ពី​​អ្នក​វាយ​កូន​គោល ក្លាយ​ជា​អ្នក​ប្រដាល់​ល្បី​នៅ​ MMA

ពី​​អ្នក​វាយ​កូន​គោល ក្លាយ​ជា​អ្នក​ប្រដាល់​ល្បី​នៅ​ MMA

AMIR Khan ​គឺជា​អ្នក​ប្រដាល់​ក្បាច់គុន​ចម្រុះ​​ដ៏​ជោគជ័យ​បំផុត​មួយ​របស់​ប្រទេស​សិង្ហបុរី បន្ទាប់​ពី​រូប​គេ​ឡើង​​វ៉ៃ​៤​ដង​នៅ​ ONE Championship ឈ្នះ​៣​ដង ​និង​បាន​ក្លាយ​ខ្លួន​ជា​អ្នក​ប្រដាល់​មួយ​រូប​ ដែល​មាន​ប្រជាប្រិយភាព​បំផុត​ពី​សំណាក់​អ្នកគាំទ្រ។

 

ពី​​អ្នក​វាយ​កូន​គោល ក្លាយ​ជា​អ្នក​ប្រដាល់​ល្បី​នៅ​ MMA

AMIR Khan (ឆ្វេង, ខោខ្មៅ)

 

អ្នក​ប្រដាល់​វ័យ​ក្មេង​ Khan ​​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ជា​អ្នក​ប្រដាល់​អាជីព​លើក​ដំបូង​បង្អស់​នៅ​​​ប្រទេស​ថៃ ជា​អ្នក​ប្រដាល់​ស៊េរី Muay Thai តាំង​ពី​វ័យ​១៤ និង​បាន​​ឡើង​វ៉ៃ​នៅ​ MMA ត្រឹម​រយៈពេល​តែ​២​ទៅ​៣​សប្ដាហ៍​ប៉ុណ្ណោះ ​បន្ទាប់​ពី​រូប​គេ​​ខួប​កំណើត​១៨​ឆ្នាំ។

 

ប៉ុន្តែ​អ្វី​ដែល​គ្រប់​គ្នា​មិន​ដឹង​ពី​ Khan នោះ​​គឺ​អ្នកប្រដាល់​វ័យ​២០​ឆ្នាំ​រូប​នេះ​ដំបូង​ឡើយ មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​​វាយ​កូន​គោល​ទេ ព្រោះ​តែ​ឪពុក​របស់​គេ​គឺជា​គ្រូ​បង្ហាត់​ផ្នែក​វាយ​កូន​គោល​ស្រាប់​ផង។

 

“ដោយសារ​តែ​ឪពុក​របស់​ខ្ញុំ គឺជា​គ្រូ​បង្ហាត់​ផ្នែក​វាយ​កូន​គោល ខ្ញុំ​តែង​តែ​ទៅ​ចូល​រួម​ជាមួយ​គាត់ ដើម្បី​លេង​វាយ​កូន​គោល និង​មើល​ការ​ប្រកួត។ ខ្ញុំ​ចាប់​ផ្ដើម​លេង​កូន​គោល តាំង​ពី​ខ្ញុំ​នៅ​រៀន​ថ្នាក់​បឋម រហូត​ដល់​វ័យ​១២​ឆ្នាំ។ ខ្ញុំ​ចូល​ចិត្ត​មើល​ Tiger Woods ​លេង និង​ចង់​ធ្វើ​ឲ្យ​បាន​ដូច​គាត់”។ Khan បាន​​លើក​ឡើង។

 

​កីឡាករ​រូប​នេះ បន្ថែម​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នឹង​​អាច​ក្លាយ​ជា​​កីឡាករ​វាយ​កូន​គោល​អាជីព​ម្នាក់ ប៉ុន្តែ​បេះ​ដូង​របស់​ខ្ញុំ តែង​តែ​ស្រលាញ់​វិស័យ​ប្រដាល់។ ​ខ្ញុំ​មាន​អារម្មណ៍​ពេញ​ចិត្ត​ជាង ​ពេល​ខ្ញុំ​នៅ​ក្នុង​ទ្រុង​ ​ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​​ធ្វើ​តាម​បេះដូង​របស់​ខ្ញុំ និង​ធ្វើ​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​បំផុត”។

 

​ប្រកួត​បន្ទាប់​របស់​ Khan នឹង​ត្រូវ​ប៉ះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ហ្វីលីពីន​ Jimmy Yabo ​ក្នុង​កម្មវិធី ONE: PRIDE OF LIONS ​ប្រភេទ​ទម្ងន់​ Featherweight (ចន្លោះ​ពី​៦០​ទៅ​៦៦​គីឡូក្រាម) ​នៅ​សង្វៀន​ Singapore Indoor នា​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ហើយ​ក៏​ជា​ប្រកួត​មួយ ដើម្បី​ស្វែង​រក​ជ័យ​ជម្នះ​លើក​ទី​៤​របស់​គេ នៅ​មុខ​អ្នកគាំទ្រ​ប្រមាណ​១២០០០​នាក់​ផង​ដែរ៕

 

-ចុចអាន៖ ជើង​ខ្លាំង​​កម្ពុជា៣​រូប ត្រៀម​វាយ​ក្នុង​ទ្រុង​ជាមួយ​បរទេស​ One: Kingdom of Khmer

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ shanghaidaily​​