ម៉ូតូ​បុក​គោ​យន្ត​កន្ត្រៃ​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់លើ​ផ្លូវជាតិ​លេខ​៦

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ឯ​ម្នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​​ម៉ូតូ​បុក​គោ​យន្ត​កន្ត្រៃ ដែល​កើត​​ឡើងកាល​ពី​វេលា​ម៉ោង​៦ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៩ ​វិច្ឆិកា ​​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចំណុច​ខាងកើត​ស្ពាន​ទី​៥​ប្រមាណ​៥០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​សាលា​ក្រៅ​ សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ​​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ឈ្មោះ​ធាង គី​ន ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ជា​កសិករ នៅ​ភូមិ​ជ្រុង ឃុំ​សា​រង្គ ស្រុក​ស្វាយចេក​ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប​.​មាន​ជ័យ 1C.2629 ឌុ​ប​ឈ្មោះ​ពេទ្យ ញ៉ ភេទ​ប្រុស អា​យុ​២៤​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​ ជា​កសិករ​​​ដែរ​។​ ចំណែក​អ្នកបើកបរ​គោ​យន្ត​ឈ្មោះ​យី ម៉ៅ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក​ មិម​មាន​​រង​របួសទេ​។

ប្រភព​ព​ដដែល​បាន​បញ្ជាក់​ថា​ តាម​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​នេះនិយាយ​ថា មុន​ពេល​កើតហេតុ​គោ​យន្ត​បាន​បើក​ពី​ទិស​ខាង​លិចទៅ​កើត ពេល​ដល់​ចំណុច​កើតហេតុ ម៉ូតូ​បាន​បុក​ចំ​ពីក្រោយ​គោ​យន្ត​អស់​មួយ​ទំហឹង​បណ្តាល​ឲ្យ​គោ​យន្ត​ធ្លាក់​ពីលើ​ថ្នល់  ឯ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ និង​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់ ហើយម៉ូតូ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​។

​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​ដោយ​សារ​គោ​យន្ត​គ្មាន​ចំណាំង​បំភ្លឺ​ក្រោយ​ជា​សញ្ញា និង​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​៕