យុវជន​ម្នាក់​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​កាប់​បែក​ក្បាល មិន​ដឹង​មូលហេតុ

មានករណីក្រុមស្ទាវដេញកាប់បុរសម្នាក់ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅតាមបណ្តោយ​ផ្លូវមន្នីវង្ស​ នាវេលា​ថ្ងៃ​រសៀល ដោយ​មិនដឹង​មូលហេតុ។
យុវជន​ម្នាក់​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​កាប់​បែក​ក្បាល មិន​ដឹង​មូលហេតុ
យុវជនរងគ្រោះ (ខាងឆ្វេង) និងប៉ុស្ដ៍នគរបាលបឹងរាំង។ (រូបថត monoROOM.info/ H. Vuthy)

បុរសម្នាក់ត្រូវបានក្រុមក្មេងស្ទាវ ប្រមាណពី៣ទៅ៥នាក់ ដេញកាប់រហូតដល់បែកក្បាល ហូរឈាម​ពេញ​ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៥ ខែវិច្ឆកា ឆ្នាំ២០១៥ នារសៀលវេលាម៉ោង១៣ និង​២០នាទី តាម​បណ្តោយផ្លូវមន្នីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូន ពេញ រាជធានីភ្នំពេញ។

តាមសម្តីរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ លោកបានទៅលេងផ្ទះរបស់ឪពុកមា នៅ​ម្តុំផ្សាតាប៉ាង ក្នុងសង្កាត់ផ្សាថ្មីទី៣ ខណ្ឌដូនពេញ។ ប៉ុន្តែពេលទៅដល់ឪពុកមារូបនោះ មិននៅផ្ទះ ខ្លួនក៏​ត្រឡប់មកវិញ។ ខណៈនោះ ស្រាប់តែលេចក្រុមស្ទាវ៣ ទៅ៥នាក់ យកកាំបិតតាំតោកាប់ខ្លួន បណ្តាល​ឲ្យ​បែកក្បាលយ៉ាងដំណំ។ ពេលនោះ ជនរងគ្រោះព្យាយាមរត់គេច ឲ្យប្រជាពលរដ្ឋជួយ តែបែរជាត្រូវ​ពលរដ្ឋ​ទាំងនោះ​វាយមួយដៃមួយជើង ដល់ទ្រោមខ្លួន ព្រោះយល់ច្រឡំថាជាចោរ។

នៅទីបំផុតជនរងគ្រោះ ដែលមានឈ្មោះលោក ពិន រ៉ា មានយុ ២២ឆ្នាំ ស្នាក់នៅម្តុំផ្លូវកម្ពុជាក្រោម មានមុខ​របរមិនពិតប្រាកដ បានរត់ដល់ប៉ុស្តិ៍នរគបាលរដ្ឋបាលបឹងរាំង ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍។ បន្ទាប់​ពីសាកសួរយុវជនរងគ្រោះរួច ក្រុមសមត្ថកិច្ចបានបញ្ជូនយុវជន ទៅព្យាបាលនៅមន្ទីពេទ្យ។ ចំណែក​ក្រុម​ស្ទាវ​នោះ វិញបានគេចខ្លួនបាត់ឈឹង៕