​ផ្ទុះ​ក្បាល​បូម​ប្រេង ABS ខ្ទាត​ត្រូវ​ក្បាល បុរស​ជាងភ្លើង​រថយន្ត​ស្លាប់​

ភ្នំពេញ: មេជាង​ក្រឡឹងបូម​ប្រេង ABS មិន​ប្រយ័ត្ន ផ្ទុះ​ខ្ទាត​ចំក្បាល​បុរស​ជាងភ្លើង​រថយន្ត បណ្តាល​ឲ្យ​ស្លាប់ខណៈ​បញ្ជូនទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤​និង​១៥​នាទី រសៀល ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅផ្ទះ​លេខ​១២១A ផ្លូវ​លេខ​១៥៦ ភូមិ​ទី​២ សង្កាត់​ផ្សារ​ដេ​ប៉ូ​ទី​១ ខណ្ឌទួលគោក ។​

​ជនរងគ្រោះ ឈ្មោះ ទ្រៀល វណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។​

​តាម​ប្រភពព័ត៌មាន​ពី សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​យក​ក្បាល​បូម​ប្រេងរបស់​រថយន្ត​តូយ៉ូតា ម៉ាក Pruis ទៅ​ឲ្យ​ជាង ក្រឡឹង​។ ពេលនោះជាងក្រឡឹងកំពុង​ក្រឡឹង ស្រាប់តែ​ផ្ទុះ​ក្បាល​បូម​ប្រេង ABS ខ្ទាត​ត្រូវ​ក្បាល​ជនរងគ្រោះ បណ្តាល​ឲ្យ​បែកក្បាលហូរឈាម​ជាច្រើន​។ ពេលនោះ ប្រជាពលរដ្ឋ នៅក្បែរនោះនាំគ្នា​ដឹក​ជនរងគ្រោះទៅដល់​មន្ទីរពេទ្យ​កាល់ម៉ែត គាត់​ក៏បាន​ដាច់ខ្យល់​ស្លាប់​បាត់ទៅ​។​

​ក្រោយពេល​កើតហេតុ ជនបង្ក​ដែលជា​មេជាង​ក្រឡឹង ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាលខណ្ឌទួលគោក ដើម្បី​កសាង​សុំ​ណំ​រឿង ចាត់ការ​តាម​នីតិវិធី ។​

​រីឯ​សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ចប្រគល់​ឲ្យ​ក្រុមគ្រួសារ សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕V/S

​ផ្ទុះ​ក្បាល​បូម​ប្រេង ABS ខ្ទាត​ត្រូវ​ក្បាល បុរស​ជាងភ្លើង​រថយន្ត​ស្លាប់​