​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ កន្លែង​ផ្សេងគ្នា តែ​ករណី​តែមួយ​

រតនគិរី: កម្លាំង​សមត្ថកិច្ច បាន​បង្ក្រាប និង​ចាប់ខ្លួន ជនសង្ស័យ​២​នាក់ កន្លែង​ផ្សេងគ្នា ពីបទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿ​ញៀន ដោយ​ខុសច្បាប់ នៅវេលា​ម៉ោង ៦​ល្ងាច  ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥  ស្ថិតក្នុង​សង្កាត់​យក្ស​ឡោម និង​មួយ​ករណី​ទៀត នៅ​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ។​

​លោក តេង សាវុធ អធិការរង នគ​បាល​ក្រុង​បាន​លុង បាន​ឲ្យ​ដឹងថា ករណី​ចុះបង្ក្រាប​គ្រឿងញៀន​នេះ បាន​ដឹកនាំ​ដោយ​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី សហកា​ជាមួយ​នគរបាល ប៉ុស្តិ៍​យក្ស​ឡោម និង​នគរបាល​ប៉ុស្តិ៍​ឡា​បាន​សៀក បាន​បង្ក្រាប​ជនសង្ស័យ ចំនួន​ពីរ​នាក់ ១.​ឈ្មោះ មឿង ចាន់​គា (​ហៅ ខ្មៅ​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង រឹបអូស​បាន​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៥​កញ្ចប់​ធំ បាន​ឃាត់ខ្លួន នៅ​ភូមិគ្រឹះ​ធី​សុខា ស្ថិតនៅ​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង​។ ២. ឈ្មោះ ផាន ខឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង បាន​ឃាត់ខ្លួន នៅមុខ​ក្លឹប​ខារ៉ាអូខេ ដាន​វើ​ល ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ។​

​ក្នុងករណី​បង្ក្រាប​នេះដែរ សមត្ថកិច្ច ក៏បាន​ផ្ទុះអាវុធ​ចំនួន​៣ គ្រាប់​ផងដែរ នៅមុខ​ក្លឹប​ខារ៉ាអូខេ ដាន​វើ​ល​។​

​លោក​អធិការរង បាន​បន្តថា នៅពេលនេះ ជនសង្ស័យ​ទាំង​២​ខាងលើ ព្រមទាំង​វត្ថុតាង បាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ តាម​នីតិវិធី​៕V/S

​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ កន្លែង​ផ្សេងគ្នា តែ​ករណី​តែមួយ​