មិន​អាច​ជាប់​អាហារូបករណ៍

ភាព​ខ្វះ​ចន្លោះ​ដោយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​គ្រប់​ជ្រុង​ជ្រោយ​ជា​ចំណុច​ខ្សោយ​ដែល​ជា​រឿយ​ៗ​គេ​សង្កេត​ឃើញ​មាន​នៅ​ពេល​បេក្ខជន​ដាក់​ពាក្យ​សុំ​អាហារូបករណ៍។

 

កង្វះ​ខាត​នេះ​ជា​កត្តា​កំណត់​ជាប់​ធ្លាក់​លើ​ការ​សុំ​អាហារូបករណ៍​តែ​ម្ដង ដោយ​សារ​ខ្វះ​បទ​ពិសោធន៍​ជាក់​ស្ដែង ខ្វះ​ការ​ស្រាវ​ជ្រាវ​ស៊ី​ជម្រៅ និង​ពុំ​មាន​គម្រោង​សិក្សា​ច្បាស់​លាស់។

 

 

ភាព​​ធ្វេស​ប្រហែស​ស្រាល​ៗ​​នាំ​ឲ្យ​អ្នក​មិន​អាច​ជាប់​អាហារូបករណ៍

 

 

តាម​រយៈ​ការ​បង្រៀន​វគ្គ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​ដាក់​អាហារូបករណ៍​ទៅ​បរទេស​របស់​ក្រុម​ហ៊ុន Anussa បាន​បង្ហាញ​ថា កង្វះ​ការ​ណែ​នាំ កង្វះ​ការ​ប្រឹក្សា​ និង​ផ្ដល់​ជា​គំរូ​ដល់​បេក្ខជន​មួយ​ចំនួន ធ្វើ​ឲ្យ​សំណុំ​បែប​បទ​របស់​បេក្ខជន​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​លក្ខខ័ណ្ឌ​តម្រូវ​ការ​របស់​អាហារូបករណ៍​នោះ​ទេ។

 

បេក្ខជន​មួយ​ចំនួន​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​មិន​ស្រប​ជាមួយ​នឹង​លក្ខខណ្ឌ​ដែល​ខ្លួន​មាន។ ឧទាហរណ៍​ ដូច​ជា អាហារូបករណ៍​ខ្លះ​ត្រូវ​ការ​ចាំ​បាច់​នូវ​បទពិសោធន៍​ការងារ​ពេញ​ម៉ោង ​២ រឺ​ ៣​ឆ្នាំ​ ទាក់​ទង​នឹង​មុខ​វិជ្ជា​ដែល​ចង់​បន្ត​សិក្សា ប៉ុន្តែ​បែរ​ជា​ពុំ​មាន​នៅ​ពេល​បំពេញ ដែល​ធ្វើ​ឲ្យ​បាត់​សិទ្ធ​អាទិភាព។

 

ចំណុច​មួយ​ទៀត​និស្សិត​មួយ​ចំនួន​​មិន​ទាន់​មាន​គោល​ដៅ​ច្បាស់​លាស់​​នៅ​ឡើយ​អំ​ពី​អ្វី​ដែល​គេ​ចង់​បន្ត​ការ​សិក្សា ឬ​​ប្រភេទ​ការងារ​ដែល​គេ​ចង់​ប្រកប​និង​អ្វី​ដែល​គេ​ចង់​ចេះ​​យក​មក​ប្រើ​ប្រាស់​ឲ្យ​ប្រាកដ។​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បេក្ខជន​មិន​អាច​ឆ្លើយ​សំនួរ​ដើម្បី​​បញ្ចុះបញ្ចូល​គណៈកម្មការ​ឲ្យ​ឃើញ​ថា​គេ​ជា​បេក្ខជន​ដ៏​មាន​សក្ដានុពល​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​ផ្នែក​រឺ​វិស័យ​ជាក់​លាក់​ណា​មួយ​ឡើយ។

 

ក្រៅ​ពី​នេះ បេក្ខជន​មួយ​ចំនួន​មាន​គម្រោង​សិក្សា​ និង​គម្រោង​ការងារ​អនាគត​ច្បាស់​លាស់ តែ​បែរ​ជា​​ខ្វះ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ី​ជម្រៅ​ដើម្បី​អះអាង​ថា​អ្វី​ដែល​គេ​លើក​ឡើង​ពិត​ជា​មាន​សារៈសំខាន់​និង​មាន​ភាព​ជាក់ស្ដែង​ពិត​ប្រាកដ​មែន​ដល់​គណៈកម្មការ​។

 

នៅ​ពេល​ដែល​អ្វី​ដែល​គេ​សរសេរ​សុទ្ធ​តែ​ជា​បញ្ហា​ទូ​ទៅ​ខ្លាំង​ពេក​គ្មាន​អំណះអំណាង​និង​ការ​ស្រាវជ្រាវ​ច្បាស់លាស់​នោះ​ធ្វើ​ឲ្យ​ពុំ​មាន​មូលដ្ឋាន​រឹង​មាំ​ក្នុង​ការ​បញ្ចុះបញ្ចូល​គណៈកម្មការ​ឲ្យ​យល់​ឃើញ​ថា​គេ​ពិត​ជា​បេក្ខជន​ដែល​មាន​ចំណេះដឹង​ទូលំទូលាយ​ដើម្បី​ធ្វើ​ឲ្យ​គម្រោង​សិក្សា​និង​ការងារ​របស់​គេ​អាច​ដំណើរការ​បាន។

 

ទាំង​នេះ​ជា​ចំណុច​ខ្សោយ​ដែល​បេក្ខជន​ភាគ​ច្រើន​បាន​មើល​រំលង ប៉ុន្តែ​វា​មាន​ផល​អវិជ្ជមាន​ក្នុង​ការ​ដាក់​អាហារូបករណ៍៕

 

សូមអាន ៖  ​ចង់​ដឹង​អត់​ថា ពេល​ដាក់​អាហារូបករណ៍​ផ្នែក​ណា​ពិបាក​ជាង​គេ?