សមត្ថកិច្ច​បង្ហើប​ថា មាន​ពន្លឺ​ហើយពី​ខ្មាន់កាំភ្លើង បាញ់​សម្លាប់​មន្ត្រី​ព្រៃឈើ​និង​នគរបាល​នៅ​កណ្តាល​ទ្រូងព្រៃ

សមត្ថកិច្ច​បង្ហើប​ថា មាន​ពន្លឺ​ហើយពី​ខ្មាន់កាំភ្លើង បាញ់​សម្លាប់​មន្ត្រី​ព្រៃឈើ​និង​នគរបាល​នៅ​កណ្តាល​ទ្រូងព្រៃ

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​មេបញ្ជាការ​នគរបាល​ប្រចាំ​យោធភូមិ​ភាគ​ទី​៤ និង​ទី​៥ លោក នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ បាន​តាំងចិត្ត​ថា លោក​មិន​អត់ឱន​ឱ្យ​ជនប្រដាប់អាវុធ​មួយ​ក្រុម ដែល​បាញ់ប្រហារ​សម្លាប់​ក្រុម​ល្បាត​ការពារ​ព្រៃ​អភិរក្ស​បានជា​ដាច់ខាត ។

ការ​ព្រមាន​ដ៏​ម៉ឺន​ម៉ាត់​នេះ ធ្វើ​ទ្បើ​ង​នៅ​ក្រោយ​ពេល​តែ​មួយ​ថ្ងៃ បន្ទាប់​ពី​ជនប្រដាប់អាវុធ​មួយ​ក្រុម បាន​លប​លួច​បាញ់ ប្រហារ​ទៅ​លើ​មន្ត្រី​ល្បាត​ការពារ​ព្រៃ​អភិរក្ស នៅ​ក្នុងភូមិ​សាស្ត្រ​អូរ​បាក់​.​ក ភូមិ​របុញ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្ត ព្រះវិហារ បណ្តាល​ឱ្យ​នគរបាល​ម្នាក់ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​ស្លាប់ ព្រមទាំង​នគរបាល​ការពារ​ព្រំដែន​ម្នាក់​ផ្សេង​រង​របួស កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ វិច្ឆិកា ។

នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ឱ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​បាញ់​សម្លាប់​មន្ត្រីរាជការ​ប្រហែល​១០​ម៉ោង​ក្រោយមក គឺ​កម្លាំង​ព្រហ្មទណ្ឌ​បាន​ចុះ​ទៅ​ស៊ើបអង្កេត​ករណី​នេះ​ដល់​កន្លែង​កើតហេតុ ព្រមទាំង​យក​សព​ជន​រង​គ្រោះ​ចេញពី​ក្នុង​ព្រៃ ។

ស្នងការ​រង​នគរបាល​ខេត្តព្រះវិហារ លោក កែវ ចំរើន មាន​ប្រសាសន៍​ថា ចាប់​តាំង​តែ​ពី​រសៀល​ថ្ងៃ​ទី​៧ វិច្ឆិកា រហូត​មក​ដល់​ពេល​នេះ កម្លាំង​ជំនាញ​របស់​ប៉ូលិស​កំពុង​ស៊ើបអង្កេត និង​កំណត់​រកមុខ​សញ្ញា​ជន​ដៃដល់ ។ ទោះ​យ៉ាង ណា មន្ត្រី​ប៉ូលិស​ដដែល​មិន​ហ៊ាន​បង្ហើប​ចំពោះ​តម្រុយ​នៃ​ការ​សង្ស័យ​ទៅ​លើ​ជន​ណាមួយ​ទេ ដោយ​គ្រាន់តែ​លោក​បដិសេធ​ថា អំពើ​បាញ់​សម្លាប់​នោះ គឺ​ពិតជា​មិន​ទាក់ទង​នឹង​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​ទ្បើ​យ ព្រោះ​សម្ភារ​របស់​ជន​រង​គ្រោះ​នៅ​ទាំងអស់ គឺ​ទាំង​លុយកាក់ ទាំង​ម៉ាស៊ីន​ថត​រូ​ួ​ប និង​ទូរស័ព្ទ​ជាដើម ។

ប្រភព​ពី​ក្រុម​បណ្តាញ​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​ត្បែងមានជ័យ ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ដែល​ក្រុម​ជន ប្រដាប់អាវុធ លួច​បាញ់​រះ​សម្លាប់​នគរបាល និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នោះ គេ​ឮ​ថា កម្លាំង​ល្បាត​ការពារ​ព្រៃ​អភិរក្ស បាន​ចាប់​យក​ម៉ាស៊ីន​កាត់ឈើ​ពី​ក្រុម​អ្នក​កាប់​ឈើ លុះដល់​ពេល​យប់ កង​ល្បាត​ការពារ​ព្រៃ​អភិរក្ស​ទាំងនោះ បាន​បោះ​តង់​សម្រាក​នៅ​ក្នុង​ព្រៃ ហើយ​ក៏​មាន​ជនប្រដាប់អាវុធ​មួយ​ក្រុម​លប​លួច​បាញ់ប្រហារ​តែ​ម្តង ។

នៅ​កន្លែង​កើតហេតុ​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​សម្បក​គ្រាប់កាំភ្លើង​ដៃ​ធុន​អាកា​៤៧ ជា​ច្រើន​គ្រាប់ ដែល​ជន ប្រដាប់អាវុធ​ឈរ​បាញ់ប្រហារ​លើ​កង​ល្បាត​ការពារ​ព្រៃ​អភិរក្ស ។ការ​ស្រាវជ្រាវ​បាន​អះអាង​ថា រក​ឃើញ​ពន្លឺ​ហើយ ពាក់ព័ន្ធ​នឹង​ការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជន​ដៃដល់​បាញ់​សម្លាប់​មន្ត្រី​បង្ក្រាប​បទល្មើស​ព្រៃឈើ​២​រូប ស្ថិត​នៅ​ក្នុង​ព្រៃ​ការពារ​ព្រះ​វិហារ ចំណុច​អូរ​បាក់​ក ភូមិ​របុញ ឃុំ​រម​កត ស្រុក​ជាំ​ក្សាន្ត​កន្លង​ទៅ ត្រូវ​បាន​មន្ត្រី​ដែល​កំពុង​ស្រាវជ្រាវ​យ៉ាង​ក្តៅ​គគុក​នោះ​ប្រាប់​ថា មាន​ពន្លឺ​ហើយ​។

តាម​ប្រភព​ព័ត៌មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​អ្នក​សារព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ វិច្ឆិកា ថា ជុំវិញ​ការ​កំណត់​មុខសញ្ញា​ស្វែងរក​ជន​ដៃដល់​មក​ដល់​ពេល​នេះ សមត្ថកិច្ច​មាន​ពន្លឺ​នឹង​កំណត់​មុខសញ្ញា​ជន​ដៃដល់​បាន​ហើយ ។ ចំណែក​ព័ត៌មាន​បន្ថែម​ទៀត សមត្ថកិច្ច​បាន​សន្យា​ផ្តល់​ឱ្យ​អ្នក​សារព័ត៌មាន​ពេល​ក្រោយ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​រំលង​អធ្រាត្រ​ចន្លោះ​ពី​ម៉ោង​១​ទៅ​ម៉ោង​២​ឈាន​ចូល​ថ្ងៃ​ទី​៧ វិច្ឆិកា​កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ក្រុម​ជន​មិន​ស្គាល់​មុខ បាន​លួច​ឆ្មក់​បាញ់ប្រហារ​មក​លើ​ក្រុម​ល្បាត​ក្នុង​តំបន់​ការពារ​ព្រះ​វិហារ នៅ​លើ​ចំណុច​អូរ​បាក់​ក ដែល​បណ្តាល​ឱ្យ​ក្រុម​ល្បាត ដែល​មាន​គ្នា​ចំនួន​៤​នាក់ ស្លាប់​២​នាក់ រួច​ផុត​ពី​ការ​បាញ់ប្រហារ​២​នាក់ ក្នុង​នោះ​ម្នាក់​រង​របួស​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ដែល​បានឱ្យ​ដឹង​ពី​ពលបាលទោ ថេ​ត សោភ័ណ មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​១០៥ ដែល​រង​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​១៦​មក​រា​ខេត្ត បានឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា​ថា ព្រឹត្តិការណ៍​បាញ់ប្រហារ​នេះ បាន​កើត​ទ្បើ​ង​ក្រោយ​ពេល​ដែល​ក្រុម​ល្បាត​របស់​លោក​បាន​ជួប​ជនល្មើស​២​ក្រុម ធ្វើ​សកម្មភាព​អារឈើ​ក្នុង​ព្រៃ​នៅ​ចំណុច​អូរ​បាក់​ក​នោះ ហើយ​រឹបអូស​បាន​ម៉ាស៊ីន​កាត់​ត្រង់​សឺ​ន័​រ​ជា​ច្រើន​គ្រឿង រួម​ទាំង​អាវុធ​កែ​ច្នៃ​២​ដើម​ផង​ដែរ ។

មន្ត្រី​នគរបាល​រូប​នេះ បាន​បន្ត​ឱ្យ​ដឹង​ថា ដោយសារ​តែ​ពេល​យប់​ឈាន​មក​ដល់ ក្រុម​របស់​លោក​ក៏​បាន​បោះ​តង់​សម្រាក​នៅ​កណ្តាល​ព្រៃ លុះដល់​វេលា​រំលង​អធ្រាត្រ ក៏​មាន​ហេតុការណ៍​នេះ​កើត​ទ្បើ​ង​តែ​ម្តង ។ នាយ​ឧត្តមសេ នីយ៍ ខេ​ង សុមេធ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ទី​៤ និង​ទិស​ទី​៥ នា​រសៀល​ថ្ងៃ​ទី​៨ វិច្ឆិកា បាន​ដឹកនាំ​ប្រតិភូ​មន្ត្រី​នគរបាល​ជាតិ​ប្រចាំ​ទិស​ទី​៤ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ បំពាក់​កម្រងផ្កា និង​បំពាក់​ឋានន្តរស័ក្តិ​ជា​កិច្ច​ប​ច្ឆា​មរណៈ​ជូន​ដល់​សព​ពលបាលឯក សាង យស នាយ​រង​ផ្នែក​សន្តិសុខ​នៃ​អធិការ ដ្ឋាន​ស្រុក​ឆែប ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​ហេតុការណ៍នោះ ។ សព​អនុសេនីយ៍ត្រី សង យស ត្រូវ​បាន​ក្រុម​គ្រួសារ​និង​មានការ​ជ្រោមជ្រែង​ពី​គណៈ​បញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ រៀបចំ​ពិធីបុណ្យ​ទក្ខិណានុប្បទាន នៅ​ទីរួមស្រុក​ឆែប ខេត្តព្រះវិហារ​តែ​ម្តង ព្រមទាំង​សព​លោក សៀង ណា​រ៉ុ​ង មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​ជា​ប្រធាន​ក្រុម​ល្បាត ។

នៅ​ក្នុង​ដំណើរ​ចូលរួម​កាន់​មរណទុក្ខ​នេះ ក្នុង​នាម​តំណាង​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍​ខេ​ង សុមេធ បាន​នាំ​យក​ថវិកា​ជូន​ដល់​សព​អនុសេនីយ៍ត្រី សាង យស ៤​លាន​រៀល ជួយ​រំលែក​ទុក្ខ​នូវ​ការ​ខ្វះខាត​ដល់​គ្រួសារ​សព និង​ភ្ជាប់​ជាមួយ​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​៤​លាន​រៀល​បន្ថែម​ទៀត និង​មាន​អំណោយ​ជា​ស្បៀងអាហារ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ជាមួយនឹង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ គេ​ឃើញ​មាន​វត្តមាន​ប្រតិភូ​នៃ​អង្គការ​អភិរក្ស​ព្រៃឈើ​ព្រះ​វិហារ (WCS) បាន​ចូលរួម​កាន់​មរណទុក្ខ និង​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ផង​ដែរ ចំពោះ​ព្រឹត្តិការណ៍​ដ៏​អាក្រក់​នេះ​បាន​កើត​ទ្បើ​ង បណ្តាល​ឱ្យ​មន្ត្រី​នគរបាល​មូលដ្ឋាន​មួយ​រូប និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់ ត្រូវ​បាន​ពលី​ជីវិត ។

ការ​សម្តែង​នូវ​ការ​សោកស្តាយ​នេះ គឺ​បាន​បង្ហាញ​ទ្បើ​ង​ក្នុង​ជំនួប​ជាមួយ​នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ ក្រោយ​ពី​ការ​គោរព​វិញ្ញាណក្ខន្ធ​នោះ ។ អង្គការ WCS គឺជា​ដៃគូ​វិនិយោគ​ទ្រទ្រង់​លើ​សកម្មភាព​ការពារ​ធនធាន​ព្រៃឈើ និង​សត្វព្រៃ នៅ​ក្នុង​តំបន់​កើតហេតុ​នោះ ។ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​រូប ដែល​ជូន​ដំណើរ​ប្រតិភូ WCS បានឱ្យ​ដឹង​ថា វត្តមាន​អ្នកគ្រប់គ្រង​អង្គការ​មាន​២​រូប ជា​ជនជាតិ​ឥណ្ឌា​១​រូប និង​ជនជាតិ​អង់គ្លេស​១​រូប ។ ពួក​គេ​ពិតជា​សោកស្តាយ​ខ្លាំង​ចំពោះ​ការ​បាត់បង់​កម្លាំង​អន្តរាគមន៍​ដ៏​សកម្ម ហើយ​ពួក​គាត់​បាន​ចាត់​ទុក​ថា ជន​លួច​បាញ់ប្រហារ​នេះ មិន​ត្រឹម តែ​ជា​ជន​បំផ្លិចបំផ្លាញ​ធនធាន​ព្រៃឈើ​របស់​ជាតិ​ប៉ុណ្ណោះ​ទេ តែ​ជា​ជន​ដ៏​ព្រៃផ្សៃ​បំផុត ដែល​មិន​អាច​លើកលែងទោស​បាន ។

នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ មាន​ប្រសាសន៍​ថា លោក​បាន​ចាត់​បញ្ជា​ភ្លាម​ៗ​រួច​ហើយ បើ​ទោះជា​ការ​ស៊ើបអង្កេត​ស្ថិត​ក្នុង​ទ្រង់ទ្រាយ ឬ​រូបភាព​ណា​ក៏​ដោយ ត្រូវ​តែ​ចាប់​ឧក្រិដ្ឋជន​នោះ​ឱ្យ​បាន យក​មក​ផ្តន្ទាទោស​មិន​អាច​ឱ្យ​រួចខ្លួន​បាន​ទ្បើ​យ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នេះ ស្លាប់​២​និង​របួស​១ គឺ​លោក សៀង ណា​រ៉ុ​ង អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​ជា​ប្រធាន​ក្រុម​ល្បាត (​ស្លាប់​) និង​ពលបាលឯក សាង យស អាយុ​៣២​ឆ្នាំ នាយ​រង​ផ្នែក​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆែប (​ស្លាប់​) ពលបាលទោ ថេ​ត សោភ័ណ អង្គភាព​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​១០៥ រង​របួស និង​អ្នក​គេច​ផុត​ពី​ការ​បាញ់ប្រហារ គឺ​ពលបាលទោ ភឹ​ម ចាន់​ដា អង្គភាព​វរ​សេនា​តូច​លេខ​៣៩៥ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៩ ៕