​ការវាយប្រហារ​ថ្មី​តាម​អាកាស​របស់​រុស្ស៊ី​នៅ​ស៊ី​រី​ចំ​គោលដៅ​ជាង​៤០០​កន្លែង​

​រុស្ស៊ី​៖​យោងតាម​របាយការណ៍​របស់​ក្រសួងការពារជាតិ​រប​ស់​ប្រទេស​រុស្ស៊ី​បាន​ឲ្យ​ដឹងថា កងកម្លាំង​អាកាស​របស់​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ជាថ្មី​ក្នុងប្រទេស​ស៊ី​រី​ចំនួន​១៣៧​ជើង​ក្នុង​រយៈពេល​បី​ថ្ងៃ​ចុង​ក្រោយនេះ ដោយបាន​វាយប្រហារ​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន​៤៤៨​ដែលជា​កម្មសិទ្ធិ​របស់​ក្រុម​រដ្ឋ​ឥស្លាម និង​ក្រុម​ភេរវ​ករ​ផ្សេងទៀត​នៅក្នុង​ប្រទេស​នេះ​។  

​    ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក Igor Konashenkov បាន​ឲ្យ​ដឹងថា “​ក្នុង​រយៈពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ យន្តហោះ​របស់​រុស្ស៊ី​បាន​វាយប្រហារ​ចំ​គោលដៅ​នៅក្នុង​ខេត្ត Aleppo, Damascus, Idlib, Latakia, Raqqa, Hama និង Homs”​។ នៅក្នុង​ខេត្ត Latakia យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​បាន​វាយប្រហារ​ទីតាំង​កាំភ្លើងត្បាល់​មួយ​របស់​ក្រុម​ភេរវកម្ម Jabhat al-Nusra​។​

​     ទីតាំង​របស់​ក្រុម Jabhat al-Nusra ជាច្រើន​ទៀត​ត្រូវបាន​កំណត់​គោលដៅ​នៅក្នុង​ខេត្ត Hama ដែលជា​កន្លែង​ហាង​ជួសជុល​រថពាសដែករ​បស់​ក្រុម​ភេរវ​ករ​នេះ​នៅ​ខាងក្នុង​ត្រូវបាន​បំផ្លាញ​។ នៅ Idlib យន្តហោះ​យោធា​របស់​រុស្ស៊ី​បាន​វាយប្រហារ​មណ្ឌល​បញ្ជាកា​រ​ដ៏​សំខាន់​មួយ​របស់​ក្រុម Jabhat al-Nusra ដែល​បាន​សម្របសម្រួល​សកម្ម​ភាព​របស់​ក្រុម​ភេរវ​ករទាំង​នៅក្នុង​ខេត្ត Idlib និង Aleppo ។ លោក Konashenkov បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​យន្តហោះ​គ្មាន​មនុស្ស​បើក​បាន​ហោះ​ឈ្លបយកការណ៍ យន្តហោះ​ចម្បាំង Su-24 បាន​បើក​ការវាយប្រហារ​លើ​ទីតាំង​ជាមួយនឹង​គ្រាប់បែក KAb-500​។ 

​    ​គួរ​បញ្ជាក់ថា រុស្ស៊ី​បានចាប់ផ្តើម​ធ្វើការ​វាយប្រហា​រ​តាម​អាកាស​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម និង​ក្រុម​ភេរវកម្ម​ផ្សេងទៀត នៅក្នុង​ប្រទេស​ស៊ី​រី​កាលពី​ចុងខែ​កញ្ញា​បន្ទាប់ពី​មាន​សំណើ​ពី​លោក​ប្រធានាធិបតី បា​សា អាល់​អាសាត​៕ 

​ការវាយប្រហារ​ថ្មី​តាម​អាកាស​របស់​រុស្ស៊ី​នៅ​ស៊ី​រី​ចំ​គោលដៅ​ជាង​៤០០​កន្លែង​