រុស្សី​និង​អង់គ្លេស​សម្រុក​ជញ្ជូន​ប្រជាជន​ខ្លួន​ចេញពី​អេ​ហ្ស៊ី​ប​ក្រោយ​ការធ្លាក់​យន្តហោះ​

​រដ្ឋាភិបាល​រុស្សី​និង​អង់គ្លេស បាន​សម្រុក​ដឹកជញ្ជូន​ប្រជាជន​ខ្លួន​ចេញពី​ប្រទេស​អេ​ហ្ស៊ី​ប ក្រោយ​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​រុស្សី​កាលពី​សប្ដាហ៍​មុន​។ រុស្សី​និង​អង់គ្លេស​ក៏បាន​សម្រេច​លុបចោល​រាល់​ជើងហោះហើរ​ដែលមាន​គោលដៅ​ទៅកាន់​ព្រលានយន្តហោះ​ទីក្រុង​ទេសចរណ៍ Sharm el-Sheikh​ផងដែរ​។​

​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​ក្រុង​ឡុង​ដ៍​បាន​បញ្ជូន​យន្តហោះ​ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប​ដើម្បី​ដឹកជញ្ជូន​ប្រជាជន​ខ្លួន​ដែល​កំពុង​ជាប់​ក្នុង​ព្រលានយន្តហោះ​ទីក្រុង Sharm el-Sheikh ត្រលប់មក​ប្រទេស​វិញ​។ ប្រតិបត្តិការ​ដឹកជញ្ជូន​នេះ ធ្វើឡើង​ក្រោយ​ការធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​រុស្សី​ក្នុង​ឧបទ្វីប​ស៊ី​ណៃ​ដែល​បានសម្លាប់​មនុស្ស​២៤៤​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិ​រុស្សី​។​

​ជាមួយគ្នានេះ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​បញ្ជា​យន្តហោះ​ទាំងអស់​មិនឱ្យ​ធ្វើ​ការហោះ​ហើរ​ទៅកាន់​អេ​ហ្ស៊ី​ប​ជា​បណ្ដោះអាសន្ន​ដោយសារ​ការព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​។ ចំណែកឯ​អង់គ្លេស ក៏បាន​ហាម​ការហោះហើរ​ទៅកាន់​ទីក្រុង Sharm el-Sheikh​ផងដែរ​។ ប្រទេសមួយ​ចំនូ​ន​ទៀត បាន​ហាម​មិនឱ្យ​ប្រជាជន​ខ្លួន​ទៅកាន់​ទីក្រុង​លំហែកាយ​នៅ​ទីនោះ​។ ហើយ​អ្នកទេសចរ​រ​រាប់ពាន់នាក់​កំពុង​ជាប់​ខ្លួន​ដោយសារ​គ្មាន​យន្តហោះ​ដឹកជញ្ជូន​។​

​រុស្សី​បាន​បញ្ជូន​យន្តហោះ​៤៤​គ្រឿង​ទៅកាន់​អេ​ហ្ស៊ី​ប ដែល​នៅ​ទីនោះ​មាន​ជនជាតិ​រុស្សី​ប្រមាណ​៨​ពាន់​នាក់​កំពុងស្នាក់នៅ​ក្នុង​ទីក្រុង​មាត់សមុទ្រ​នេះ​និង​តំបន់​ដទៃទៀត​។ ថ្លែង​ទៅកាន់​អ្នករាយការណ៍​ព័ត៌មាន ឧបនាយករដ្ឋមន្ត្រី​រុស្សី លោក  Arkady Dvorkovich និយាយថា​គិត​ត្រឹម​ថ្ងៃអាទិត្យ មាន​អ្នកទេសចរ​ជនជាតិ​រុស្សី​ចំនួន​ប្រហែល​១​ម៉ឺន​នាក់​បានមក​ដល់​ព្រលានយន្តហោះ​ទីក្រុង​មូ​ស្គូ​។

​ឯ​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក Philip Hammond បាន​បញ្ជាក់ថា អ្នកទេសចរ​អង់គ្លេស​ប្រមាណ​៣​ពាន់​នាក់​ក៏បាន​ត្រលប់​មកដល់​អង់គ្លេស​វិញ​ដែរ ខណៈ មនុស្ស​ប្រមាណ​១៧០០​នាក់​ផ្សេងទៀត នឹង​ត្រលប់​មកដល់​នាពេល​ក្រោយ​។ លោក​បន្តថា រដ្ឋាភិបាល​អង់គ្លេស​នឹង​ជួយ​ក្នុងការ​រឹតបន្តឹង​សុវត្ថិភាព​ដល់​ព្រលានយន្តហោះ​សម្រាប់​ជនបរទេស​។

​សូមបញ្ជាក់​ផងដែរ​ថា បញ្ហា​សន្តិសុខ​បានក្លាយ​ជាការ​ព្រួយបារម្ភ​ចំពោះ​អ្នកទេសចរ​ទាំងឡាយ​ក្នុងប្រទេស​អេ​ហ្ស៊ី​ប​។ ប្រទេស​ជាច្រើន​ទៀត​ក៏បាន​ដឹកជញ្ជូន​ប្រជាជន​ខ្លួន​ទីក្រុង​មាត់សមុទ្រ​នេះដែ​រ​។ មូលហេតុ​ដែល​នាំ​ធ្លាក់​យន្តហោះ នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ ស្របពេល​មានការ​សន្និដ្ឋាន​ផ្សេងៗ​ពីគ្នា​ពី​សំណាក់​អ្នកស៊ើប​អង្កេត​ក្នុង​ហេតុការណ៍​នេះ​៕