​តាក់ស៊ី​វាលរេញ បើក​ក្រឡាប់​ស្លាប់​តៃកុង និង​អ្នករួមដំណើរ​របួសធ្ងន់​

ព្រះសីហនុ: រថយន្ត​តាក់ស៊ី​វាលរេញ ១​គ្រឿង បើក​លឿន​ពេក បណ្តាល​ឲ្យ​ក្រឡាប់ស្លាប់​អ្នក បើកបរ ហើយ​អ្នករួមដំណើរ ត្រូវជា​ប្អូន​បង្កើតបាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង ដោយ​ខ្លួនឯង នៅ​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ ២៩៥- ១៩៦ ស្ថិតនៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ ណាវ សារី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ និង​អ្នករួមដំណើរ​ម្នាក់ទៀត ឈ្មោះ ណាវ ភារា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវជា​ប្អូនបង្កើត រងរបួស​ធ្ងន់​។​

​តាម​ប្រភពព័ត៌មាន​ពី កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បាន ឃើញ រថយន្ត ការី​ណា ពណ៌​ស ស្លាក​លេខ ឃ 5172 ភព 2 ទិសដៅ​ពី​ភ្នំពេញ មក​ក្រុងព្រះសីហនុ ជិះ​គ្នា​២​នាក់ ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ មេឃ​យប់​ងងឹត​ផង​នោះ មិនដឹង​ជា​មូលហេតុ​អ្វី ស្រាប់តែ​រថយន្ត​ក្រឡាប់ ជាច្រើន​ត្រឡប់ បណ្តាល​ឲ្យ​អ្នកបើកបរ បាន​ស្លាប់ ពេល​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ រីឯ​អ្នករួមដំណើរ​ជា​ប្អូន បាន​រងរបួស​ធ្ងន់ កំពុងស្ថិត​ក្នុងស្ថានភាព​សង្គ្រោះបន្ទាន់​។ បច្ចុប្បន្ន វត្ថុតាង​សមត្ថកិច្ច បាន​អូស​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល ស្រុក​ព្រៃនប់​៕V​/S