ចន ច័ន្ទលក្ខិណា ថា​«សុំ​ចាញ់»​រឿង​ចាក់​ផ្សាយ​ភាពយន្ដបរទេស?

ទំនងជារងចាំមើលចំនាត់ការ របស់ក្រសួងមានសមត្ថកិច្ច មិនបានលទ្ធផល​នោះ ស្រាប់តែ​ពេលនេះ តារា​សម្ដែង​និង​បង្ហាញ​ម៉ូត​ដ៏​ល្បី​ឈ្មោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញសារប្រាប់ថា សុំចុះចាញ់ហើយ។
ចន ច័ន្ទលក្ខិណា ថា​«សុំ​ចាញ់»​រឿង​ចាក់​ផ្សាយ​ភាពយន្ដបរទេស?
តារាសម្ដែងនិងបង្ហាញម៉ូត ដ៏ល្បីឈ្មោះ អ្នកនាង ចន ច័ន្ទលក្ខិណា។ (រូបថតហ្វេសប៊ុក)

នៅពេលថ្មីៗនេះ តារាសម្តែងនិងបង្ហាញម៉ូត ខ្ញីចាស់ដ៏ស្រស់សោភា អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញ​សំនេរ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ហាក់ដូចជាមានអាម្មរណ៍សោកស្តាយ គ្មានសង្ឃឹមសោះឡើយ ពី​រឿង​អ្វីមួយ។

តារារូបនេះ បានចាប់ផ្ដើម ដោយពាក្យមួយឃ្លានេះថា «មនុស្សដែលចាញ់គ្រប់យ៉ាង» មុននឹងសរសេរបន្តថា៖ «ខ្ញុំសុំនិយាយថា ខ្ញុំសុំចុះចាញ់ហើយ ហើយក៏ឆ្អែតបំផុត ឆ្អែតឡើងក្អួត ចេញមកវិញ។ ដើម្បីសិល្បះវប្បធម៌​ជាតិ ខ្ញុំត្រូវមនុស្សមួយប្រទេសជេរ និងរិះគន់យ៉ាងអាម៉ាស់។ តែខ្ញុំទទួលយកបានទាំងអស់ ឲ្យតែសិល្បះខ្មែរ​មាន​ដង្ហើម។ តែអ្វីៗគឺខុសទាំងអស់ ហើយក្លាយជាជន​ដែលស្គាល់តែការខុស ព្រោះខ្ញុំមិនចេះ ធ្វើជាមនុស្ស​អាត្មា​និយម មិនចេះស្តោះហើយលេប មិនចំណុះគេ មិនចេះយកមុខយកមាត់។ ពីពេលនេះទៅ គឺសុំធ្វើជា​មនុស្ស​អាត្មានិយម និងលែងជឿជាក់គ្រប់វិស័យ ព្រោះវាគ្មានជំនឿទៀតទេ។ អ្នកធ្វើគឺខ្ញុំ អ្នកស្រែកគឺគេ អ្នក​បាន​ផលគឺឈ្មួញ។ ហើយ សូមមេត្តាឈប់យកខ្ញុំទៅប្រើប្រាស់ទៀតទៅ ខ្ញុំសុំធ្វើជាអ្នកសិល្បះ ដែលមិន​មាន​សតិសម្បជញ្ញះ វិញ ល្អជាង គឺឆ្អែតគ្រប់យ៉ាង។»។

តាមរយះសំណេរ ដែលគ្មានសង្ឃឹមរបស់តារាសម្ដែងរូបនេះ ទំនងជាចង់បង្ហាញ ពីការគ្មានជំនឿចិត្ត ទៅ​លើ​ចំណាត់ការ របស់ក្រសួងពត័មាន និងក្រសួងដែលពាក់ព័ន្ធ ដែលថានឹងបិទភាពយន្តបរទេស មិនឲ្យ​ផ្សព្វ​ផ្សាយ​តាម គ្រប់កញ្ចក់ទូរទស្សន៍ ពីម៉ោង១៩ ដល់២១យប់ និងបានបញ្ជាឲ្យចាក់ផ្សាយ តែ​ភាពយន្ត​ខ្មែរ​ជំនួស​វិញ។ ប៉ុន្តែនៅពេលនេះ ភាពយន្តបរទេស កំពុងតែវាយលុក នៅពាសពេញតាមគ្រប់ទូរទស្សន៍ដដែល។

សូមរំលឹកថា បន្ទាប់ពីមានការទាមទារ របស់សិល្បករសិល្បការនី ដែលសូមឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការ អំពីការចាក់​ផ្សាយភាពយន្តបរទេស នៅតាមទូរទស្សន៍មក ក្រសួងពត័មានបានសម្រេច បិទការចាក់ផ្សាយ​ភាពយន្ត​បរទេស នៅគ្រប់ទូរទស្សន៍ក្នុងកម្ពុជា ចាប់ពីម៉ោង១៧ ដល់ម៉ោង២១យប់ ដោយចាក់ផ្សាយ​ភាពយន្ដ​ខ្មែរ នៅម៉ោងនេះវិញ ដើម្បីលើកស្ទួចវប្បធម៍ និងអត្តសញ្ញាណភាពយន្តខ្មែរ។ សេចក្ដីសម្រេចនេះ បាន​ប្រកាស​ថា ត្រូវអនុវត្តន៍ទៅលើគ្រប់ទូរទស្សន៍ ចាប់ពីថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៥នេះតទៅ៕