លោក សម រង្ស៊ី និង​លោក កឹម សុខា ទៅដល់​ជប៉ុន ហើយ​គ្រោង​ជួប​មន្ត្រីសភា​ជប៉ុន

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ទៅដល់​ប្រទេស​ជប៉ុន​ហើយ​កាលពី​ថ្ងៃទី០៩វិច្ឆិកា។ លោក​ សម រង្ស៊ី និង​លោក កឹម សុខា នឹងមាន​ជំនួប​ជាមួយ សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា ប្រធាន​គណបក្សប្រឆាំង និង​សមាជិក​រាជរដ្ឋាភិបាល​ជប៉ុន។

ក្រៅពី​ជួប​ជាមួយ​មន្ត្រី​ជប៉ុន​ទាំងនោះ មេដឹកនាំ​គណបក្ស​ទាំងពីរ​នេះ នឹង​ជួប​ជាមួយ​សហគមន៍​ខ្មែរ ដែល​រស់នៅ​ប្រទេស​ជប៉ុន​ដែរ។ នេះ​បើតាម​លោក កឹម សុខា សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន។

កន្លងមក​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​ប្រាប់​សារព័ត៌មានថ្មីៗថា នៅក្នុង​ជំនួប​ជាមួយ​មន្ត្រី​ជប៉ុន លោក សម រង្ស៊ី និង​លោក កឹម សុខា ទំនង​នឹង​អាច​លើកយក​បញ្ហានយោបាយ​នៅ​កម្ពុជា​ទៅ​ជជែក​គ្នា ។

បើតាម​គម្រោង​លោក សម រង្ស៊ី និង​លោក កឹម សុខា ក៏​នឹងធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ដែរ៕