ចៅអធិការ​វត្ត​រោង​គោ​ខេត្ត​សៀមរាប​ចាប់រំលោភ​កូន​នេន​១០​អង្គ​តាម​រន្ធ​គូទ

ខេត្តសៀមរាប ៖ ចៅអធិការ​វត្ត​រតនៈ​ម​នី​រោង​គោ ដែល​ចាប់​លោក​នេន​ចំនួន​១០​អង្គ​រំលោភ​តាម​រន្ធ​គូទ​ម្តងម្នាក់​ៗ​អស់​រយៈពេល​ជា​យូរ​ខែ​មក​ហើយ ដោយ​ឱ្យ​លុយ​ពី​៣​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល និង​គម្រាម​មិន​ឱ្យ​និយាយ​ប្រាប់​គេឯង ប៉ុន្តែ​ត្រូវ​បាន​បែកធ្លាយ​ដោយសារ​កូន​នេន​១​អង្គ ដែល​ទើបតែ​បួស​បាន​ទៅ​ប្រាប់​ញោមប្រុស​ញោមស្រី រហូត​ប្តឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ចាប់​ផ្សឹក​លោក​ចៅអធិការ​វត្ត​ល្មោភកាម​នោះ ។ ករណី​ចុះ​ចាប់​ចៅអធិការ​វត្ត​ផ្សឹក​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​រោង​គោ ភូមិ​រោង​គោ ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

លោកស្រី​វរសេនីយ៍ទោ ដួង ថាវ​រី នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តសៀមរាប​ បានឱ្យ​ដឹង​ថា ដោយ​មានការ​សហការ​ជាមួយ​អង្គភាព​ការពារ​កុមារ​(CPU) និង​សមត្ថកិច្ច​នគរបាល​​ស្រុក​ក្រឡាញ់ ព្រមទាំង​មាន​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​លោក​នេន​ទាំង​១០​អង្គ​ផង​នោះ ទើប​កម្លាំង​ជំនាញ​ចុះ​អនុវត្ត​តាម​មាត្រា​៣៤ នៃ​ក្រមព្រហ្មទណ្ឌ ស្តី​អំពី ទិញ​បេ​ស្យា​ចារ មានទោស​ពី​៥​ទៅ​១០​ឆ្នាំ ដែល​បាន​ប្រព្រឹត្តិ​មក​លើ​លោក​នេន ។ លោកស្រី​បន្ត​ថា ដោយ​មានការ​រាយការណ៍​ពី​លោក​នេន​១​អង្គ​ដែល​ទើបតែ​បួស​បាន​៧​ថ្ងៃ​ ត្រូវ​អតីត​ចៅអធិការ​ឈ្មោះ វង្ស ចែត ​ចាប់រំលោភ​តាម​រន្ធ​គូទ ដោយ​គម្រាម​មិន​ឲ្យ​ប្រាប់​អ្នក​ណា​ទាំងអស់ ប៉ុន្តែ​ត្រូវ​លោក​នេន​អង្គ​នោះ​លួច​ប្រាប់​ញោមប្រុស​ញោមស្រី រហូត​ឈាន​ដល់​ការ​ប្ដឹង​សមត្ថកិច្ច ហើយ​សមត្ថ​កិច្ចក៏​បាន​សហការ​ជាមួយ​ព្រះ​អនុគណ​ស្រុក​ក្រឡាញ់ ចាប់ខ្លួន​លោក​ចៅអធិការ​វត្ត​នោះ​ផ្សឹក​ទាំង​យប់ រួច​បញ្ជូន​មក​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ ដើម្បី​ធ្វើការ​សាក​សួរ​តែ​ម្តង ។

លោកស្រី​វរសេនីយ៍ទោ ដួង ថាវ​រី បាន​ឲ្យដឹង​ទៀត​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៩ វិច្ឆិកា កម្លាំង​ជំនាញ​បាន​ចុះ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ ដើម្បី​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័យ​នៅ​ក្នុង​វត្ត​រតនៈ​ម​នី​រោង​គោ ដើម្បី​ឱ្យ​កូន​នេន​ទាំង​​១០​អង្គ​បង្ហាញ​ទីតាំងដែល​អតីត​ចៅអធិការ​វត្ត​រំលោភ ។ លោកស្រី​បាន​បញ្ជាក់​ថា ជនសង្ស័យ​(​អតីត​ចៅអធិការ​វត្ត​)​មានឈ្មោះ វង្ស ចែត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានស្រុក​កំណើត ភូមិ​គោក​ត្រុំ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ក្រោយ​ពេលធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​ទៅ​លើ​លោក​នេន​ចំនួន​១០​អង្គ​ដូច​ការ​ចោទប្រកាន់​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នាំ​យក​មក​សួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់ ។ ចំណែក​លោក​នេន​ទាំង​១០​អង្គ​ត្រូវ​បាន​ខាង​អង្គភាព​ការពារ​កុមារ​នាំ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប និង​ជួយ​ជ្រោមជ្រែង​លោក​នេន​ទាំងនោះ​រហូត​ដល់​ឡើង​ទៅ​តុលាការ​ព្រមទាំង​ផ្តល់​សម្ភារៈ​ប្រើប្រាស់ និង​ថវិការ​មួយ​ចំនួន​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​រួម​ភេទ​រវាង​អតីត​ចៅអធិការ​វត្ត​ជាមួយ​លោក​នេន​ទាំង​១០​អង្គ​នោះ​ត្រូវ​បាន​ខាង​អតីត​ចៅអធិការ​វត្ត​រតនៈ​ម​នី​រោង​គោ ហៅ​វត្ត​រោង​គោ ហៅ​ទៅ​រំលោភ​ម្តង​ៗ​បានឱ្យ​លុយ​ក្នុង​១​អង្គ​ៗ​ចំនួន​ពី​៣​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល ដើម្បី​បំបិទមាត់​កុំឱ្យ​លោក​នេន​ទាំងនោះ​ទៅ​ដើរ​ប្រាប់​អ្នក​ដទៃ ឬ​ប្រាប់​ញោម​ខ្លួន ប៉ុន្តែ​អកុសល​ត្រូវ​បាន​ជាប់​ខ្នោះ​ដោយសារ​តែ​លោក​នេន​ដ​ដែរ ដូច​ពាក្យចាស់​ពោល​ថា ដំរី​ងាប់​មិន​អាច​យក​ចង្អេរ​ទៅ​បិទ​បាំង​បាន​ជិត​នោះ​ទេ ៕